ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ខាង​ត្បូង​ស្ពាន​សែ​សិន​ចំងាយ​​​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុង​​ភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ មាន​ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​​មួយ​​កើត​ឡើង​​ដោយ​​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​បុក​កង់​រថយន្ត​ផ្នែក​ ខាង​ក្រោយ​ បណ្តាល​ឱ្យ​របួស​​មនុស្ស​ម្នាក់​ធ្ងន់​ និង​ម៉ាស៊ីន​គោ​យន្ត​ដាច់​ធ្លាក់​​លើ​ផ្លូវ ។ មន្ត្រី​ប៉ូលិស​ចរា​ចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា អ្នក​រង​​របួស​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​​ថ្នាក់​​​នេះ​ ឈ្មោះ​ហាន់ អ៊ាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឃូ​ស្វាយ ឃុំ​​បុស្បូវ ​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ ជា​អ្នក​បើក​បរ​គោ​យន្ត​​ដែល​ក្នុង​នោះ​មាន​មនុស្ស​ជិះ​ចំនួន​២៤​នាក់ ។
តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ថា គោ​យន្ត​កន្ត្រៃ​​​​បើក​មក​​ពី​ទិស​ខាង​ជើង​​​ លុះ​ទៅ​ដល់​ចំណុច​ខាង​លើ​ក៏​រេ​ដៃ​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​​ បណ្តាល​ឱ្យ​ម៉ាស៊ីន​គោ​យន្ត​ជ្រុល​ទៅ​​បុក​កង់​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌ស​ ពាក់​ស្លាក​លេខ​​​​បន្ទាយ​មាន​ជ័យ 3A-0439 ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ និង​បើក​បរ​ដោយ​ឈ្មោះ​សឿ រិទ្ធី ភេទ​ប្រុស អាយុ​​៣៩​ឆ្នាំ នៅ​​ភូមិ​ហ្លូង ឃុំ​ឫស្សី​ក្រោក ស្រុក​​មង្គល​បុរី ។ ក្នុង​ហេតុ​ការណ៍​នេះ​ បណ្តាល​ឱ្យ​អ្នក​បើក​​គោ​យន្ត​កន្ត្រៃ​ត្រូវ​ដៃ​គោ​យន្ត​​​វាត់​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​របួស​ធ្ងន់ ។
លោក​វរ​សេនីយ៍​ទោ ឈឿម សុផុន នាយ​ការិយា​ល័យ​ចរា​ចរណ៍​​បាន​បន្ត​ឱ្យ​ដឹង​ដែរ​ថា ​មូល​ហេតុ​គឺ​មក​​ពី​គោ​យន្ត​ដឹក​មនុស្ស​លើស​ចំណុះ​​ហើយ​គួប​ផ្សំ​​នឹង​កន្លែង​កើត​ហេតុ​​ជា​ផ្លូវ​ក ោង និង​ចំណោត​ផង​នោះ ទើប​បណ្តាល​ឱ្យ​​គោ​យន្ត​រេ​ដៃ​ចង្កូត​ទៅ​បុក​ក​ង់​រថយន្ត ។ ជន​រង​គ្រោះ​​ត្រូវ​បាន​​សមត្ថ​កិច្ច​ដឹក​​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ ចំណែក​វត្ថុ​តាង​​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍ ៕