ខេត្តបាត់ដំបង ៖ ជន​មិនស្គាល់​មុខ​ម្នាក់​បានចូលទៅ​វាយ​​​​ព្រះគ្រូ​​ចៅអធិការវត្ត​​​ និង​កូន​សិស្ស​​​របស់ព្រះអង្គ​​​​ម្នាក់ បណ្តាល​​ឱ្យរបួស​​ធ្ងន់ ក្នុង​គ្រា​ដែល​ព្រះអង្គ និងកូនសិស្ស​​កំពុងសិង និង​ដេក​​នៅ​ក្នុង​កុដិ​ ស្ថិត​ក្នុងវត្ត​​អម្ពវ័ន ហៅវត្ត​​ស្វាយ នៅក្នុង​​ភូមិ​ស្វាយធំ ឃុំ​អូរ​ដំបង​២ ស្រុកសង្កែ កាលពី​វេលាម៉ោង​​១១​និង​​៥០​នាទី​យប់ថ្ងៃទី​​៣០ ធ្នូ កន្លង​ទៅនេះ ។​ អំពើ​ដ៏ឃោរឃៅ​​ដែលបង្ក​​ដោយជន​​ទមិឡ វាយ​ទៅលើ​​ព្រះសង្ឃ​​ទាំង​​កំរោល​នេះ ​បាន​​ធ្វើ​ឱ្យ​​មាន​ការសន្និដ្ឋាន​​ផ្សេងៗ​​គ្នា រវាង​សមត្ថកិច្ច​ និង​សាក្សី​​នៅក្បែរ​វត្តនោះ ។ សមត្ថ​កិច្ច​​បានសន្និដ្ឋាន​​​ថា ទង្វើ​​​របស់​ជនពាល​ទៅលើ​ព្រះ​គ្រូចៅអធិការ​​វត្ត និង​កូនសិស្ស​​របស់ព្រះអង្គ​​នេះគឺជា​រឿង​​គំនុំ ​​ប៉ុន្តែ​​សាក្សី​​ដែល​មាន​អ្នក​ភូមិ​​​ និងព្រះសង្ឃ​​នៅក្នុង​វត្ត​នោះ​​​ផង​​និយាយ​ថា វា​ជាករណី​​ប្លន់តែ​មិន​​បាន​សំរេច​ ដែលទង្វើ​​បែបនេះ​​ធ្លាប់មាន​​កន្លង​មក​​​​ទៅ​លើ​​ព្រះសង្ឃ ។ ព្រះគ្រូចៅអធិការ​​ដែលរង​ការវាយ​​ដំពី​ជន​អប្រិយ​​នោះ​ព្រះនាម​​ជា ហ៊ឺ ​ព្រះជន្ម​​៧១​ឆ្នាំ ​ព្រះអង្គ​​របួស​ដៃ​​ឆ្វេង និង​​ខ្នង រី​ឯ​កូនសិស្ស​​របស់​ព្រះ​អង្គ​​ឈ្មោះទូច នឹក អាយុ​​១១​ឆ្នាំ ​របួស​បែក​ក្បាល​​ដេ​រចំនួន​​៤ថ្នេរ ​ដោយសារ​ជនពាលប្រើ​​ដំបង​វាយ ។​
តាមការ​បំភ្លឺ​​​ពី​​អ្នក​ភូមិ​​ និងព្រះសង្ឃ​​នានា​នៅក្នុងវត្ត​​អម្ពវ័ន​ ហៅវត្ត​​ស្វាយ​នេះ បាន​ឱ្យ​ដឹង​ថា នៅក្នុង​​កុដិ​​របស់ព្រះ​គ្រូចៅអធិការ​​​​នា​យប់​នោះ​​បាន​បើក​ទូរទស្សន៍ ហើយ​មាននេន​​ៗ​ជា​ច្រើន​​ទៅមើល ។ ប៉ុន្តែ​​នេនៗ​ទាំង​នោះ​​បាន​ចុះ​ទៅ​​អស់ ក្រោយ​​ពីចប់រឿង​​នៅវេលាម៉ោង​ប្រហែល​៩​យប់ ហើយ​ក្នុងគ្រា​នោះ​​មាន​នេន​មួយ​អង្គ​​គង់​នៅ​ក្រោយ​​គេ ។ បើ​តាម​ការ​ស្រង់សំដី​ពី​កូន​​​សិស្ស​​ដែល​របួស​បាន​និយាយ​ថា នេន​មួយ​អង្គនោះ​​បានអង្គុយ​​មើលទូរទស្សន៍​​យូរជាង​
គេ ។ លុះ​នេន​អង្គនោះ​​និមន្ត​​ចុះ​ទៅកុដិ​​​បាន​មួយ​សន្ទុះ​​ស្រាប់តែ​​មានរឿង​​នេះកើតឡើង​តែម្តង ខណៈ​ដែលទ្វារ​កុដិ​​មិន​បាន​ដាក់គន្លឹះ​ ។ កោះសន្តិភាព​មិនអាច​សុំ​ការ​បំភ្លឺ​ពីលោក​ប៊ុត ប៊ុនធឿន អធិការ​នគរ​បាល​​ស្រុកសង្កែ​​បាន​ទេ​នា​ព្រឹកថ្ងៃ​​ទី​៣១ ធ្នូ ដោយ​លោក​មិន​​លើកទូរស័ព្ទ ។
ប៉ុន្តែ​លោក​​​សឹង ឌៀប ​នាយ​នគរបាល​ប៉ុស្តិ៍​​អូរ​ដំបង​​២ បាន​ប្រាប់​ថា ​ករណី​ខាងលើ​នេះ វាកើត​ចេញពីរឿង​គំនុំ​​​ដែលព្រះគ្រូ​​ចៅអធិការ​​ធ្លាប់​មាន​បញ្ហា​​កន្លង​មក​​នៅក្នុងវត្ត​​​នេះ ។ លោកនាយប៉ុស្តិ៍​​​ប្រាប់​ថា ជនល្មើស​​បានប្រើ​​រំពាត់វាយ​​ទៅលើព្រះ​អង្គ​ និងកូនសិស្ស​​ក្នុង​គ្រា​ដែល​ព្រះអង្គ​​កំពុងសិង​​លង់​លក់​​ជាមួយ​កូនសិស្ស​​ហើយព្រះអង្គ​​កំពុង​​​មាន​អា ពាធ​​ទៀត​ផង ។ ប៉ុន្តែ​​ផ្ទុយ​​ពី​នេះ សាក្សី​​បាននិយាយ​ថា ជនពាលនេះ​បាន​ព្យា​យាម​​​ចូលទៅ​ប្លន់ទ្រព្យ​​របស់ព្រះអង្គ​​ ​ហើយ​ដោយ​សារ​តែមាន​ការភ្ញាក់​ផ្អើល​​ខ្លាំង ហើយ​នេន​ៗ​ចេញ​​វាយ​រគាំង​ប្រកាស​អាសន្ន​​ផង ទើប​ជនពាល​រត់​បាត់​ទៅ ដែល​ករណី​នេះ​ទំនង​​សមត្ថ​កិច្ច​អាច​កំណត់​​មុខសញ្ញា​​​បាន​ហើយ ៕​