ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ចែក​ចាយ ​និង​​សេព​គ្រឿង​ញៀន​​ចំនួន​៧​នាក់ មាន​ប្រុស​មាន​ស្រី​​​ បាន​ត្រូវ​​​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​ការ​ឃាត់​​ខ្លួន​កាល​​​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១០ នៅ​ចំណុច​​ក្បាល​កោះ​ ​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​​ជាក់​ស្តែង ។ មន្ត្រី​ប៉ូលិស​និយាយ​ថា ជន​​ទាំង​៧​នាក់​នេះ​ រួម​មាន​ ១-ឈ្មោះ​​កែវ ហាក់​ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ២-ឈ្មោះ​អឿន យ៉ុន ភេទ​ស្រី អាយុ​៥១ឆ្នាំ ៣-ឈ្មោះ​​នាង ផល្លា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ៤-ឈ្មោះ​ភី សុភ័ណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៥-ឈ្មោះ​យិន សាវុធ​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៦-​ឈ្មោះ​​ធា ប៉ែត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៧-ឈ្មោះ​ស៊ី ថា ភេទ​​ប្រុស អាយុ​៥០​ឆ្នាំ ។ ពួក​គេ​ទាំង​អស់​គ្នា​មាន​ទី​លំនៅ​ក្នុង​ភូមិ​​ក្បាល​ស្ពាន ក្នុង​នោះ​ឈ្មោះ​​កែវ ហាក់​ និង​ឈ្មោះ​អឿន យ៉ុន ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ហើយ​ក្នុង​ចំណោម​៧​នាក់​នេះ​ដែរ ឈ្មោះ​នាង ផល្លា ហៅ​ម៉ៅ និង​ឈ្មោះ​អឿន យ៉ុន ជា​អ្នក​ចែក​ចាយ ។ ​ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​ជន​ទាំង​៧​នាក់​ខាង​លើ ប៉ូលិស​​ធ្វើ​ការឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភេទ​​យ៉ាម៉ា​ ពណ៌​ក្រហម ចំនួន​១០​គ្រាប់ និង​បំពង់​ជក់​ចំនួន​៣ ព្រម​ទាំង​ឧបករណ៍​សំរាប់​ជក់​មួយ​ចំនួន​​ទៀត ។ ក្នុង​​ពេល​ធ្វើ​ការ​បង្ក្រាប​នោះ​​ស្ត្រី​ឈ្មោះ​អឿន យ៉ុន ដែល​ជា​អ្នក​ចែក​​ចាយ​និង​ជា​ម្ចាស់​​ផ្ទះ​ត្រូវ​​ប៉ូលិស​​​ឱ្យ​ដឹង​ថា បាន​ព្យា​យាម​ទំលាក់​ថ្នាំ​ញៀន​​តាម​ប្រហោង​រនាប​​ទៅ​ដី ប៉ុន្តែ​ត្រូវ​ប៉ូលិស​ឃើញ​​ទាន់ ។
លោក​អនុ​សេនីយ៍​ឯក អ៊ុំ សុផល​ អធិ​ការ​​នគរ​បាល​ក្រុង​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​គោល​ការណ៍​​ភូមិ ឃុំ មាន​សុវត្ថិ​ភាព​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ​ តាម​អនុ​សាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ដោយ​មាន​ការ​ណែ​នាំ​ចង្អុល​បង្ហាញ​​​ពី​លោក​ឧត្តម​សេនីយ៍​ស្នង​ការ​​ខេត្ត ក៏​ដូច​ជា​លោក​អភិ​បាល​​ក្រុង ទើប​​លោក​បាន​ដាក់​កំលាំង​ចុះ​ស្រាវ​ជ្រាវ​​ រហូត​ឈាន​​ដល់​ការ​ចុះ​បង្ក្រាប​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៧​នាក់​ខាង​លើ​នេះ ។ លោក​អធិ​ការ​ប្រាប់​ថា ក្រោយ​ការ​សួរ​នាំ និង​ធ្វើ​កំណត់​​ហេតុ​រួច ​នឹង​បញ្ជូន​​ពួក​គេ​ទៅ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​​ចាត់​ការ​បន្ត​តាម​នីតិវិធី​​ច្បាប់ ៕