ខេត្ត​កំពង់ឆ្នាំង​ ៖ ​បុរសស្ត្រី​ពីរនាក់ប្តីប្រពន្ធ​​​ជនជាតិ​​វៀតណាម ​​បាន​រង​របួស​រលាក​ភ្លើង​​ធ្ងន់ធ្ងរ​​ ដោយ​​សារ​ជន​អប្រិយ​បាន​យកសាំង​ចាក់​លើ​ដំបូលមុង ​រួច​កេះ​ដែក​កេះ​ដុត​​ ខណៈ​​កំពុង​ដេកលង់លក់ ​កាល​ពី​វេលាម៉ោង​១២​និង​​៣០នាទី​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១៩ ធ្នូ ២០១០ នៅភូមិ​​ក្រម៉ាល់ ​ឃុំ​ប្រឡាយមាស​ ស្រុក​កំពង់លែង ។ ​​​បុរស​ជា​ប្តីឈ្មោះ​​ផាម យ៉ាំង​សេ ​អាយុ​​៥៣​ឆ្នាំ រលាក​ធ្ងន់ធ្ងរ​ ​និង​ប្រពន្ធ​ឈ្មោះ​​ង្វៀង ធី​សៅ អាយុ​​៥០​ឆ្នាំ ​របួស​រលាក​មធ្យម ​​បាន​​រៀប​រាប់​​ថា នៅពេលកើតហេតុ​​ ពួក​គាត់កំពុងដេក​ជិត​លក់ ក៏ឃើញ​ឈ្មោះ​​ចាង យ៉ាំង​ឡាំ អាយុ​​៣២​ឆ្នាំ ​ដើរ​ចូល​​មករក​មុង​​របស់គាត់ ។ ពេល​​នោះ​គាត់​ងើប​អង្គុយ​​ក្នុងមុង​​សម្លឹង​​មើល​ក្រែង​ចាង យ៉ាំង​ឡាំ ធ្វើអ្វី​...​មិនទាន់​ចេញ​ពី​មុង​ផង ស្រាប់​តែ​​យ៉ាំង ឡាំ កាន់​​ចាន​ដែក​នៅ​​ដៃ​ ​​មាន​សាំង​មិន​ដឹង​ប៉ុន្មាន​លីត្រទេ​ ​​​ជះស្រោច​មក​លើ​មុង​ពួក​គាត់ រួចកេះ​ដែក​កេះ​ដុត​តែ​ម្តង បណ្តាល​​ឱ្យ​​ឆេះ​សន្ធោ​សន្ធៅ​ ។
​​ពេល​ពួក​គាត់​ពីរនាក់​​ប្តីប្រពន្ធ​​​កំពុង​ឆេះ​​ពេញខ្លួន​​ ជនល្មើស​បាន​​រត់​ចុះ​ទូកម៉ាស៊ីន​រួច​បើក​គេច​ចេញ​ទៅបាត់​ ។ ជនរងគ្រោះបន្ត​ថា កន្លង​មក រវាងជន​ល្មើស​​​ និង​ពួក​គាត់​គឺធ្លាប់មានទំនាស់​នឹងគ្នា ​ឥឡូវ​​ស្រាប់តែ​​គេមក​លួច​ដុត​​ពួកគាត់​ទាំង​រស់​តែ​ម្តង ។ ពួក​​គាត់​​ត្រូវបាន​​ក្រុមគ្រួសារ​​នាំ​ទៅ​សង្គ្រោះ​នៅ​​​​មន្ទីរពេទ្យ​​វេលា​ម៉ោង​​ជិត​​៤ទៀប​ភ្លឺ ថ្ងៃ​១៩ ធ្នូ ។ មន្ត្រីប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​​ប្រឡាយ​មាស​បាន​និយាយ​ឱ្យ​​ដឹង​ថា ​ក្រោយកើតហេតុ​​​បានពិនិត្យ​ឃើញ​មាន​ឆេះ​អស់​ខ្នើយ​​៤ មុង​១ ភួយ​១ ចំណែក​ជនរងគ្រោះ​​ទាំង​២នាក់ប្តី​​ប្រពន្ធ​​រង​របួស​រលាក​ធ្ងន់ធ្ងរ ។ ​ចំណែក​ជនដៃ​ដល់​​ប៉ូលិស​​​កំពុង​ស្រាវជ្រាវ​​តាមស្វែង​រក​ចាប់ខ្លួន ៕​