ខេត្ត​កំពង់​ចាម​ ​៖ កំលាំង​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារអនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ បាន​ឃាត់​ខ្លួន​ជន​​ម្នាក់​ឈ្មោះ​យីម ធីម​ ហៅ​ដា​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​នៅភូមិ​ថ្លុក​ក្រវាន់ ឃុំ​បុស​ខ្នុរ​ ស្រុក​ចំការ​លើ​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ នៅនឹង​​ផ្ទះ​របស់​ជន​នេះ​ ដោយ​ជាប់​ចោទ​ពង្រត់​ក្មេង​ស្រី​ជំទង់​ អាយុ​១៦​ឆ្នាំ ពី​​ក្រុង​បាន​លុង​ ខេត្ត​រតន​គីរី​ ហើយ​ត្រូវ​ម្តាយ​នាង​ប្តឹង​ទាម​ទារ​ជំងឺ​ចិត្ត​១០.០០០​ដុល្លារ​ ។#លោក​វរ​សេនីយ៍​ត្រី ថុល ម៉េង នាយ​រង​ការិ​យាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនី​តិ​ជន​​នៃ​ស្នង​ការ​​ដ្ឋាន​ខេត្ត​បាន​ឱ្យដឹង​ថា ការ​ឃាត់​ខ្លួន​នេះ គឺ​ដោយ​មាន​កិច្ច​សហ​ការ​រវាង​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​រតន​គីរី​ និង​នគរ​បាល​ខេត្ត​កំពង់​ចាម​ ​។ តាម​រយៈ​ការ​ចុះ​ស្រាវ​ជ្រាវ​របស់​កំលាំង​នគរ​បាល​មូល​ដ្ឋាន លោក​វរ​សេនីយ៍​ឯក ជឹម សេង​ ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​​ទទួល​ផែន​កណ្តាល​យុត្តិ​ធម៌​ក៏បាន​ចាត់​ឱ្យ​រូប​លោក​ដឹក​នាំ​កំលាំង​ក្រោម​ឱវ ាទ​ចុះ​សហ​ការ​ជាមួយ​នឹង​លោក​អនុ​សេនីយ៍​ឯក អ៊ិត​ ដារ៉ា អធិការ​នគរ​បាល​ស្រុក​ចំការ​លើ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​យីម ធីម ​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​សាក​សួរ​ ។
ក្រោយ​ពី​ត្រូវ​ឃាត់​ខ្លួន​ យុវ​ជន​ឈ្មោះ​យីម ធីម បានឆ្លើយ​​ថា រូប​គេ​បាន​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ផ្សារ​ក្រុង​បាន​លុង​ ខេត្ត​រតន​គីរី​ដើម្បីរៀន​ជួស​ជុល​ទួរ​ស័ព្ទ​ដៃ​រយៈ​ពេល​៨​ខែ​មក​ហើយ ព្រម​ទាំង​ចេះ និង​ជិត​ចេញ​មក​ប្រកប​របរ​ខ្លួន​#ឯងទៀត​ផង​​ ។ ក្នុង​ពេល​មួយ​នោះ​មាន​មិត្ត​ភក្តិ​បាន​ឱ្យ​លេខ​ទូរ​ស័ព្ទ​របស់​ក្មេង​ស្រី​ខាង​លើ​ ដែល​មាន​ផ្ទះ​នៅ​ចំងាយ​ប្រហែល​​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ហាង​ទូរ​ស័ព្ទ​ដែល​រូប​គេ​កំពុង​រៀន​នោះ​ ។ តាម​រយៈ​ការ​ជួប​ទាក់ទង​តាម​ទូរ​ស័ព្ទ​ជា​ញឹក​ញាប់​ធ្វើ​ឱ្យ​រូប​គេ​ស្គាល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​បាន​ស្រលាញ់​គ្នា​ទៀត​ផង​ ។ មាន​ពេល​ខ្លះ​ពួក​គេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​​​ដោយ​មិន​ឱ្យ​ឪពុក​ម្តាយ​របស់​នាង​​ ដឹង​​ទេ​​ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ២០១០ រូប​គេ​បាន​បបួល​នាង​ជិះ​ម៉ូតូ​ចេញ​ពី​ផ្សារ​ក្រុង​បាន​លុង​មក​ដល់​ចំណុច​ត្រពាំង​ក្រហម​ក៏​​ឡើង​ជិះ​រថ​យ ន្ត​ឈ្នួល​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដេក​នៅ​ផ្ទះ​សំណាក់​១​យប់​ ព្រម​ទាំង​បាន​ខ្លួន​ប្រាណ​នាង​ថែម​ទៀត​ ។ លុះ​ពេល​ព្រឹក​ឡើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​របស់​គេ​ស្ថិត​នៅ​ភូមិ​ថ្លុក​ក្រវាន់​ ឃុំ​បុស​ខ្នុរ​ ស្រុក​ចំការ​លើ​ដេក​បាន​១​យប់​ ស្រាប់​តែ​​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ក៏​ត្រូវ​សមត្ថ​កិច្ច​មក​ឃាត់​ខ្លួនតែ​ម្តង​ ។
លោក​វរ​សេនីយ៍​ត្រី​ថុល ម៉េង បាន​បញ្ជាក់​ថា ជុំ​វិញ​ករណី​នេះ​ត្រូវបាន​ម្តាយ​ឪពុក​របស់​ក្មេង​​ស្រី​​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០.០០០​ដុ ល្លារ​ដើម្បី​បញ្ចប់​រឿង​ក្តី តែ​ភាគី​ខាង​ជន​ជាប់​ចោទ​​វិញ​មាន​តែ​១.០០០​ដុល្លារ​ប៉ុណ្ណោះ​ ។ រហូត​មក​ដល់​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២០ ធ្នូ ភាគី​ទាំង​សង​ខាង​នៅ​តែ​សំរួល​គ្នា​មិន​ត្រូវ​ទៀត​ មិន​ដឹង​ថា​តើ​វាសនា​របស់​យុវ​ជនរូប​​នេះ​ទៅ​ជា​យ៉ាង​ណា​ទេ ៕