រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​​​ថ្ងៃទី​២៧ ខែធ្នូ​ បន្ទាប់ពី​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​​បាត់​ដំបង 1C-1860 ​មួយគ្រឿង​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃទី​២៧ ខែធ្នូ នៅ​តាម​វិថី​កម្ពុជា​ក្រោម សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល​គោក ។ បុរស​រូបនោះ​ពុំ​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​ទេ មាន​អាយុ​ប្រមាណ​ជាង​​៣០​ឆ្នាំ ។ តាមប្រភព​​មន្ត្រី​ប៉ូលិស​ខណ្ឌទួល​គោក​បាន​ឱ្យ​ដឹងថា នៅវេលា​ម៉ោង​១​និង​៤៥​នាទីរំលង​អធ្រាត្រ​ថ្ងៃទី​២៧ ​ធ្នូ បុរស​រូបនោះ​បាន​ជិះ​ម៉ូតូ​​ម៉ាក​វីវ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់​ដំបង 1C-1860 ​មួយគ្រឿង​ធ្វើ​ដំណើរ​តាម​​មហាវិថី​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពីកើត​ទៅ​លិច​​​។
នៅ​ពេល​ធ្វើ​ដំណើរ​​មក​ដល់​មុខ​មន្ទីរពេទ្យ​ពហុព្យា​បាល​​អង្គរធំ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌទួល​គោក ក៏​បាន​ជួបគ្រោះ​ថ្នាក់​​ចរាចរ​ណ៍ប៉ះជាមួយ​ម៉ូតូ​​មួយ​​គ្រឿង​ទៀតដែល​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប គ្នា ។ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ បុរស​រូបនោះ​ត្រូវ​​​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​ព្រះ​កុសុមៈ ។ ដោយសារ​តែរបួស​បោក​ក្បាល​​ធ្ងន់​ធ្ងរពេក​​​នៅ​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ថ្ងៃទី២៧ ធ្នូ​ បុរស​នោះ​បាន​​ស្លាប់តែម្តងទៅ​ ។ សព​ត្រូវ​បាន​តំកល់​នៅ​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ​ ពុំ​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​​ឡើយ ។​​ ព័ត៌​មាន​នេះ​ទុក​ជាការ​​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​​ដែល​បាន​បាត់​សមាជិក​របស់​ខ្លួន ៕