រាជ​ធានី​ភ្នំពេញ ៖ អ្នក​កាសែត​២​នាក់​ដែល​​ប៉លិស​​​បញ្ជូន​ទៅ​​កាន់តុលាការ​​កាលពី​វេលា​ម៉ោង​​ជាង​​​២​រសៀល​​ថ្ងៃ​​ទី​ ២២ ធ្នូ ២០១០ ​នោះ ត្រូវ​បាន​ព្រះរាជអាជ្ញា​​រង​ធ្វើការ​សាកសួរ និង​​ដាក់​បន្ទុក​រួចហើយ ​​ហើយ​រហូត​មកដល់ម៉ោង​​ជាង​​៥​ល្ងាច​​ថ្ងៃដដែល ក៏​​​បានសំរេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​ ដោយ​ផ្ញើទុកនៅ​​​ប៉ូលិស​ខណ្ឌ​សែន​សុខ​មួយ​ថ្ងៃ​​សិន​​រង់ចាំ​សាកសួរ​មួយព្រឹក​នេះ​​ទៀត ទើប​បញ្ជូន​​ទៅ​ពន្ធនាគារ​​ព្រៃស​។​ លោក​ជិត ប៊ុណារ៉ា ជា​ដើមបណ្តឹង​​ម្នាក់​ក្នុង​​ចំណោម​​ដើមបណ្តឹង​​ច្រើននាក់​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថ ា នៅ​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១០ ឈ្មោះ​ថោង ដារ៉ា​វុធ បាន​ទូរ​ស័ព្ទ​ប្រាប់​ថា ខ្លួន​គេ​ជា​មន្ត្រី​ព័ត៌​មាន​នាយក​ដ្ឋាន​អគ្គិ​សនី​កម្ពុជា សុំ​លុយ​១០០​ដុល្លារ ដើម្បី​យក​មក​ធ្វើ​ពិធី​ជប់​លៀង។ ជន​រង​គ្រោះ​ក៏​យល់​ព្រម​ឱ្យ ដោយ​ណាត់​ថា​ចាំ​ថ្ងៃ​ទី​​២០ ធ្នូ ចាំ​យក។ ប៉ុន្តែ​ឈ្មោះ​ថោង ដារ៉ា​វុធ បាន​ទូរ​ស័ព្ទ​​​ច្រើន​ដង​ឱ្យ​ផ្ញើ​ប្រាក់​១០០​ដុល្លារ​តាម​រថយន្ត​តាក់​ស៊ី​វិញ។ ជន​រង​គ្រោះ​បន្ត​ថា ដោយ​មាន​ការ​សង្ស័យ​ក៏​ទូរ​ស័ព្ទ​ទាក់​ទង​ទៅ​នាយក​ដ្ឋាន​អគ្គិ​សនី​កម្ពុជា ក៏​បាន​ដំណឹង​​ពី​ការ​ក្លែង​បន្លំ​យក​ឈ្មោះ​មន្ត្រី​នៃ​អាជ្ញា​ធរ​អគ្គិ​សនី​កម្ពុជា ទើប​ឈាន​ដល់​ការ​​ប្តឹង​ទៅ​សមត្ថ​កិច្ច​ដើម្បី​រៀបចំ​ដាក់​អន្ទាក់។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ចាង​ហ្វាង​កាសែត​ខិល​ខូច​ទាំង​២​នាក់​ខាង​លើ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​បាន​ទូរ​ស័ព្ទ​សុំ​លុយ​ពី​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន។ ក្រោយ​ពី​សាក​សួរ​រយៈ​ពេល​ជាង​១​ម៉ោង ប៉ូលិស​បាន​សំរេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិ​​ការ​ដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​ទទួល​បញ្ជា​ពី​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី។
សូមបញ្ជាក់​ថា អ្នក​កាសែត​២នាក់ ដែល​​ប្រជាពលរដ្ឋ​​ទូទាំង​ប្រទេស​​ស្ទើរ​តែ​​មិន​ស្គាល់​ឈ្មោះ​ និងអង្គ​ភាពនេះ​​​ បានត្រូវប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ខណ្ឌសែន​សុខ ធ្វើការចាប់ខ្លួន​វា​យ​ខ្នោះ​ពី​​បទ​​​ឆ​បោក​ ខណៈ​ជនទាំង​២នេះ​​ទៅទទួល​ប្រាក់​​១០០​ដុល្លារ ​ពីបុរសម្នាក់​​នៅ​មុខ​ផ្សារ​ដីហុយ​​ ភូមិ​​រោងចក្រ​​ សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ​​ កាលពីវេលាម៉ោង​​២​និង​១០នាទីរសៀល​​ថ្ងៃទី​​២០ ធ្នូ ​២០១០។​ អ្នក​កាសែត​ទាំង​​២នេះ​គឺ​១-​ឈ្មោះ​​ថោង ​តារា​វុធ ​ចាងហ្វាង​​កាសែតនគរសន្តិភាព ស្រុក​កំណើត​​​ភូមិ​ក្រាំ​​ងរ​អូត ​ឃុំ​សំរោង ស្រុក​សំរោង ​ខេត្ត​តា​កែវ ​បច្ចុប្បន្ន​​ស្នាក់នៅ​​ភ្នំពេញ​ ២-​ឈ្មោះ​​ជុំ ប៊ុន​ហ៊ាប ​ចាងហ្វាង​កាសែត​​ពន្លឺ​​សេរីភាព​ មាន​ស្រុក​កំណើត​​​​​ភូមិ​​៦ ​ឃុំ​ព្រែក​​តានង់ ​ស្រុក​កោះ​​សូទិន ​ខេត្ត​កំពង់ចាម​ អ្នកទាំង​​ពីរ​ត្រូវ​​បានចោទ​ប្រកាន់​​​ពីបទឆបោក ដោយ​យកឈ្មោះ​​មន្ត្រីនាយកដ្ឋាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា​ទៅប្រើប្រាស់​​ក្នុងការ​​គំរាម​កំហែង ទា​រប្រាក់ពីមន្ត្រី​​អាជ្ញាធរអគ្គិសនី​​ដែល​រស់នៅ​​ក្នុង​ខណ្ឌ​​សែនសុខ ។​
មន្ត្រីប៉ូលិស​​បាន​ឱ្យ​​ដឹង​ថា អ្នក​ទាំង​​២នេះ​បាន​ក្លែង​​ឈ្មោះ និង​អង្គ​ភាព​ជា​មន្ត្រី​​នាយក​ដ្ឋាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជាទៅគំរាម​​ជំរិត​​ទារ​ប្រាក់​​ពី មន្ត្រី​​អាជ្ញាធរ​​អគ្គិសនី​​ចំនួន​​២០០ដុល្លារ ​ប៉ុន្តែ​​មន្ត្រី​នោះបានយល់ព្រម​​ប្រគល់​ប្រាក់​​តែ​​១០០​ដុល្លារ​​ប៉ុណ្ណោះ ហើយ​​បានប្តឹង​​ប៉ូលិស​ទុកជាមុន ​និង​ប្រគល់​​ភារកិច្ច​​នេះ​ឱ្យ​​ប៉ូលិស​​រៀបចំ​ផែនការ​​ចាប់​ខ្លួន​តែម្តង។ ​ប៉ូលិសបាន​​​និយាយ​ថា ​អ្នកកាសែត​​ប្រព្រឹត្ត​​ខុសវិជ្ជាជីវៈ​​ទាំង​២នេះ​ត្រូវ​​បានមន្ត្រី​​នាយកដ្ឋាន​​អាជ្ញាធរ​​អគ្គិសនីកម្ ពុជា ​តាមស្វែង​រក​មុខ​ជា​យូរ​​ខែ​មកហើយ ​ក្រោយពី​គេប្រឌិត​​រឿង​​ទៅគំរាម​​កំហែង​​មន្ត្រីអគ្គិសនី​​នៅតាមបណ្តា​​ខេត្ត​នានាជំរិត​ទារ​​ប្រាក់​​រា ប់​រយ​ដុល្លារ។ បន្ទាប់ពី​​ឃាត់​ពួក​គេ​​រួច​មក ​មាន​មន្ត្រី​​អាជ្ញាធរ​​អគ្គិសនី​​​៤ទៅ​៥​នាក់​ផ្សេង​​ទៀត បានចូលទៅ​បំភ្លឺ​​ប្រាប់សមត្ថ​​កិច្ច និង​​ដាក់​​ពាក្យ​បណ្តឹង​​​បន្ថែម​​ ដើម្បី​​ឱ្យតុលាការ​​ចាត់​ការ​រឿង​នោះ​ទៅ​តាម​ស្ថាន​​បទ​ល្មើស​​របស់គេ៕​