រាជធានីភ្នំពេញ ៖ ក្មេងប្រុស៣នាក់ បានត្រូវកំលាំងប៉ូលិសប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនក្នុងខណៈពេលដែលពួកគេកំពុងអង្គុយជុំគ្នាលេងបៀដាល់លុយ ហើយសមត្ថកិច្ចបានអះអាងថា ពួកគេនាំគ្នាលេងបៀនេះជារៀងរាល់ថ្ងៃ រហូតដល់ប្រជាពលរដ្ឋទ្រាំមើលសកម្មភាពរបស់ពួកគេតទៅទៀតលែងបានក៏រាយការណ៍ឱ្យចុះទៅឃ ាត់ខ្លួនតែម្តង ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១០ នៅចំណុចកន្លែងអ៊ុតសក់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា ក្មេងប្រុសដែលត្រូវឃាត់ខ្លួននោះ ១-ឈ្មោះពន់ ប្រុសពៅ ហៅទូ អាយុ១៥ឆ្នាំ ក្រៅពីការលេងបៀក្មេងប្រុសម្នាក់នេះ និងបក្សពួកជិត១០នាក់ទៀត ជាមុខសញ្ញាធ្លាប់វាយ និងកាប់ម៉ូតូគេយកស្លាកលេខកាលពីថ្ងៃទី២៤ ធ្នូ កន្លងមកនៅមុខសាលាគីមី V ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទៀតផង ២-ឈ្មោះសំ ថេត ហៅសុខ អាយុ១៤ឆ្នាំ និង៣-ឈ្មោះសៀ គឹមសុង អាយុ១៥ឆ្នាំ ពួកគេទាំង៣នាក់មានទីលំនៅក្នុងភូមិខាងលើ ។ មុនពេលឃាត់ខ្លួន ក្មេងប្រុសទាំង៣នាក់នេះរួមជាមួយបក្សពួកម្នាក់ទៀតបាននាំគ្នាលេងបៀដាក់លុយ ហើយប្រជាពលរដ្ឋក៏ទូរស័ព្ទមករាយការណ៍សុំឱ្យចុះទៅបង្ក្រាប ព្រោះខ្លាចពួកគេលេងចាញ់អស់លុយបែកគំនិតប្រព្រឹត្តអំពើល្មើសផ្សេងៗទៀត ។
មន្ត្រីប៉ូលិសបានបន្តថា កន្លងមក ពួកគេលេងបៀជុំគ្នាជារៀងរាល់ថ្ងៃ ហើយសមត្ថកិច្ចបានចុះទៅណែនាំហាមឃាត់ជាបន្តបន្ទាប់មកហើយ ប៉ុន្តែពួកគេមិនព្រមស្តាប់ លុះពេលនេះបន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ទើបកងកំលាំងចុះទៅព័ទ្ធឃាត់ខ្លួនបាន៣នាក់ ឯម្នាក់ទៀតរត់គេចខ្លួនរួច ។ ពេលកងកំលាំងចុះទៅឃាត់ខ្លួននោះ បងប្អូនរបស់ក្មេងប្រុសទាំងនោះបានធ្វើការរារាំង ព្រមទាំងសួរដេញដោលរកដីកាចាប់ខ្លួន និងហៅកំលាំងប៉ូលិសសុទ្ធតែពាក្យអសុរោះបំផុតទៀតផង សូម្បីតែពេលនាំខ្លួនទៅដល់ប៉ុស្តិ៍ហើយក៏ប្រុងរំដោះយកប្អូនទៅវិញទៀត ។ ជាមួយនេះ ថែមទាំងបានគំរាមប្រុងហៅកំលាំងប៉ូលិសបទបញ្ជាទៅចាប់ប៉ូលិសប៉ុស្តិ៍ទៀតផង ដោយគេមិនបានគិតដល់ថា ប្អូនប្រុសរបស់ខ្លួនកំពុងពេញវ័យសិក្សា ហើយបែរជាលេងល្បែងសីុសងខុសច្បាប់ទៅវិញ ។
ប្រភពដដែលបានបន្តទៀតថា ទោះបីជាបែបណាសមត្ថកិច្ចមិនញញើតចំពោះការគំរាមកំហែងនោះឡើយ ព្រោះសមត្ថកិច្ចមូលដ្ឋានមានសិទ្ធិចាប់រាល់បទល្មើសជាក់ស្តែងទាំងអស់ មិនចាំបាច់ដីកាតុលាការនោះឡើយ ដូចជាការលេងបៀរហូតប្រជាពលរដ្ឋប្តឹងនេះ គឺជាបទល្មើសជាក់ស្តែងហើយ ។បន្ទាប់ពីធ្វើការសាកសួររួចមកបំរុងធ្វើការអប់រំ ហើយដោះលែងទៅវិញភ្លាមទេ ប៉ុន្តែដោយសារបងៗរបស់ពួកគេឡូឡា និងពឹងប៉ូលិសថ្នាក់លើខ្លាំងពេក ទើបបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ហើយលោកស្នងការបញ្ជាឱ្យឃុំខ្លួន១យប់ លុះព្រឹកឡើងទើបឱ្យបងប្អូនធានាយកត្រឡប់ទៅវិញ ៕