រាជ​ធានី​ភ្នំពេញ​ ​៖ ក្នុង​ចំណោម​ខណ្ឌ​ទាំង​៨​របស់​រាជ​ធានី​សំរាប់​ខណ្ឌ​៧​មក​រា ​ដែល​ស្ថិត​នៅ​ចំកណ្តាល​រាជ​ធានី​ត្រូវ​បាន​​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​​ដឹក​នាំ​កំលាំងធ្វើ​ការ​​ត្រួត​ ពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​ និង​ផ្ទុក​ជាតិ​អាល់​កុល​ជា​ប្រចាំ់។ ជាក់​ស្តែង​ ក្នុង​១​សប្តាហ៍​​បាន​ធ្វើ​កិច្ច​ការ​នេះ​៣​ថ្ងៃ​ និង​តំរូវ​អនុ​វត្ត​រាល់​ពេល​យប់​ដោយ​ប្រើ​ប្រាស់​កំលាំង​​​នគរ​​បាល​ជាតិ​ខណ្ឌ​កង​រាជ​អាវុធ​ហត្ថ​ និង​មន្ត្រី​សាលា​ខណ្ឌ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​​អនុ​សេនីយ៍​ឯក​ឡុង សាវុធ អធិការ​រង​នគរ​បាល​ខណ្ឌ​។ លោក​អនុ​សេនីយ៍​ឯក ឡុង សាវុធ បាន​ឱ្យ​​ដឹង​ថា ​យោង​លើ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​ក៏​ដូច​ជា​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ តំរូវ​ឱ្យ​កង​កំលាំង​ក្នុង​គណៈ​បញ្ជា​ការ​ឯក​ភាព​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​អ្នក​ផ្ទុក​ដោយ​ជាតិ​អាល់​កុល​ពេល​យប់​ដើម្បី​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​បទ​ល្មើស​ លួច​ ឆក់ ប្លន់ និង​បង្ក​​ឱ្យ​គ្រោះ​ថ្នាក់​ ឬ​បាត់​បង់​អាយុ​ជីវិត​ ដោយសារ​អ្នក​បើក​បរ​ស្ថិត​ក្នុង​ស្ថា​ន​ភា​ព​ស្រវឹង​។ ផ្អែក​តាម​បទ​បញ្ជា​នេះ​លោក​វរ​សេនីយ៍​ត្រី​ យិន សាន អធិការ​​នគរ​បាល​ខណ្ឌ​ បែង​ចែក​កំលាំង​ក្នុង​​គណៈ​បញ្ជា​ការ​ដាក់​តាម​ចំណុច​គោល​ដៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្វែង​រក​បទ​ល្ មើស​។
លោក​ឡុង សាវុធ បាន​ឱ្យ​ដឹងទៀត​ថា ក្នុង​​១​យប់​ៗ​បាន​រក​ឃើញ​ ឬ​ក៏​ចាត់​ទុក​ថា​ អ្នក​មាន​ជាតិ​អាល់​កុល​បណ្តាល​មក​ពី​សេព​សុរា​ឆ្លង​កាត់​មិន​ក្រោម​ពី ២០​នាក់​ទេ ហើយ​ក៏​មិន​មែន​មាន​តែ​បុរស​ដែរ ស្ត្រី​ក៏មាន​ដូច​គ្នា​​។ ដូច​ជា​នៅ​យប់​ថ្ងៃ​ទី​២២ ធ្នូ គណៈ​បញ្ជា​ការ​ឯក​ភាព​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​នៅ​តាម​បណ្តោយ​មហា​វិថី​​កម្ពុជា​ក្រោម​ ឆែក​ឆេរ​រក​ឃើញ​អ្នក​មាន​ជាតិ​អាល់​កុល​ចំនួន​១៣​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ​ដោយ​តំរូវ​ឱ្យ​ផ្លុំប្រដាប់​សំរាប់​វាស់ ហើយ​​៨​នាក់​បាន​អប់​រំ និង​ឱ្យ​មាន​អ្នក​ធានា​ធ្វើ​កិច្ច​សន្យា​វិល​ត្រឡប់​ទៅ​វិញ​ ២​នាក់​ត្រូវ​ពិន័យ​ជា​ប្រាក់​ និង​៣​នាក់​មាន​ជាតិ​អាល់​កុល​តិច​តួច រួច​ផុត​ពី​ការ​​ពិន័យ​។ រថ​យន្ត​បិទ​កញ្ចក់​ខ្មៅ​ចំនួន​១០​គ្រឿង ត្រូវ​បាន​ឃាត់​បក​ចេញ​ អ្នក​ជិះ​ម៉ូតូ​អត់​ពាក់​មួក​​ការ​ពារ​សុវត្ថិ​ភាព​ និង​មិន​ដាក់​កញ្ចក់​មើល​ក្រោយ​ចំនួន​២៥​គ្រឿង​ត្រូវ​ពិន័យ​​។ លោក​ឡុង សាវុធ​ បន្ត​ថា ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល​តំរូវ​ឱ្យ​អ្នក​ហូប​ជាតិ​សុរា​មាន​ផ្ទុក​ជាតិ​អាល់​កុល​ចាប់​ពី​០.២៥​ដល ់​៣០ ​(លេខ​ប្រដាប់​វាស់​ជាតិ​អាល់​កុល​) ពិន័យ​ជា​ប្រាក់​៦.០០០​រៀល​ ចំពោះ​អ្នក​ជិះ​ម៉ូតូ ឯ​អ្នក​បើក​បរ​រថ​យន្ត​ប្រភេទ​ទេស​ចរណ៍​១២.០០០​រៀល​ រថ​យន្ត​ធុន​ធំ​ដឹក​ទំនិញ​២៥.០០០​រៀល​។ ចាប់​ពី​០.៥០​ឡើង​ទៅ​ត្រូវ​ឃាត់​ខ្លួន ​បើ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ នឹង​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​។
លោក​ឡុង សាវុធ បញ្ជាក់​ថា គណៈ​បញ្ជា​ការ​ធ្វើ​ឡើងនេះ​​មិន​ទាន់​ពាក់​ព័ន្ធ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ចេញ​ពី​ហូប​ការ​ មាន​ជាតិ​អាល់​កុល​នៅ​ឡើយ​ទេ​ ព្រោះ​ការ​ធ្វើនេះ​​នៅ​វេលា​​យប់​ជ្រៅ​ ដូច្នេះ​ប៉ះ​ពាល់​តែ​បង​ប្អូន​ដែល​ពេញ​និយម​ចូល​បារ ខា​រ៉ា​អូ​ខេ ប៉ុណ្ណោះ។ បង​ប្អូន​ទាំង​នោះ​​ពេល​ចេញ​ពី​សប្បាយ​មក​វិញ​ច្រើន​តែ​ចង​កំហឹង​ជាមួយ​របាំង​ថ្ម​ចែកទ្រូង​ផ្លូវ​របស់​សា លា​រាជ​ធានី​ភ្នំពេញ​ បង្គោល​ភ្លើង​ ដើម​ឈើ ឬ​បោល​ចូល​ផ្ទះ​ប្រជា​ពល​រដ្ឋ​។ ចាប់​តាំង​ពី​គណៈ​បញ្ជា​ការ​ឯក​ភាព​រាជ​ធានី​ភ្នំពេញ​​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ត្រួត​ពិនិត្យ​ជាតិ​អាល់ ​កុលមក​​ ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​បាន​​គោរព​ តែ​នៅ​មាន​​មួយ​ចំនួន​តូច​ភ្លេច​គិត​ថា ខ្លួន​ស្រវឹង​នៅ​ពេល​បើក​បរ៕