ខេត្ត​ប៉ៃលិន ៖ គ្រួសារ​ជន​រង​គ្រោះ​ដែល​រង​ការ​បាញ់​សំលាប់​ពី​មន្ត្រី​យោធា​ម្នាក់​​នៅ​អង្គ​ភាព​កង​​ការ​ពារ​ព្រំ​ដែន​ គោក​លេខ​៥០៤ នៅ​ឯ​ស្រុក​​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន កាល​ពី​ជាង​មួយ​សប្តាហ៍​​មុន​បាន​ព្យា​យាម​​ស្វះ​ស្វែង​យ៉ាង​ខ្លាំង​ដើម្បី​រក​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្ គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​នានា​ និង​ប្រព័ន្ធ​​តុលា​ការ​​ផង​ដែរ ក្រោយ​ពី​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​នៃ​ខេត្ត​នេះ​មិន​បាន​អើ​ពើ ឬ​កសាង​សំណុំ​រឿង​ចំពោះ​ការ​បាញ់​សំលាប់​សមា​ជិក​គ្រួសារ​គាត់ ។ លោក​គឿន ផាត អាយុ​៥០​ឆ្នាំ ជា​ឪពុក​បង្កើត​​របស់​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​ដ៏​ឃោរ​ឃៅ​ពី​មន្ត្រី​យោធា​អង្គ​ភាព​កា រ​​ពារ​ព្រំ​ដែន​គោក​លេខ​៥០៤ បាន​ប្រាប់​កោះ​សន្តិ​​ភាព​ថា ការ​ស្លាប់​​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​​របស់​កូន​ប្រុស​គាត់​ហាក់​បី​ដូច​ជា​អន់​ជាង​សត្វ​ធាតុ​ទៅ​ ទៀត ។ លោក​បាន​និយាយ​ថា ​សមត្ថ​កិច្ច​ខេត្ត​ប៉ៃលិន​ស្ទើរ​គ្រប់​​ស្ថាប័ន​មិន​បាន​ជួយ​រក​យុត្តិ​ធម៌ ឬ​កសាង​សំណុំ​រឿង​​​​អំពី​ករណី​មន្ត្រី​យោធា​បាញ់​សំលាប់​កូន​ប្រុស​គាត់​នោះ​ទេ ។
ហេតុ​​ដូច្នេះ​ហើយ​ទើប​រូប​លោក និង​ក្រុម​គ្រួសារ​​ស្វែង​រក​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គ​ការ​​ការ​ពារ​សិទ្ធិ​មនុស្ស​នានា និង​តុលា​ការ​ដោយ​ផ្ទាល់ ដើម្បី​ជួយ​រក​យុត្តិ​ធម៌​ដល់​ការ​ស្លាប់​របស់​កូន​ប្រុស​គាត់ ។ លោក​គឿន ផាត បាន​បញ្ជាក់​​ថា កាល​ពី​ថ្ងៃ​ទី​២៤ ធ្នូ កន្លង​ទៅ​នេះ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​សៅ អង នៅ​​អង្គ​ភាព​៥០៤ បាន​ណាត់​​ជួប​​ចរចា​​ជា​មួយ​រូប​លោក​ដើម្បី​បង់​ប្រាក់​​សំណង​នៃ​ការបាញ់​សំលាប់​កូន​ប្រុស​គាត់ ប៉ុន្តែ​មិន​ត្រូវ​​រ៉ូវ​គ្នា​​ទេ ដោយ​សារ​​តំណាង​ជន​ដៃ​ដល់​រូប​នេះ​ ព្រម​សង​សំណង​ដល់​ជីវិត​កូន​ប្រុស​គាត់​តែ​ចំនួន​៣​លាន​រៀល​​​ប៉ុណ្ណោះ ខណៈ​ដែ​លរូប​​លោក​ទាម​ទារ​ចំនួន​២​ម៉ឺន​​ដុល្លារ តែ​អាច​សំរួល​គ្នា​បាន​ទៀត ។ ទោះ​បី​ជា​​បែប​ណា​​ឪពុក​​​ជន​រង​គ្រោះ​រូប​នេះ​​បាន​បញ្ជាក់​​បន្ថែម​ថា ដោយ​សារ​ការ​ចរចា​​មិន​ចុះ​សំរុង​គ្នា ​​រូប​លោក​​បាន​សំរេច​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​កាន់តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​​ខេត្ត​បាត់​ដ ំបង​ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០១០ ។
គួររំ​លឹក​​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៩ ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ករណី​បាញ់​​សំលាប់​មនុស្ស​ម្នាក់​នៅ​ចំណុច​ក្បាល​ស្ពាន​ស្ទឹង​កុយ​​ត្រើយ​ខាង​កើត ស្ថិត​នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិន ដែល​បង្ក​​​​ឡើង​ដោយ​មន្ត្រី​យោធា​​ម្នាក់​ឈ្មោះ​ពេញ ពេជ្រ អាយុ​៣២​ឆ្នាំ នៅ​អង្គ​​ភាព​កង​​​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៥០៤ មាន​មូល​ដ្ឋាន​នៅ​ចំណុច​ស្រែ​ម្អម ក្នុង​ស្រុក​​​សាលា​ក្រៅ ។ ​ចំពោះ​ដើម​ចម​​ឈាន​ដល់​ការ​​ប្រើ​ប្រាស់​អាវុធ​ AK47 បាញ់​សំលាប់​មនុស្ស​នេះ ​គឺ​ក្នុង​គ្រា​ដែល​មន្ត្រី​យោធា​ម្នាក់​នេះ​បាន​ប៉ះ​ទង្គិច​ពាក្យ​សំដី​មួយ​ប្រាវ​ជា​មួយ​ពួក​យុវ​ជន​មួយ ​ក្រុម ហើយ​ការ​ផ្ទុះ​អាវុធ​​នោះ​បាន​​បណ្តាល​ឱ្យ​​យុវ​ជន​​ម្នាក់​ឈ្មោះ​គឿន ធឿន អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ស្រឡៅ​ទង ឃុំ​​កំរៀង ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ដោយ​​គ្រាប់​កាំភ្លើង​បាន​ទំលុះ​លើ​​ដើម​ដោះ​​ខាង​ស្តាំ​ធ្លាយ​​ទៅ​ក្រោម​ដោះ​ខាង​ឆ្វេង ។
ក្រោយ​ពី​ការបាញ់​សំលាប់​​មនុស្ស​ដ៏​ឃោរ​ឃៅ​នា​យប់​​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ គេ​​ឃើញ​សមត្ថ​កិច្ច​​នគរ​បាល​ និង​ប៉េអឹម​ខេត្ត​ប៉ៃ​លិន បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ដើម្បី​សួរ​នាំ​អំពី​ហេតុ​ការណ៍​នេះ ។ ប៉ុន្តែ​ទី​បំផុត​​គ្មាន​កំណត់​ហេតុ​ជា​ផ្លូវ​ការ​ណា​មួយ​ដែល​ស​មត្ថ​កិច្ច​​​ទាំង​២​ស្ថាប័ន​​​នេះ​បាន​ច ង​ក្រង​ជា​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​នោះ​ទេ ។ លោក​ឡី ចាន់​ឆាយ ស្នង​ការ​ខេត្ត​ប៉ៃលិន បាន​ប្រាប់​កោះ​សន្តិភាព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ក្រោយ​កើត​ហេតុ​មួយ​យប់​ថា លោក​កំពុង​ជាប់​ប្រជុំ​​ ប៉ុន្តែ​កំលាំង​របស់​លោក​បាន​ចុះ​ទៅ​ធ្វើ​ការ​ងារ​នេះ​ហើយ ។ ដោយ​ឡែក​​លោក​វ៉ាន់ ណា​ឡុង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ប៉ៃលិន ក៏​​បាន​ប្រាប់​​កោះសន្តិ​ភាព​នា​​ព្រឹក​​​នោះ​ដែរ​ថា កំលាំង​របស់​លោក​​ក៏​បាន​ចុះ​ទៅ​ធ្វើ​ការ​ងារ​នេះដែរ ប៉ុន្តែ​ជន​ដៃ​ដល់​មិន​ត្រូវបាន​ចាប់​ខ្លួន​នោះ​ទេ ព្រោះ​​អង្គ​ភាព​គេ​បាន​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​​ដៃ​ដល់​​នោះ ទៅ​កាន់​ទី​បញ្ជា​ការ​យោធ​​ភូមិ​ភាគ​ទី ៥ តាំងពី​យប់​មក​ម៉្លេះ ដោយ​សារ​មន្ត្រី​​យោធា​នោះ​​ក៏​​រង​​របួស​ធ្ងន់​ធ្ងរ​​​ដែរ ។
ទោះ​បី​ជា​​បែប​ណា​លោក​យិន ម៉េង​លី មន្ត្រី​ស៊ើប​អង្កេត​របស់​សមា​គម​​ការ​ពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​បាត់​​ដំបង-ប៉ៃលិន បាន​ថ្លែង​ថា ការ​ស្លាប់​របស់​ជន​រងគ្រោះ​ឈ្មោះ​គឿន ធឿន ដោយ​សារ​ការ​បាញ់​ប្រហារ​​ពី​សំណាក់​​មន្ត្រី​យោធា​ឈ្មោះ​ពេញ ពេជ្រ នេះ ​មិន​មាន​ស្ថាប័ន​សមត្ថ​កិច្ច​ណា​មួយ​បាន​កសាង​សំណុំ​រឿង​​ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​នោះ​ទេ ។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា លោក​បាន​ចុះ​ទៅ​ទំនាក់​ទំនង​ប៉ុន្មាន​​ថ្ងៃ​ជាប់​ជា​មួយ​ស្នង​ការ​ដ្ឋាន​ខេត្ត​ប៉ៃលិន តែ​ខាង​ស្នង​ការ​បាន​ប្រាប់​ថា ខាង​កង​រាជ​អាវុធ​ហត្ថ​ជា​អ្នក​ចាត់​ការ​លើ​ករណី​បាញ់​សំលាប់​​មនុស្ស​នេះ​​ ពី​ព្រោះ​​​ជន​ដៃ​ដល់​​គឺ​ជា​មន្ត្រី​យោធា ។
លោក​យិន ម៉េង​លី បាន​ប្រាប់​កោះ​សន្តិ​​ភាព​ថា លោក​​បាន​ចូល​ជួប​ផ្ទាល់​ជាមួយ​លោក​ឧត្តម​​សេនីយ៍​ត្រី វ៉ាន់ ណា​ឡុង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ប៉ៃលិន ហើយ​លោក​មេ​បញ្ជា​ការ​រូប​នេះ​បាន​បញ្ជាក់​​​​ប្រាប់​លោកថា អង្គ​ភាព​របស់​​លោក​មិន​បាន​កសាង​សំណុំ​រឿង​នេះ​ទេ ព្រោះ​​លោក​ព្រំ ប៉ាត់ មេ​បញ្ជា​ការ​អង្គ​ភាព​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៥០៤ បាន​សរសេរ​លិខិត​ស្នើ​សុំ​យក​ជន​ដៃ​ដល់​ទៅ​កាន់​យោធ​ភូមិ​ភាគ​ទី ៥ ហេតុ​ដូច្នេះ​ហើយ​ទើប​ខាង​កង​រាជ​អាវុធ​ហត្ថ​មិន​កសាង​សំណុំ​រឿង​ ម្យ៉ាង​​​លោក​មេ​ប៉េអឹម​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​​យោធ​ភូមិ​ភាគ​ទី​៥ ក៏​មាន​ការិយា​ល័យ​ទណ្ឌ​កម្ម និង​សរសើរ​ផងដែរ ។ លោក​យិន ម៉េង​លី បាន​រិះ​គន់​ថា នេះ​ជា​ការ​យល់​ច្រឡំ​បែប​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​ដែល​ច្បាប់​ប្រគល់​​ឱ្យ ។ លោក​បាន​បញ្ជាក់​ថា លោក​បាន​​ដាក់​លិខិត​​អន្តរា​គមន៍​មួយ ហើយ​គោរព​ជូន​លោក​ព្រះ​រាជ​អាជ្ញា​ ដើម្បី​​ស្នើ​សុំ​បើក​ការ​ស៊ើប​អង្កេត​លើ​​ករណី​នេះ ៕