រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់រហូតសន្លប់បាត់ស្មារតី និងម្នាក់ទៀតរងរបួសស្រាលដោយសារតែជិះម៉ូតូបុកគូទរថយន្តមួយគ្រឿងពេញទំហឹង។ រថយន្តនោះបានបើកគេចបាត់ស្រមោល បន្ទាប់ពីគ្រោះថ្នាក់កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១០ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ច្រកផ្លូវចូលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បុរសរងគ្រោះទាំងពីរនាក់គេពុំស្គាល់អត្តសញ្ញាណទេ តែដឹងថា មានអាយុប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកអាយខន ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ១AS ០៧៦៥។ អ្នកទាំងពីរបានជិះម៉ូតូជ្រុលទៅបុកគូទរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស RX300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ២K៣៤៥៥។ អ្នកបើកបររថយន្តជាបុរសមាឌធំពេលឃើញមានមនុស្សរងរបួសដោយសារការប៉ះទង្គិចគ្នានោះបាន បើកគេចខ្លួនទៅបាត់។
អ្នកឃើញហេតុការណ៍ឱ្យដឹងថា រថយន្ត និងម៉ូតូបើកបរស្របទិសគ្នា និងក្នុងល្បឿងលឿនដូចគ្នាពីកើតទៅលិច។ ប្រភពព័ត៌មានបន្តថា ពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តនោះបត់ស្តាំចូលទៅភូមិព្រៃព្រីង ប៉ុន្តែគេពុំដឹងថា បើកភ្លើងស៊ីញ៉ូ ឬអត់ឡើយ ចំណែកជនរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿនវាក់នឹងរថយន្តនោះជាន់ហ្វ្រាំងមិនទាន់ក៏ជ ្រុលទៅបុកគូទរថយន្តពេញទំហឹង។ ហេតុការណ៍បណ្តាលអ្នកជិះខាងក្រោយរងរបួសធ្ងន់ ឯអ្នកបើកបររងរបួសស្រាល។ ក្រោយពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស RX 300 នោះឈប់ស្ងៀម ហើយអ្នកបើកបរដើរទៅឈរមើលជនរងគ្រោះពីចំងាយ។ ដោយឃើញជនរងគ្រោះម្នាក់សន្លប់បាត់ស្មារតី អ្នកបើកបររថយន្តនោះក៏ប្រញាប់បើករថយន្តគេចបាត់ទៅ។ ជនរងគ្រោះបន្ទាប់ពីគេជួយធ្វើចលនាបេះដូងមួយសន្ទុះមកបានដឹងខ្លួនវិញ ហើយនាំគ្នាជិះម៉ូតូចេញទៅដែរ ដោយមិនបានប្តឹងសមត្ថកិច្ចឡើយ៕