រាជធានីភ្នំពេញ ៖ អាជ្ញាធរ​​រាជធានីភ្នំពេញ​បាននិងកំពុង​ត្រៀម​​រៀបចំ​ធ្វើ​ពិធី​បើក​ការដ្ឋាន​​ស្ថាបនា​​ស្ពាន​អាកាស​ ទី​២ នៅ​ចំណុច​ប្រសព្វ​​ដ៏​សំខាន់​​ចំនួន​៥ នៅ​ចំណុច​ភ្លើង​​ស្តុប​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ បន្ទាប់ពី​ស្ពាន​​​​អាកាស​ក្បាល​ថ្នល់ ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់រួចហើយ​​កាលពី​​ពាក់​​កណ្តាល​​ឆ្នាំ​​២០១០នេះ​។ ​​ពិធី​​បើកការ​ដ្ឋាន​នេះ​​​គ្រោង​នឹង​​​ធ្វើនៅថ្ងៃទី​​២៩ ធ្នូ ​២០១០ ស្ថិត​​ក្រោម​​​អធិបតី​​ភាព​សម្តេច​តេជោ​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​ និង​លោក​ជំទាវ​​​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ដោយ​មាន​​មន្ត្រី​អាជ្ញាធរ​​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ជា​ច្រើន​​ចូល​រួម​។
មន្ត្រី​ជំនាញ​សាលា​រាជធានីភ្នំពេញ​បាន​ឱ្យ​​ដឹង​ថា ​ស្ពានអាកាសទី​២​នៅ​ចំណុច​​ភ្លើង​ស្តុប​​មន្ទីរ​ពេទ្យព្រះ​​កុសុមៈ​​​ ​ដែល​ត្រៀម​​រៀបចំ​បើក​​ការ​ដ្ឋាន​​​ស្ថាបនា​​នាពេល​នេះ ជា​ប្រភេទ​​ស្ពានបេ​តុង​​អាមេ មានប្រវែង​​៣៤៥​ម៉ែត្រ​​ ទទឹង​​១៥,២០​ម៉ែត្រ​ ​លាតសន្ធឹង​ស្រប​​ពីលើ​មហា​វិថី​​សហព័ន្ធ​​រុស្ស៊ី​​ចំណុចកណ្តាល​​មាន​កំពស់​​៥,៥​ម៉ែត្រ យក​ត្រង់​ចំណុច​​ប្រសព្វ​ផ្លូវ​​បំបែកជា​​៤ ​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី និង​ផ្លូវ​លេខ​៥៩៨​ និង​មាន​កូន​ដៃ​ស្ពាន​​អាកាស​ភ្ជាប់​មួយទៀត ទំលាក់​ទៅ​តាម​​មហាវិថី​កម្ពុជាក្រោម ដើម្បី​រំដោះ​​ចរាចរណ៍​ ។ ស្ពាន​អាកាស​​ថ្មី​នេះ​ជាស្ពាន​​ទ្វេទិស​​ចរា​ចរណ៍​ដែល​មាន​​២កន្លែង សំរាប់​រថយន្ត​​ទៅមក និង​គ្មាន​​ចិញ្ចើម​សំរាប់ថ្មើរ​ជើង​​នោះទេ ។ ស្ពាន​អាកាស​​ទី​២​នេះ​​វែង ហើយ​ធំជាង​​ស្ពានអាកាស​ទី​១ ក្បាលថ្នល់ ដែលអនុវត្ត​​ដោយក្រុមហ៊ុន ​OCIC ។ ចំណែក​ប្រាក់​​ចំណាយ​សាង​សង់​គឺ​​បាន​មក​​ពីការ​​​ជួល​ដីកោះពេជ្រ​ ដូច​ការ​សាង​សង់​ស្ពាន​ទី​​១​ដែរ ៕​