ក្រុង​ប៉ោយ​ប៉ែត​ ​៖ ទារក​មាន​អាយុ​ប្រមាណ​​១​ខែ​ ត្រូវ​​គេ​យក​ទៅ​ប្លុង​ចោល​នៅ​មុខ​ផ្ទះប្រជា​ពល​រដ្ឋ​ម្នាក់ ​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤​ សង្កាត់​ប៉ោយ​ប៉ែត​ ។ តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ​ផែន ផាវី អាយុ​៣៤​ឆ្នាំ ​ម្ចាស់​ផ្ទះ​ដែលគេ​ប្លុង​ទារក​​នេះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០ ធ្នូ ​ពេល​ដែល​គាត់​ចេញ​ពី​​ក្នុង​ផ្ទះ​ ​ស្រាប់​តែ​​​ឃើញ​ទារក​នេះ​នៅ​លើ​គ្រែ​ដោយ​មាន​​រុំ​ដណ្តប់​កន្សែង​ពណ៌ស ហើយ​​បាន​ហៅ​គេ​ឯង​ឱ្យ​ជួយ​​មើល​ ។ ពេល​​បើក​កន្សែង​មើល​ឃើញ​​ទារក​នេះ​មាន​លក្ខណៈ​ធម្មតា​ ហើយ​​​បាន​រាយ​ការណ៍​ដល់​​សមត្ថ​កិច្ច​ប៉ូលិស​ក្រុងផង​ដែរ ​។
ស្ត្រី​ឈ្មោះ​ផែន ផាវី បញ្ជាក់​​ថា​ រូប​គាត់​​ពុំ​មាន​​លទ្ធ​ភាព​ទទួល​យក​ក្មេង​នេះ​ចិញ្ចឹម​​បាន​ទេ ដោយ​សារ​តែ​ជីវ​ភាព​ក្រី​ក្រ​ និង​ប្រកប​របរ​​ជា​ជាង​កាត់​ដេរ​ ចំណែក​ប្តី​ជា​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​មាន​ប្រាក់​ខែ​តិច​តួច ​។ ម្យ៉ាង​ទៀត​រូប​គាត់មាន​កូន​តូច​ម្នាក់​ផង​ដែរ​ ។ ស្ត្រី​រូប​នោះ​បាន​អំពាវ​នាវ​ថា បើ​មាន​អ្នក​ណា​ចង់​បាន​ទារក​​នេះយក​​ទៅ​ចិញ្ចឹម រូប​គាត់​នឹង​ប្រគល់​ឱ្យ ។ លោក​អនុ​សេនីយ៍​ឯក អ៊ុំ សុផល អធិការ​​ក្រុង​​ប៉ោយ​ប៉ែត​​ឱ្យ​ដឹង​ថា ទារក​នេះ​​លោក​​ឱ្យ​ស្ត្រី​ឈ្មោះ​ផែន ផាវី ​ជួយ​ចិញ្ចឹម​បណ្តោះ​អាសន្ន​សិន ហើយ​បើ​មាន​អ្នក​ណា​ចង់​បាន​យក​ទៅ​ចិញ្ចឹម​​សូម​ទៅ​ទាក់​ទង​ជាមួយ​សមត្ថ​កិច្ច​ដើម្បី​ធ្វើ​លិខិត​ស្នាម​ឱ ្យ​បាន​ត្រឹម​ត្រូវ​ចៀស​វាង​កុំ​ឱ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​ ។
តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា អ្នក​នាំ​ទារក​នេះ​យក​ទៅ​​ប្លុង​ចោលគឺ​​មិន​មែន​ចេះ​តែ​ប្លុង​ចោល​ទេ គឺ​មាន​ចេតនា​ចង់​ឱ្យ​ម្ចាស់​ផ្ទះ​​ជា​អ្នក​ទទួល​យក​ចិញ្ចឹម​ ។ ទោះ​បី​ជា​បែប​ណា​មាន​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​ជា​ច្រើន​ត្រូវ​បាន​គេ​និយាយ​ជុំ​វិញ​ទារក​នេះ ៕