ស្ទើរតែទាំងអស់នៃផលិតផលរបស់ Apple គឺសុទ្ធតែត្រូវឆ្លងកាត់បាតដៃរបស់កំពូលអ្នករចនា Jony Ive ប៉ុន្តែ ព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា ជាមួយនឹង iPhone 8 លោក Jony Ive នឹងលែងរចនាដោយផ្ទាល់ទៀតហើយ។

នៅក្នុងកម្មវិធី Talk Show ដែលដឹកនាំដោយ John Gruber ហើយភ្ញៀវដែលបានអញ្ជើញមកចូលរួមគឺ Jason Snell ជាស្ថាបនិករបស់ក្រុមហ៊ុន SixColors ក៏បាននិយាយដល់ Jony Ive និងមុខងារជាអ្នករចនារបស់លោកក្នុងក្រុមហ៊ុន Apple ។
Jason Snell បានឱ្យដឹងថា លោកបានឮគេនិយាយអំពីការដែលលោក Jony Ive បច្ចុប្បន្ន មិនបានចូលរួមក្នុងផ្នែករចនាផ្នែករឹងរបស់ឧបករណ៍នានាសម្រាប់ Apple ។ ប៉ុន្តែ Jony Ive កំពុងតែផ្ដោតអារម្មណ៍ទៅលើការប្រឹក្សាយោបល់អំពីការសាងសង់ការិយាល័យកណ្ដាលដែលមានរូបរាងដូច UFO របស់ Apple ។
បើសិនអ្វីដែលបាននិយាយខាងលើជាការពិត នោះ Jony Ive នឹងលែងមានតួនាទីក្នុងការរចនារូបរាងរបស់ iPhone 8 ទៀតហើយ។ តាមគម្រោង iPhone 8 នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ដោយវាមានរូបរាងថ្មីទាំងស្រុង និងប្រើអេក្រង់ OLED មិនមានគែម។

មនុស្សជាច្រើនក៏បានយល់ឃើញថា ការដែលថ្មីៗនេះ Apple បានបញ្ចេញសៀវភៅដែលមានឈ្មោះថា Designed by Apple in California ក៏ជាផ្នែកមួយនៃការគូសបញ្ជាក់ទៅលើរយៈពេល២០ឆ្នាំនៃការធ្វើការឱ្យ Apple របស់ Jony Ive ផងដែរ។ យ៉ាងនេះក្ដី Apple មិនទាន់បានបញ្ចេញមតិជាផ្លូវការណាមួយទាក់ទឹននឹងព័ត៌មាននេះ។
ប្រែសម្រួល ៖ តារាប្រភព ៖ appleinsider