រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃទី​​២២ ធ្នូ ក្រុម​អាជីវករ​​លក់ដូរ​នៅ​ផ្សារ​ប៉េសេ ​ដែលមាន​ទីតាំង​​​នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ ​បាន​នាំ​គ្នា​​ចេញមក​​ឈរ​តវ៉ា​​នៅ​មុខ​​​ផ្សារ ​ក្នុង​គោល​បំណង​​​ទាមទារ​​​សុំ​ឱ្យ​​អាជ្ញា​ធរ​ជួយ​អន្តរាគមន៍​​​ កុំ​ឱ្យ​ថៅកែ​​ផ្សារ​ដំឡើង​ថ្លៃ​ឈ្នួល​​តូប​តាមតែ​ចិត្ត​នឹកឃើញ ។​ ក្រុមអាជីវករ ​​បាន​និយាយ​​ថា អ្នក​​លក់​​ដូរ​តាម​​តូបតូច​-ធំ​ និងកន្លែង​​លក់ដូរ​កំប៉ិក​​កំប៉ុក​​ជុំ​វិញ​​ផ្សារ​ត្រូវថៅកែ​​​ទាមទារ​​ឱ្យ​ដំឡើង​​​ប្រាក់​​ឈ្នួល​ក្នុង ​​មួយ​កន្លែង​​គុន​នឹង​​៣ដង​នៃ​តំលៃ​​លក់​សព្វ​ថ្ងៃ ។ ក្រុមអាជីវករ​​បាន​​​បន្ត​ថា ដោយសារ​តែ​​​បញ្ហា​​នេះហើយ ​ទើបពួកគាត់​ទាំងអស់គ្នា​ចេញ​​មុខមក​​​តវ៉ា​​សុំ​ឱ្យ​អាជ្ញាធរ​​​មូលដ្ឋាន​​​ជួយ​​អន្តរា​គមន៍​​​ទប់​ស្កា ត់​​ទៅលើ​ម្ចាស់​ផ្សារ​​កុំ​​ឱ្យ​​​​ដំ​​ឡើង​ថ្លៃ​តូប​​ស្រេចតែ​​ចិត្ត ។​
សូមបញ្ជាក់​ថា ថ្លៃ​ឈ្នួលតូប​លក់ដូរ​តាម​កន្លែង​​តូច-ធំ​​ក្នុងផ្សារ​​ប៉េសេ​​មានគិតជា​ថ្ងៃ​​​ផង​ និង​គិតជា​​ខែ​ផង​ ក្នុង​តំលៃ​​ចាប់ពី​​២.០០០រៀល ​រហូត​ដល់​​១០០ដុល្លារ​​​​ក្នុង​មួយខែៗក៏​មាន​ដែរ​ ។ ក្រុម​អាជីវករ​​បន្ថែម​ថា កាលពីផ្សារ​ពុំទាន់​ដំណើរ​ការ​​​ ថៅកែ​​ផ្សារ​បាន​​លួងលោម​​ពួក​​គាត់​ឱ្យ​ចូល​មក​លក់ដូរ ប៉ុន្តែ​​នៅពេល​ដែលផ្សារ​មាន​ដំណើរ​ការ​​​បណ្តើរៗ ស្រាប់តែ​​ម្ចាស់​ផ្សារ​​ទាម​ទារ​​​ដំឡើង​​​​ថ្លៃ​​ឈ្នួលតូបតែម្តង​ ។ ដូច្នេះ​​ពួកគាត់​​ពុំ​មាន​លទ្ធ​ភាព​​លក់ដូរ​​​ រកប្រាក់​បង់ថ្លៃ​​ឈ្នួល​​តូប​ជូន​​ថៅ​កែ​​តាម​តែ​ការ​ទាមទារ​នោះ​​​​បានទេ ព្រោះ​​ក្នុង​ផ្សារ​​លក់ដូរ​​អត់ដាច់​ផង​​ ។ ​ចំពោះបញ្ហា​នេះ​​ថៅ​កែផ្សារ​​ប៉េសេ​ពុំអាច​​ទំនាក់ទំនង​សុំការបំភ្លឺ​​បាន​ឡើយ ។ ហើយ​ដំណោះ​​ស្រាយ​​យ៉ាងណា​នោះក៏​ពុំទាន់ដឹង​នៅ​ឡើយ​​ដែរ​ ៕​