ខេត្ត​រតន​គិរី​ ៖ ប្រជា​ពល​រដ្ឋ​ក្នុង​សហ​គមន៍​កែង​សាន់​ ឃុំ​សេដា​ ស្រុក​លំផាត់​ ឱ្យ​ដឹង​ថា មាន​មនុស្ស​មួយ​ក្រុម​ប្រមាណ​១០​នាក់​បាន​នេសាទ​ ដោយ​ដាក់​របាំង​ធ្នស់​សាច់​អួន​ក្រឡា​ញឹក​នៅ​ក្នុង​ព្រែក​អូ​រនាង​ដែល​ជា​តំបន់​អភិ​រក្ស​(ជំរក​សត្វ​ព្រៃ ​លំផាត់​) តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣ ។ រហូ​តមក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​សមត្ថ​កិច្ច​ណា​បង្ក្រាប​ទេ ហើយ​អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះគ្មាន​ញញើត​ប្រជា​​សហ​គមន៍​បន្តិច​ទេ ដោយ​សារ​គេ​មាន​លិខិត​អនុ​ញ្ញាត​ពី​លោក​នាយ​ផ្នែក​ជល​ផល​ស្រែ​ពក និង​លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ឱ្យ​​នេសាទ​ដោយ​ប្រើ​អួន​នេះ​ ។
ប្រភព​ព័ត៌​មាន​​បញ្ជាក់​ថា គេ​បោះ​បង្គោល​កូន​ឈើ​ទំហំ​ប៉ុន​ភ្លៅ​ប្រវែង​៧​ម៉ែត្រ​ចំនួន​១០​ដើម​ចូល​ទៅ​ក្នុង​ដី​បាត​ព្រែក​ ដោយ​ចន្លោះ​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​ប្រមាណ​១០​ម៉ែត្រ ហើយ​ផ្នែក​​ខាង​លើ​ទឹក​សន្ធឹង​ខ្សែ​កាប​ទំហំ​១២​លី​ កាត់​ទទឹង​ព្រែក​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ ដោយ​រឹត​ឱ្យ​តឹង​ ។ គេ​ចង​ក្បាល​បង្គោល​ភ្ជាប់​ទៅ​នឹង​ខ្សែកាប​ដើម្បី​ទប់​ចរន្ត​ទឹក​ហូរ​ ហើយ​​យក​សាច់​អួន​ពាស​ធ្វើ​ជា​របាំង​ធ្នស់​ ។ ពេល​ទឹក​ហូរ​ខ្លាំង​គេ​ដាក់​ដាយ​ និង​ពេល​ទឹក​ហូរ​តិចៗ​គេ​ដាក់​យ៉​ដែល​ធ្វើ​អំពី​សាច់​អួន​ មិន​ខុស​ពី​ឡូត៍​នេសាទ​ឡើយ​ ។ ប្រភពព័ត៌​មាន​​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ពេល ធ្វើ​របាំង​ធ្នស់​សាច់​អួន​រហូត​ដល់​ពេល​នេះ​គេ​ចាប់​បាន​ត្រី​ជា​ច្រើន​តោន​រួច​មក​ហើយ​ដែល​សុទ្ធ​សឹង​ជា ​ត្រី​មេ​ពូជ​ក្នុង​ដង​ទន្លេ​ស្រែ​ពក​ ។ បើ​សកម្ម​ភាព​នេះ​នៅ​តែ​បន្ត​ទៀត​នោះ​ត្រី​មេ​ពូជ​ដែល​មាន​ក្នុង​ទន្លេ​ពិត​ជា​ហិន​ហោច​អស់​មិន​ខាន​ ។ ​ពួក​គាត់​ឆ្ងល់​ថា មន្ត្រី​ជំនាញ​​ហេតុ​អ្វី​​មិន​ជួយ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ដែល​មាន​នៅ​ក្នុង​តំបន់​នោះ​​ផង​? តើ​ថ្នាក់​លើ​បាន​ដឹង​ដែរ​ឬ​ទេរឿង​នេះ​?​
មន្ត្រី​ជល​ផល​ធ្វើ​ការ​ងារ​ជាមួយ​​គំរោង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ដែល​​ចាំ​បាច់​ត្រូវ​ផ្ញើ​​របាយ​កា រណ៍​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ខែ​ទៅ​កាន់​ភ្នំពេញ​នោះ​ត្រូវ​ផ្ញើ​របាយ​ការណ៍​​នោះ​ទៅ​ជូន​មន្ត្រី នៅ​ខេត្ត​ស្ទឹង​ត្រែង​ពិនិត្យ​សិន ​រួច​ផ្ញើ​ទៅ​​ខេត្ត​រតន​គិរី​វិញ​ដើម្បី​បោះ​ត្រា​មុន​បញ្ជូនទៅ​​ភ្នំពេញ ។ រាល់​​លិខិត​ទាំង​នោះ​មុន​ទៅ​ដល់​ភ្នំពេញ​ត្រូវ​ចំណាយ​ពេល​រាប់​អាទិត្យ​ ។ ដើម្បី​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ឱ្យ​បាន​គង់​វង្ស​សំរាប់​កូន​ចៅ​ជំនាន់​ក្រោយ​ ប្រជា​ពល​រដ្ឋ​សហ​គមន៍​នេសាទ​កែង​សាន់ ឃុំ​សេដា សហ​គមន៍​ជ័យ​ឧត្តម​ ឃុំ​ជ័យ​ឧត្តម​ ស្រុក​លំផាត់ បាន​សំណូម​ពរ​ដល់​លោក​ណៅ​ ធួក ប្រធាន​រដ្ឋ​បាល​ជល​ផល​ និង​លោក​ច័ន្ទ​ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ឱ្យ​ចាត់​វិធាន​ការ​​ទប់​ស្កាត់​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ដង​ទន្លេ​ស្រែ​ពកផង​ និង​ចាត់​​ការតាម​ច្បាប់​​ចំពោះ​មន្ត្រី​អសកម្ម​ដែល​បាន​ឃុប​ឃិត​គ្នា​​ ។ តាម​ប្រភពព័ត៌​មាន​​ថា​ មន្ត្រី​អសកម្ម​មួយ​ចំនួន​កំពុង​ដាក់​ខែ​រាប់​ក្បាល​ឡាន​​ដឹក​ត្រី​ចូល​ខេត្ត​រតន​គិរី​ គឺ​រថ​យន្ត​១​គ្រឿង​ត្រូវ​បង់​​ចាប់​ពី​៣០​​ទៅ​៤០​ម៉ឺន​រៀល​ ហើយ​មាន​រថយន្ត​ជា​ច្រើន​ដែល​ត្រូវ​បង់​លុយ​ឱ្យ​មន្ត្រី​ទាំង​នោះ​ ៕