ខេត្តកំពង់ស្ពឺ​ ៖ ​មក​ដល់ថ្ងៃទី​​២៤ ធ្នូ ២០១០ នេះ គឺរយៈ​ពេល​​២ថ្ងៃហើយ ដែល​ស្ថាប័ន​​ពាក់ព័ន្ធ​​បាន​បញ្ជូន​​គ្រឿង​​ចក្រ​ទៅឈូស​ឆាយ​​ផ្លូវ​ចេញ​ពី​ផ្លូវ​លំ​ដែលមានស្រាប់​​ទៅ​កា ន់​​កន្លែង​​ឃាតក​ដំរី​​អាសំបូរ រស់នៅ ដើម្បី​​ងាយ​ស្រួល​​ក្នុង​ការ​ដឹកជញ្ជូន​​វា​ទៅកាន់​សួនសត្វ​​ភ្នំតា​ម៉ៅ ។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​បាន​ឱ្យ​​ដឹង​ថា ​ទ្រុង​ដែក​​​សំរាប់​ដាក់អាសំបូរ ធ្វើរួចរាល់អស់ហើយ ​នៅឡើយ​តែ​ផ្លូវ​​អាច​បើកបរ​​ចេញ​-ចូល​​បាន​ប៉ុណ្ណោះ ​​នឹង​ដឹក​វា​ចេញ​ពីភូមិ​​ឋាន​ប្រជារាស្ត្រ​​ហើយ ។ ផ្លូវ​​ឈូស​ឆាយ​​ទៅកាន់​​កន្លែង​​ដែល​អាសំបូរ​​កាន់កាប់​​នោះ​អាច​នឹង​បើក​បរ​បាន​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ធ្នូ ​២០១០ ខាង​មុខ ហើយ​​អា​សំបូរ ក៏​អាច​នឹង​ត្រូវ​ដឹក​ចេញ​​ទៅកាន់​​សួរសត្វ​​ភ្នំ​តា​ម៉ៅ​​នៅដើម​សប្តាហ៍​​ក្រោយនេះ​ដែរ ។​
​ប្រធាន​​​សួនសត្វ​ភ្នំតាម៉ៅ​​ លោក​ញឹក រតនៈ​ ពេជ្រ ​បាន​ប្រាប់​​កោះសន្តិភាព​​តាមទូរស័ព្ទ​​នៅ​រសៀលថ្ងៃពុធ ​ទី​២២ ធ្នូ ​​២០១០ ​ថា មក​ដល់​​ពេលនេះ​ឃាតករ​ឈ្មោះ​​អាសំបូរ នៅ​តែមាន​​ចរិត​​កាច​សាហាវ​ដដែល វាមិន​​ទាន់​ផ្លាស់ប្តូរ​​ពី​​កោង​កាច​មកទន់ភ្លន់​​សុភាពរាប​សា​នៅឡើយ​​ទេ បើទោះ​​បីជា​មន្ត្រី​​ជំនាញ​​ខិតខំ​អប់រំ​វាយ៉ាង​ណា​ក៏​ដោយ ​ហើយវា​កំពុង​ចុះប្រេង​យ៉ាង​ច្រើន ។ ​លោកញឹក រតនៈ​ពេជ្រ ​បន្ត​ថា នៅពេលនេះ​​ទ្រុង​​សំរាប់​ដាក់​អាសំបូរ​នោះ​ បាន​រៀបចំ​​​រួច​រាល់​ហើយ ហើយគ្រោង​នឹង​​ដឹក​អា​សំបូរ បញ្ជូន​​ទៅ​សួន​សត្វ​ភ្នំតាម៉ៅ​ភ្លាមៗ ដែល​យ៉ាង​ហោចណាស់​​ក៏ដើម​សប្តាហ៍​​​ក្រោយ​នេះដែរ ។
គួរ​បញ្ជាក់​ថា​ អាសំបូរ ​ត្រូវបាន​​ក្រុមជំនាញ​​សត្វ​ព្រៃ​​ចាប់ដាក់​ច្រវាក់​​ ដើម្បី​​អប់រំ និង​ផ្សាំង​​វា​កាល​ពី​​ថ្ងៃ​ទី​​១៥ ធ្នូ កន្លង​​មកនេះ ក្រោយពេល​ដែល​វា​បាន​​សំលាប់​​មនុស្ស​ម្នាក់​​កាលពី​រសៀល​ថ្ងៃសៅរ៍ ទី​​៤ ធ្នូ ​នៅចំណុច​ជ្រោះ​បាក់ ស្ថិត​ក្នុង​ភូមិ​​មន ឃុំ​ធម្មតាអរ ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ ​និងធ្វើ​​ឱ្យ​​ប្រជា​សហគមន៍​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​វា​យ៉ាង​​ខ្លាំង ។ បុរសដែល​​ត្រូវ​អាសំបូរ ជាន់សំលាប់នោះ​ឈ្មោះ​​សែ ណុល អាយុ​​៥៤​ឆ្នាំ ​មានទីលំនៅក្នុង​​ភូមិ​​-ឃុំ​​កន្លែង​កើតហេតុ​​ខាងលើ ។ ​ហេតុការណ៍​​ដ៏កម្រ​​ជួបប្រទះ​ និងគួរ​ឱ្យ​សោកស្តាយ​នេះបាន​កើត​​​ឡើង​ ខណៈ​​ពេលជនរងគ្រោះ​ និងម្ចាស់​​របស់​វា​ដែលពិការ​ជើងម្ខាង កំពុងស្រាយ​ច្រវាក់​ចេញ​ពី​​.ក​ដំរី ស្រាប់តែ​​ដំរីនោះ​​បាន​បុះ​​ជន​រង​គ្រោះ​​ឱ្យដួល រួច​ជាន់​ពីលើ​រហូត​ដល់ស្លាប់​នៅ នឹង​កន្លែង​ ៕​