ខេត្ត​ព្រះ​សីហនុ ៖ ជន​ម្នាក់​ក្នុង​ចំណោម​​បក្ស​ពួក​ពីរ​នាក់​ដែល​តែង​ដើរ​លួច​ទាក់​ និង​បំពុល​​ឆ្កែ​ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ ខណៈ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​​ដាក់​ថ្នាំ​បំពុល​ឆ្កែ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្ រ​ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ធ្នូ ហើយ​ត្រូវបាន​ប្រជា​ពល​រដ្ឋ​សហ​ការ​គ្នា​ឡោម​ព័ទ្ធ​ចាប់​បាន​​​ និង​វាយ​​រហូត​ដល់​ដង្ហើម​ចង្រិត​ រួច​​បញ្ជូន​ទៅ​ឱ្យ​សមត្ថ​កិច្ច​​នៃ​កង​រាជ​អាវុធ​ហត្ថ​​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​ខ េត្ត ។ លោក​អនុសេនីយ៍​​ឯក វ៉ា ចាន់​ថន នាយ​ការិយា​ល័យ​​ស្រាវ​ជ្រាវ​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ប្រជា​ពល​រដ្ឋ​ចាប់​បញ្ជូន​មក​ឱ្យ​​សមត្ថ​កិច្ច​​កង​រាជ​អាវុធ​ហត្ថ​​នេះ​​ឈ្មោះ​យ៉ង យ៉ាវ ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ​មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ក្រុម​២៩ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​​ព្រះ​សីហនុ។ រីឯ​បក្ស​ពួក​​ម្នាក់​​ដែល​​រត់​គេច​ខ្លួន​​បាត់ មិន​ត្រូវបាន​បង្ហាញ​អត្ត​សញ្ញាណ​ទេ ចំណែក​ម្ចាស់​ឆ្កែ​ឈ្មោះ​ប្រាង្គ ឆាត ភេទ​ប្រុស អាយុ​​៥៣​ឆ្នាំ ជា​បុគ្គ​លិក​មន្ទីរ​ពេទ្យ​ខេត្ត មាន​ទី​លំនៅ​​ក្រុម​៦ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​​ព្រះ​សីហនុ។
លោក​ប្រាង្គ ឆាត បាន​​និយាយ​ថា នៅ​វេលា​ម៉ោង​​ប្រហែល​​១​រំលង​អធ្រាត្រ​​ គាត់​បាន​ឮ​សូរ​សន្ធឹក​ម៉ូតូ​ជិះ​មក​ដល់​មុខ​ផ្ទះ​របស់​គាត់​ ​រួច​ក៏​​ឈប់​ ហើយ​ម្នាក់​ដែល​ជិះ​ពី​ខាង​ក្រោយ​បាន​ដើរ​មក​​ក្បែរ​របង​ផ្ទះ ហើយ​ពេល​នោះ​​រូប​លោក​នឹក​​ស្មាន​​តែ​គេ​ឈប់​បត់​ជើង​តូច​ ពុំ​ដឹង​ថា​គេ​ដាក់​សាច់​បំពុល​ឆ្កែ​របស់​គាត់​​​ឡើយ។ មួយ​សន្ទុះ​ក្រោយ​មក ​ឆ្កែ​ប៊ែរ​​ហ្សេ​ពីរ​ក្បាល​របស់​គាត់​​ក៏​​បាន​ពុល​ប្រកាច់​ងាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​​តែ​ម្តង ពេល​នោះ​រូប​គាត់​​បាន​ប្រាប់​​ទៅ​អ្នក​ជិត​ខាង​​ ដើម្បី​ចាំ​ចាប់​ជន​ពីរ​នាក់​ដែល​មក​បំពុល​ឆ្កែ​របស់​គាត់​នេះ។ ​មិន​យូរ​ប៉ុន្មាន​​ជន​សង្ស័យ​ទាំង​ពីរ​នាក់​​ក៏​បាន​​​ត្រឡប់​មក​វិញ ពេល​នោះ​ប្រជា​ពល​រដ្ឋ​​​​ដែល​នៅ​​ក្បែរៗ​គ្នា​បាន​​ឡោម​ព័ទ្ធ​​​ចាប់​បាន​ម្នាក់​ ឯ​​ម្នាក់​ទៀត​​​រត់​គេច​ខ្លួន​រួច​។
​នៅ​មុខ​សមត្ថ​កិច្ច​ ជន​ឈ្មោះ​យ៉ង យ៉ាវ បាន​សារ​ភាព​ថា ពួក​គេ​​ប្រព្រឹត្ត​អំពើ​​បំពុល​​និង​​ទាក់​ឆ្កែ​​នេះ​ជា​ច្រើន​លើក​​មក​ហើយ ​និង​ទើប​​តែ​ពេល​នេះ​ដែល​​ប្រជា​ពល​រដ្ឋ​​​​ទាន់ និង​ចាប់​ខ្លួន​បញ្ជូន​មក​ឱ្យ​​សមត្ថ​កិច្ច​កង​​រាជ​អាវុធ​ហត្ថ​​ខេត្ត​។ វត្ថុ​តាង​ដែល​សមត្ថ​កិច្ច​​ដក​ហូត​បាន​​មាន ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​​លេខ ចំនួន​១​គ្រឿង និង​ឆ្កែ​បំពុល​​ងាប់​ចំនួន​២​ក្បាល។ គួរ​​បញ្ជាក់​​​ថា យោង​តាម​គោល​នយោ​បាយ​​​ភូមិ​-ឃុំ​មាន​​សុវត្ថិ​ភាព​ ទើប​ប្រជា​ពល​រដ្ឋ​​សហ​ការ​គ្នា​​យ៉ាង​ល្អ​ និង​ឈាន​ទៅ​ចាប់​បាន​ជន​​​លួច​បំពុល​ និង​ទាក់​ឆ្កែ​ខាង​លើ​បាន​​៕