រាជធានីភ្នំពេញ ៖ វិថី​ឧកញ៉ា​​ទេព ផន ត្រូវ​បានបើក​​ឱ្យ​អ្នក​ដំណើរ​​ធ្វើចរាចរឡើង​​វិញ​ កាល​ពី​វេលាម៉ោង​​៣​និង​​៣០នាទី​ បន្ទាប់ពី​​បិទ​ការ​ឆ្លង​​កាត់​រយៈ​ពេល​​ខ្លី ដើម្បី​​បង្ក្រាប​​អគ្គីភ័យ ហើយ​ឥឡូវ​​នេះ​អគ្គីភ័យ​​បានត្រូវសមត្ថ​កិច្ច​​​ពន្លត់​​ឱ្យ​រលត់​​ជាស្ថាពរ​ហើយ ។​ សូមបញ្ជាក់​ថា អគ្គីភ័យ​បាន​ឆាប​ឆេះ​​លំនៅ​ឋាន​​ជាន់​ទី​២ លេខ២​៨៧CEo ​របស់​ប្រជាពលរដ្ឋ​​​​ ដោយ​​​​បញ្ចេញ​​ផ្សែង​​​អាប់​​ហុយទ្រលោម​ឡើង​លើ​ កាល​ពីវេលា​ម៉ោង​២និង​១០នាទី​​រសៀល​ថ្ងៃទី​២៣ ធ្នូ ​២០១០ ​ក្នុងសង្កាត់​​ទឹក​ល្អក់​ទី​២ ខណ្ឌ​​ទួលគោក រាជធានីភ្នំពេញ ជាប់​វិថី​​ឧកញ៉ា​​ទេព​ផន បង្ក​ឱ្យមានការ​ភ័យ​​រន្ធត់ និង​ជ្រួល​ច្របល់​​យ៉ាងខ្លាំង​។​
ប៉ូលិស​កំពុងចាត់ចែង​​ពន្លត់​​អគ្គីភ័យ​​នេះ ហើយ ខណៈ​ផ្សែង​​អាប់​ហុយ​​ទ្រលោម​​​អណ្តែត​ត្រសែត ហើយ​​​ប្រជា​ពលរដ្ឋ​​រងគ្រោះ (ម្ចាស់​ផ្ទះ​) និង​អ្នក​ក្បែរខាង​​បាន​​​ជញ្ជូន​អីវ៉ាន់​​ទ្រព្យសម្បត្តិ​​យ៉ាង​ប្រញិបប្រញាប់​​ និងស្លន់​ស្លោ ជាមួយ​ភាព​រន្ធត់ ។​ ​មូលហេតុ​​នៃ​ការ​បង្ក​​ឱ្យ​មាន​អគ្គី​ភ័យ​​នេះត្រូវបាន​​ស្ត្រី​​ម្ចាស់​ផ្ទះ​ឈ្មោះ​​ចន្ធី ​អាយុ​​៥១​ឆ្នាំ ឱ្យ​​ដឹង​ថា គឺ​វា​បណ្តាល​​មកពីទុស្សេ​ខ្សែ​ភ្លើង​...​វា​ឆេះ​​តែក្នុងបន្ទប់​​ប៉ុណ្ណោះ ​មិន​មាន​​ទ្រព្យ​សម្បត្តិ​​ធំដុំ​​ខូចខាតទេ ប៉ុន្តែ​​ពួកយើង​​ក៏​ព្រលឹង​​ចុងសក់​​មិនស្ទើរ​ដែរ ។ ខណៈ​នេះ​​ឡាន​ទឹក​កើន​ឡើង​​ដល់​​៥​គ្រឿង ចេញ​​ធ្វើសកម្មភាព​ពន្លត់​​ និង​ប៉ូលិស​​​កំពុង​​​ទាញទុយោ​ឡើង​​ទៅលើ​បាញ់ទឹក​​បង្ក្រាប​ភ្លើង​​ដែលគិត​តែ​ពីឆេះ​ហុយ​ផ្សែង​​អាប់​ទ្រល ោម​​​(ឆេះ​ងំ) ឥឡូវ​​ផ្សែង​នេះ​​វា​ថមថយ​​ហើយ ។​
ជាមួយនឹង​ចំណាត់ការ​របស់សមត្ថ​កិច្ច​​ ដើម្បី​បង្ក្រាប​​អគ្គីភ័យ​​ដែលឆេះ​​ងំ​មួយ​នេះ​​ វិថីឧកញ៉ា​​ទេព​ផន ចាប់​ពី​​កំណាត់​ភ្លើង​ស្តុប​​ទៅដល់​ផ្លូវ​បំបែក​​មន្ទីរពេទ្យ​​ព្រះកុសុមៈ-ផ្សារ​​ហេងលី ត្រូវ​បិទ​ដំណើរ​​ចរាច​រ​មួយរយៈ​សិន ​រង់ចាំ​​​ភ្លើង​រលត់​​ទើប​អនុញ្ញាត​​ឱ្យអ្នកដំណើរ​​ឆ្លង​កាត់​​ជា​ធម្ម​តា​វិញ។ ឥឡូវ​​ភ្លើង​​រលត់​អស់ហើយ ឯ​វិថី​ឧកញ៉ា​​ទេពផន​ក៏ត្រូវ​​បើក​ឱ្យ​ធ្វើដំណើរ​​ឆ្លង​កាត់​វិញដែរ​៕​