រាជ​ធានី​ភ្នំពេញ​ ​៖ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​អះ​អាង​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​តែ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​អនុ​វត្ត​គំរោង​អភិ​បាល​កិច្ច​ល្អ​នៅ​កម្ពុជា ​ ខណៈ​ពេល​ប្រជា​ពល​រដ្ឋ​យល់​ដឹង​កាន់​តែ​ច្បាស់​ និង​ចូល​រួម​កាន់​តែ​សកម្ម​ក្នុង​ការ​លើក​កំពស់​អភិ​បាល​កិច្ច​ល្អ​។ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ដែល​រៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ​។ លោក​ប៊ុត ​ជិ ប្រធាន​គ្រប់​គ្រង​គំរោង​អភិ​បាល​កិច្ច​ល្អ​នៃ​ក្រសួង​មហា​ផ្ទៃ​បានថ្លែង​ថា​ គំរោង​អភិ​បាល​កិច្ច​ល្អ​មួយ​ចំនួន​ត្រូវ​បាន​ផ្តល់​ហិរញ្ញ​ប្បទាន​ដោយ​ធនា​គារ​ពិភព​លោក​ និង​មាន​មូល​និធិ​​បដិ​ភាគ​ពី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​ជំនួយ​អភិ​វឌ្ឍន៍​​អូស្ត្រា​លី​ និង​សមា​គម​វិនិ​យោគ​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​​២៥​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដោយ​​មាន​ក្រសួង​មហា​ផ្ទៃ​ជា​ភ្នាក់​ងារ​ប្រតិបត្តិ​​គំរោង​ និង​មាន​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន​៤​ទៀត​​ជា​ភ្នាក់​ងារ​អនុ​វត្ត​គំរោង​ដោយ​ផ្ទាល់​ ដូចជា​ការិយា​ល័យ​ច្រក​ចេញ​ចូលតែ​មួយនៃ​ក្រសួង​មហា​ផ្ទៃ ក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​ ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​ វិទ្យុ​ជាតិ​នៃ​ក្រសួង​ព័ត៌​មាន និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៃ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ព្រម​ទាំង​​មាន​​អង្គ​ការ​សង្គម​ស៊ី​វិល​នានា​ធ្វើ​ជា​ភ្នាក់​ងារ​អនុវ​ត្ត​គំរោង​ដែរ ដោយ​មាន​អង្គ​ការ​មូល​និធិ​អាស៊ីជា​អ្នក​សំរប​សំរួល​ផ្តល់​ថវិកា​បន្ត​។
លោក​បន្តថា គំរោង​នេះ​មាន​គោល​បំណង​ចំបង​ចំនួន​៣​គឺ​ការ​ពង្រឹង​ស្ថាប័ន ការ​គាំ​ទ្រ​ភាព​ជា​ដៃ​គូ និង​ការ​ចែក​រំលែក​មេ​រៀន បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក​យុទ្ធ​សាស្ត្រ​ចំបង​របស់​គំរោង​គឺ​ការ​បង្រួម​គំលាត​រវាង​រដ្ឋ និង​រាស្ត្រ​។ លោក​​បញ្ជាក់អំពី​លទ្ធ​ផល​ដែល​​ទទួល​បាន​​ពី​ការ​អនុវត្ត​គំរោង​អភិ​បាល​កិច្ច​ល្អ​មក​ដល់​បច្ចុប្បន ្ន​ គឺ​រៀប​ចំ​ថវិកា​សាធា​រណៈ​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពី​ច្បាប់​ភូមិ​បាល​ជូន​ប្រជា​ពល​រដ្ឋ​ នៅ​ឃុំ​ចំនួន​១៤​នៃ​ស្រុក​ឈូក​ ខេត្ត​កំពត​ដែល​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​៣.៧៩៥​នាក់​។ បង្កើត​គណៈ​កម្មការ​ពិគ្រោះ​យោបល់​ដែល​ជា​និមិត្ត​រូប​នៃ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​អ្នក ​ពាក់​ព័ន្ធ​ ជា​ពិសេស​រដ្ឋា​ភិ​បាល​ជាមួយ​សង្គម​ស៊ីវិល​។ ​ការ​អនុ​វត្ត​គំរោង​អភិ​បាល​កិច្ច​ល្អ ដែល​ទទួល​បានផ្លែ​ផ្កា​ និង​មាន​ជំនឿ​ពី​ប្រជា​ពល​រដ្ឋ គឺ​អាស្រ័យ​ដោយ​មាន​ការ​ចូល​រួម​​យ៉ាង​សកម្ម​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​។
លោក​ប៊ុត ជិ បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អនុ​វត្ត​គំរោង​អភិ​បាល​កិច្ច​ល្អ​ក្នុង​នោះ​រួម​​ម ាន​មន្ត្រី​ភ្នាក់​ងារ​អនុ​វត្ត​គំរោង​សកម្ម​ភាព​នៅ​មាន​កំរិត ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​សំរាប់​មន្ត្រី​អនុវ​ត្ត​គំរោង​នៅ​ទាប​មិន​ទាន់​បំពេញ​តាម​តំរូវ​ការ​ការ​ងារ ​។ ការ​អនុវត្ត​គំរោង​ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​សង្គម​សីុវិល​មិន​ទាន់​មាន​​ភាព​រលូន​នៅ​ឡើយ​ ខណៈ​ពេល​ដែល​ការ​ចូល​រួម​របស់​អ្នក​ពាក់​ព័ន្ធ​ដូច​ជា​ផ្នែក​ឯក​ជន​ អង្គ​ការ​មហា​ជន​យុវ​ជន​។ល។​ នៅ​មិន​ទាន់​សកម្ម​។ ការ​ផ្តួច​ផ្តើម​ និង​ការ​បង្កើត​លំហ និង​ការ​បង្ក​ឱកាស​ឱ្យ​មាន​ការ​ជួប​ប្រជុំ​ពិភាក្សា​ក្នុង​ស្ថាប័ន​រវាង​រដ្ឋា​ភិ​បាល​ជាមួយ​សង្គម​ស៊ីវិល ​នៅ​ត្រូវ​ការ​កែលំអ​បន្ថែម​ទៀត៕