ខេត្តកំពង់​ចាម​ ៖ លោក​ស្រីគឹម លុយ ចៅ​ក្រម​ស៊ើបសួរនៃសាលាដំបូងខេត្ត បានចេញ​ដីកាបង្គាប់ឱ្យឃុំខ្លួនលេខ១១៧៣ ចុះថ្ងៃទី២៣​ ធ្នូ ២០១០ ដោយចោទទៅលើឈ្មោះវាំង វេត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុង​ឃុំត្រពាំង​ផ្លុង ស្រុកពញាក្រែក ពី​បទ​​ប៉ុនប៉ងរំលោភ​សេព​សន្ថវៈលើស្រ្តីម្នាក់​អាយុ២១ឆ្នាំ ក្នុងខណៈពេល​ដែលឪពុកម្តាយ​របស់នាងមិននៅផ្ទះ ។ តាមលោកវរសេនីយ៍ត្រី ថូ ឡងឌី នាយ​រង​ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការ​ពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាន​ឱ្យដឹងថា កាលពីវេលាម៉ោង១រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី២១ ធ្នូ បុរស​ឈ្មោះ​វេត ដែល​មានកូនចំនួន២នាក់ទៅហើយ​នោះ​ បានលួច​ក្រោកចេញពីលើផ្ទះដើរលបៗ ទៅក្រោមផ្ទះ​របស់​ស្រ្តីខាង​លើ​ ដែល​ដេកនៅ​លើ​គ្រែតែម្នាក់​ឯង ដោយមិនឱ្យប្រពន្ធដឹងនោះ​ទេ ដើម្បីប៉ង​ចាប់​រំលោភសេពសន្ថវៈ ។ ប៉ុន្តែភ្លាមៗនោះត្រូវស្រ្តី​រង​គ្រោះដឹងខ្លួនទាន់ក៏បានស្គាល់ភិន​ភាគជន​សង្ស័យច្បាស់ ​គឺឈ្មោះវេត បន្ទាប់មក​បានទូរ​ស័ព្ទប្តឹងទៅលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំង ផ្លុងឱ្យជួយអន្តរាគមន៍ ។ នៅវេលា​ម៉ោង៥និង​៣០នាទីភ្លឺ សមត្ថកិច្ចក៏បានឃាត់​ជនសង្ស័យរូប​នេះបញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុក​ពញាក្រែកដើម្បីសួរនាំ ។
ជនសង្ស័យឈ្មោះវាំង វេត បានឆ្លើយសារ​ភាពថា កាលពីវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី​២០ធ្នូ រូបគេដេកនៅលើផ្ទះជាមួយប្រពន្ធ បន្ទាប់​​មកបានក្រោកដើរចេញទៅផ្ទះរបស់​ស្ត្រី​ខាងលើ​ដែល​នៅភូមិជាមួយគ្នា ក្នុង​បំណងចាប់រំលោភ​សេពសន្ថវៈ ព្រោះ​​ឪពុកម្តាយរបស់នាងមិន​នៅ​ផ្ទះ ។ ក្នុង​ពេល​នោះគ្រាន់តែចាប់ជើងរបស់នាង​បាន​បន្តិចស្រាប់តែនាងស្រែកជេរនិង​​មិន​បាន​ធើ្វអ្វីបន្តទៀតទេក៏ប្រ ញាប់ដើរមក​ផ្ទះ​វិញ​ចូល​ដេកជាមួយនឹងប្រពន្ធ ក្រោយមកស្រាប់​តែ​​ត្រូវ​សមត្ថ​កិច្ចមកចាប់ខ្លួនដល់ផ្ទះតែម្តង ។ លោកវរសេនីយ៍ត្រី ថូ ឡងឌី បានបញ្ជាក់​ថា បុរស​កំហូចរូបនេះត្រូវបានចាប់ខ្លួនយោង​តាមបណ្តឹង​របស់ស្រ្តីរងគ្រោះ ហើយ​ត្រូវបាន​លោក​​ស្រី​គឹម លុយ ចៅក្រមស៊ើបសួរចេញ​ដីកា​ឃុំខ្លួន ដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ​សេពសន្ថវៈ៕