រាជធានីភ្នំពេញ ៖ វគ្គ​បំប៉ន​កាយ​សម្បទា​និង​​ក្បាច់​គុន​តេក្វាន់​ដូ​ជំនាន់​ទី​១ ដល់​កង​កំលាំង​នគរ​បាល​ជាតិ​នៃ​នាយក​ដ្ឋាន​អង្គ​រក្ស​ ត្រូវ​បាន​​ប្រារព្ធ​​ពិធី​បិទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ កន្លង​មក​ បន្ទាប់​​ពី​បាន​ធ្វើ​ការ​​ហ្វឹក​ហាត់​អស់​រយៈ​ពេល​៦​ខែ។ លោក​ឧត្តម​សេនីយ៍​ត្រី ម៉ក់ សំអុល អនុ​ប្រធាន​នាយក​ដ្ឋាន​​​អង្គ​​រក្ស​ និង​ជា​ប្រធាន​គណៈ​គ្រប់​គ្រង​ការ​ហ្វឹក​ហាត់​បាន​មាន​ប្រសាសន៍​​​ថា វគ្គ​បំប៉ន​នេះ​​បាន​រៀប​ចំ​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៩ ឧសភា មក​​ដែល​មាន​សិក្ខា​កាម​​ជា​​មន្ត្រី​​ប៉ូលិស​​​នៅ​ក្នុង​​នាយក​ដ្ឋាន​​អង្គ​រក្ស​​ចូល​រួម​ធ្វើ​​ការ​ហ្វ ឹក​ហាត់​​ចំនួន​៥៣​នាក់ (ស្រី​​៦​នាក់) ​និង​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក​គ្រូ​ ឆយ យ៉ុង​សុខ គ្រូ​បង្ហាត់​​ក្បាច់​គុន​​តេ​ក្វាន់​ដូ​ជន​ជាតិ​​កូរ៉េ ​ប្រចាំ​កម្ពុជា។ លោក​​ឧត្តម​សេនីយ៍​បាន​បន្ត​​ថា គោល​បំណង​ដែល​​នាំ​ឱ្យ​មាន​ការ​​ហ្វឹត​ហាត់​​ក្បាច់​គុន​​តេក្វាន់​ដូ​ដល់​មន្ត្រី​ប៉ូលិស​​នាយក​ដ្ឋាន​​អ ង្គ​រក្ស​​នេះ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​​​ឱ្យ​សិក្ខា​​កា​មទាំង​អស់​ទទួល​បាន​នូវ​ជំនាញ​ឯក​ទេស​ក្បាច់​គុន​តេក្វាន់ ​ដូ​ ព្រម​ទាំង​បទ​ពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​រួម​ចំណែក​​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ចំពោះ​មុខ​ ​ធានា​បាន​នូវ​សន្តិ​សុខ​ សុវត្ថិ​ភាព​ជូន​ដល់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជាតិ-អន្តរ​ជាតិ។
ឆ្លៀត​ក្នុង​ឱកាស​​នោះ​ លោក​ឧត្តម​សេនីយ៍​ឯក យូ ស៊ុន​ឡុង អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍​​ផ្តាំ​​​ផ្ញើ​ដល់​កង​កំលាំង​ទាំង​អស់​ ​បន្ទាប់​ពី​បាន​បញ្ចប់​វគ្គ​នេះ​ទៅ ​ត្រូវ​យក​ជំនាញ​​ទាំង​នេះ​ទៅ​បំរើ​ជាតិ​មាតុ​ភូមិ​​ និង​ថ្នាក់ដឹក​នាំ​ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង​ក្នុង​បុព្វ​ហេតុ​បំរើ​ជាតិ ដែល​ថ្នាក់​លើ​ប្រគល់​ឱ្យ​ដោយ​ចរិត​សកម្ម​ប្រយុទ្ធ​ឥត​រួញ​រា ហើយ​ក៏​មិន​ត្រូវ​យក​ចំណេះ​ដឹង​ទាំង​នេះ​ទៅ​ធ្វើ​​អ្វី​ដែល​នាំ​ឱ្យ​ប្រាស​ចាក​ពី​​សីល​ធម៌​ឡើយ និង​​ក៏​មិន​ត្រូវ​យក​ទៅ​សំឡុត​គំរាម​កំហែង​ជន​ស្លូត​ត្រង់​​ដែរ។ លោក​ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​​ការ​​ខិត​ខំ​ប្រឹង​ប្រែង​របស់​សិក្ខា​កាម​ទាំង​​ អស់​ដែល​បាន​ខិត​ខំ​ហ្វឹក​ហាត់​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​​នេះ ដោយ​មិន​ខ្លាច​នឿយ​ហត់​ឡើយ។ ​សូម​បញ្ជាក់​​ថា ក្នុង​ចំណោម​​សិក្ខា​កាម​ទាំង​៥៣​នាក់ ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​​ចំនួន​៤​នាក់ និទ្ទេស​​ល្អ​៨​នាក់ និទ្ទេស​ល្អ​​បង្គួរ​៨​នាក់ ​និទ្ទេស​បង្គួរ​៧​នាក់ និង​​និទ្ទេស​មធ្យម​២៦​នាក់៕