ខេត្តស្វាយរៀង ៖ មន្ត្រី​​សមត្ថកិច្ច​​ក្រុង​បាវិត​​​បាន​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​​២៦ ធ្នូ ថា ពេល​នេះ​​ការស្រាវជ្រាវ​​ជុំវិញ​​ការ​សម្លាប់​​ស្ត្រីម្នាក់​​​ច្រក​ការុង​​​នៅមិនទាន់អា​ចកំណត់​បាន ទេ តែជា​ការ​​ពិត​ណាស់​ ការ​​ប្រទះ​ឃើញ​សព​ច្រក​ការុង​នេះ​មានន័យ​​ថា ស្ត្រី​​រូបនេះ​​ត្រូវបាន​គេ​សម្លាប់​​ពី​កន្លែង​​​ផ្សេង ហើយ​​​យកមក​​​ពន្លិច​​​ក្នុងស្រះទឹក ។ ​មន្ត្រី​ដដែលនិយាយ​ថា ​​មិនមែន​តែ​សមត្ថ​កិច្ច​​​កម្ពុជាទេ ដែលបើក​ការ​ស៊ើបអង្កេត តែ​ខាង​​វៀត​ណាម​​ក៏​បាន​​ធ្វើការ​ស៊ើបអង្កេត​​ដែរ ព្រោះ​សព​ស្ត្រី​​នេះទំនងជា​​ជាតិ​វៀតណាម ហើយស្រះ​​​ទឹក​​នេះ​ស្ថិត​ក្នុង​ចំងាយប្រមាណ​២០០ម៉ែត្រ​​ពី​បន្ទាត់​ព្រំដែន​​ប៉ុណ្ណោះ ។​
គួររំលឹក​ថា ហេតុការណ៍​មួយបាន​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពេញក្រុង​បាវិត ដោយ​ស្ត្រី​​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ​​ត្រូវគេ​សំលាប់​ញាត់​​ចូល​ការុង​​ទំលាក់ក្នុងទឹក ​មិនដឹង​តាំង​ពី​ពេល​ណា​​ទេ រហូត​សព​ហើម​​ស្អុយ​រលួយ ទើប​ក្រុម​​អ្នកស្ទូច​​ត្រី​ប្រទះឃើញ​​ហើយ​ប្តឹង​​សមត្ថ​កិច្ច។ ហេតុការណ៍​​នេះបានកើតឡើង​​កាលពីថ្ងៃទី​​២៤ ធ្នូ ​វេលា​ម៉ោង​​​៥​​និង​៣០នាទី​ល្ងាច ​នៅ​​ស្រះទឹក​មួួយ​ស្ថិត​ក្នុង​ភូមិ​​បា​វិត​​កណ្តាល សង្កាត់​​បាវិត ក្រុង​បាវិត ។ សព​ស្ត្រី​​មិន​ស្គាល់​​អត្តសញ្ញាណ​ម្នាក់នេះ​ត្រូវ​បាន​ជនមិន​ស្គាល់​​​មុខ​សំលាប់ញាត់​ចូល​ការុង​ពណ៌​​ស ចំនួន​​ពីរ​ជាន់ ​ដោយប្រើ​​ខ្សែគោ​​​ និងខ្សែ​​លួស​ចង​រុំ​​​សព​​ផ្អោប​នឹង​ដុំ​ថ្ម​​រួច​យក​​មក​ទំលាក់​ក្នុង​ស្រះទឹក ​ត្រង់​​ចំណុច​ខាងលើ​ ។​ សព​ស្ត្រី​​រងគ្រោះ​​មានកំពស់​ប្រហែល​​១,៥៥​ម៉ែត្រ ​សម្បុរ​ស ស្លៀក​​ខោ​ខូវប៊យជើងខ្លី ​ត្រឹម​ជង្គង់​​ ពណ៌ទឹកប៊ិច ​ដង​ខ្លួន​ខាងលើ​ពាក់​តែ​អាវ​ទ្រនាប់​​ពណ៌​ខ្មៅ ​មិន​​មាន​អាវក្រៅ ​លាប​សក់​ហាយ​ឡាយ មាន​អាយុ​ប្រហែល​​ពី​២០ទៅ​​២៥​ឆ្នាំ ​​និង​មានស្នាមជាំ​នៅ​លើ​​សៀត​ផ្កា​ខាង​ស្តាំ ដែល​គេ​សង្ស័យ​​ថា ជា​ស្នាម​​ដែលត្រូវ​ឃា​តក​​វាយ​សំលាប់ ។
មន្ត្រី​​សមត្ថ​កិច្ច​​បាន​ឱ្យ​​ដឹង​ថា សព​មាន​សភាព​​​​​ហើម​ស្អុយ​​រលួយ​ទៅហើយ ​ដែលទំនង​ជា​​ត្រូវ​ឃាតក​​​សំលាប់​នៅកន្លែង​ណាមួយ និង​​​យក​មក​ទំលាក់​ក្នុងទឹកស្រះនេះ ​រយៈ​ពេល​​១សប្តាហ៍​​មកហើយ ទើបសព​អណ្តែត​ឡើង​ហើយ​ត្រូវ​ក្រុមអ្ន​កស្ទូច​ត្រី​​​ប្រទះឃើញ ។ ហេតុ​ការណ៍​​ប្រទះឃើញ​សព​ស្ត្រី​​​គេ​សំលាប់ញាត់​ចូល​​​ការុង​ទំលាក់ក្នុងទឹកស្រះ​នេះបានធ្វើ​ឱ្យ​​មានការ ​ភ្ញាក់​ផ្អើល​​​ពេញក្រុង​​បាវិត ព្រោះមិន​ធ្លាប់ជួប​ប្រទះ​​ ហើយ​មនុស្ស​​​ម្នា​រាប់​រយនាក់​​បានទៅ​ចោម​រោម​​​មើល ប៉ុន្តែ​​ពុំ​មាននរណាម្នាក់​​ស្គាល់​អត្ត​សញ្ញាណ​​​សព​​នេះ​ឡើយ ព្រោះ​មាន​​​សភាព​​ហើម​ស្អុយ​​រលួយអស់ទៅហើយ ។ បើ​តាម​ការសន្និដ្ឋាន​​ក្រៅ​ផ្លូវការ​​ជាច្រើន​​​បាន​និយាយ​​ដូចគ្នា​ថា ​សព​​នេះ​ជាជនជាតិវៀត​ណាម ដែលចូលមក​ធ្វើការ​នៅកាស៊ីណូ​​ណាមួយ​ក្នុង​​ក្រុង​បាវិត ឯ​​មូលហេតុនៃការ​​ស្លាប់​គឺ​ត្រូវ​ក្រុមឃាត​ករំលោភ​​ ហើយខ្លាច​​​ជនរងគ្រោះ​​ប្តឹង​ក៏​​សំលាប់​​បំបិទមាត់​តែម្តង ។​​ សពស្ត្រី​​រងគ្រោះ​​ត្រូវបាន​សមត្ថកិច្ច​​កប់នៅមាត់​ស្រះកន្លែង​​ប្រទះ​ឃើញ​ដូច្នេះ​បើបង​ប្អូន​ប្រជាពលរដ ្ឋ​​ណាមាន​បាត់​​សមាជិក​គ្រួសារ​ដែលមានភិន​ភាគ​​ដូច​បាន​រៀប​រាប់​ខាងលើ សូម​មក​​ទាក់ទង​​​ជាមួយសមត្ថ​កិច្ច​​ក្រុងបាវិត​​ ៕