រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ ដែលត្រូវបានបញ្ជជូនទៅតុលាការរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរកាលពីព្រឹកថ្ងៃទ ី២២ ធ្នូ ២០១០ នោះ មកដល់រសៀលម៉ោង៣និង៣០នាទីថ្ងៃដដែល ត្រូវបានព្រះរាជអាជ្ញារងធ្វើការចោទប្រកាន់តាមមាត្រា៣២.២ថ្មី ពីបទជួញដូរគ្រឿងញៀនឆ្លងដែនចំនួន១.៥២៥ក្រាម ហើយប្រគល់ទៅឱ្យចៅក្រម និងបន្ទាប់មកសំរេចឃុំខ្លួនពួកគេបណ្តោះអាសន្នរង់ចាំថ្ងៃបើកសវនាការ ។ ការឃុំខ្លួនអ្នកទាំង៤នេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យ៣នាក់ជាក្រុមតែមួយត្រូវបានបញ្ជូនទៅតុលាការ និងឃុំខ្លួនផងដែរ កាលពីម្សិលមិញ ។ ជនសង្ស័យជួញដូរគ្រឿងញៀន៧នាក់ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងយុទ្ធនាការបង្ក្រាប គ្រឿងញៀនដ៏ក្តៅគគុករយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២០ និង២១ ធ្នូ ២០១០ កន្លងមកនេះ រួមទាំងដកហូតបានគ្រឿងញៀនជាសារធាតុផ្សំប្រភេទកេតតាលាមួយចំនួនធំ និងរថយន្តទំនើប២គ្រឿង។
នៅក្នុងចំណោមជនសង្ស័យទាំងនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មានម្នាក់ឋានៈជាទីប្រឹក្សាថ្នាក់ដឹកនាំ និងម្នាក់ជាតារាភាពយន្តមិនសូវល្បីឈ្មោះ...១-ឈ្មោះសៀង សុខន ភេទប្រុស អាយុ៣២ឆ្នាំ ជាទីប្រឹក្សាថ្នាក់ដឹកនាំ មានទីលំនៅផ្ទះលេខ៨៨ បុរីពិភពថ្មី ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ២-ឈ្មោះសេង វុត្ថា ធ្លាប់ជាតារាភាពយន្តមិនសូវល្បីឈ្មោះ ៣-ឈ្មោះសិន កាម៉ុល ៤-ឈ្មោះលី ជាជនជាតិវៀតណាម ចំណែក៣នាក់ទៀតពុំត្រូវបានគេបង្ហើបឱ្យដឹងឈ្មោះឡើយ ។ មុននេះមួយថ្ងៃ គឺនៅថ្ងៃទី២១ ធ្នូ ២០១០ សាលាដំបូងរាជធានីភ្នំពេញ បានសំរេចឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យ៣នាក់ ជាក្រុមតែមួយនេះរួចហើយ ក្នុងនោះមានមន្ត្រីយោធាម្នាក់ និងជនជាតិវៀតណាម២នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែន។
ជនសង្ស័យម្នាក់ជាមន្ត្រីយោធាឈ្មោះហៃ ចាន់ភារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៥C ផ្លូវលេខ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា និង២នាក់ទៀតជនជាតិយួន ម្នាក់ឈ្មោះលី វ៉ាន់ឡាញ់ ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉ាយ ជុងហ៊ីវ ភេទប្រុស អាយុ៣២ឆ្នាំ ពួកគេមានអាសយដ្ឋាននៅប្រទេសវៀតណាម ។ លោកព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ពួកគេពីបទជួញដូរគ្រឿងញៀនឆ្លងដែន ទើបខាងចៅក្រមស៊ើបសួរសំរេចឃុំខ្លួនពួកគេដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ តាមព័ត៌មានឱ្យដឹងថា នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានដកហូតរថយន្តម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ស៊េរី២០១០ របស់ឈ្មោះសៀង សុខន និងដកហូតបានរថយន្តម៉ាកមែរសឺដេស ស្ព័រ ពណ៌ខ្មៅ របស់ឈ្មោះសេង វុត្ថា ដែលធ្លាប់ជាតារាភាពយន្តមិនសូវល្បីឈ្មោះ ព្រមទាំងឈានទៅធ្វើការឆែកឆេរលំនៅឋានរបស់ឈ្មោះសៀង សុខន នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២០ ធ្នូ ។
ជនសង្ស័យឈ្មោះសេង វុត្ថា ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនកាលពីថ្ងៃទី១៩ ធ្នូ ព្រមទាំងដកហូតបានរថយន្តម៉ាកមែរសឺដេសស្ព័រ ពណ៌ខ្មៅមួយគ្រឿង ។ តាមចំលើយសារភាពរបស់ឈ្មោះសេង វុត្ថា ដែលចង្អុលបង្ហាញពីមុខសញ្ញា សមត្ថកិច្ចបានសុំដីកានាំខ្លួនលោកសៀង សុខន ជាបន្តទៀតកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ធ្នូ នៅក្នុងភោជនីយដ្ឋានចំការននោង ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ខណៈលោកសៀង សុខន កំពុងផឹកស៊ី ។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះ សមត្ថកិច្ចបានផ្ទុះអាវុធជាការបង្ក្រាបដល់អ្នកជួញដូរទាំងនោះ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្លាចក្រុមអ្នកជួញដូរមានអាវុធ ហើយតដៃ។ ក្នុងការបង្ក្រាបនេះបុរស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ១-ឈ្មោះសៀង សុខន អាយុ៣២ឆ្នាំ ជាទីប្រឹក្សាថ្នាក់ដឹកនាំម្នាក់... ស្នាក់នៅផ្ទះលេខ៨៨ បុរីពិភពថ្មី ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបុរសម្នាក់ទៀតជាអង្គរក្ស ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ព្រោះមិនពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនទេ ។
ក្រោយពេលចាប់ខ្លួនបុរសឈ្មោះសៀង សុខន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ធំនោះ ត្រូវបានប៉ូលិសនាំចេញពីភោជនីយដ្ឋានចំការននោង យកទៅឱ្យបង្ហាញភស្តុតាង និងឆែកឆេរនៅផ្ទះរបស់ជនជាប់ចោទរូបនេះជាបន្តទៀតនាវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២០ ធ្នូ ឆ្នាំ២០១០ ដោយមានការចូលរួមពីមន្ត្រីតុលាការ និងមន្ត្រីអាជ្ញាធរជាច្រើននាក់ ។ ប៉ូលិសប្រាប់ឱ្យដឹងថា នៅមានមុខសញ្ញាជាច្រើននាក់ទៀត ដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ ប៉ុន្តែមិនទាន់ប្រាប់ឈ្មោះទេ ព្រោះកុំឱ្យបែកការណ៍ ហើយនៅពេលដែលច្បាមអស់ហើយ សមត្ថកិច្ចនឹងធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យទាំងនោះឆាប់ៗនេះ ៕