ខេត្ត​ពោធិ៍​សាត់ ៖ យុវសិស្សម្នាក់ត្រូវ​ក្រុម​ក្មេង​ទំនើងដេញកាប់ឡើងសុសសាច់ ខណៈ​ពេល​ទៅមើល​ការ​ប្រគំ​តន្រ្តីផ្សព្វផ្សាយពាណិជ្ជ​កម្ម​ស្រា​​បៀរលីអូ​នៅស្ថានីយ​ទូរទស្សន៍ជាតិកម្ពុជា​ ប៉ុស្តិ៍​លេខ​១០ ពោធិ៍​សាត់។ ករណីនេះ​បាន​កើត​ឡើង​​កាល​ពីថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០១០ វេលា​ម៉ោង​៩​​យប់​នៅខាងមុខទីស្នាក់ការសាខាកាក​បាទ​ក្រហម​​កម្ពុជាខេត្ត ខាងលិចជាប់​របង​ស្ថានីយ​ទូរទស្សន៍ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះ​ព្រៃ ក្រុងពោធិ៍​សាត់។ លោក​ ស សន្យា ប្រធានផ្នែកសំណុំរឿងនៃ​ការិយា​ល័យ​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ថៃ រ៉ូម៉ា ភេទប្រុស អាយុ​១៩​ឆ្នាំ មានទីលំនៅភូមិក្របៅ​ជ្រុំ ឃុំបាក់​ចិញ្ចៀន ស្រុកភ្នំក្រវាញជាសិស្សរៀនថ្នាក់ទី​11p នៃ​វិទ្យាល័យ​ពោធិ៍​សាត់ និងជាកូនលោក​នាយ​ប៉ុស្តិ៍​បាក់ចិញ្ចៀន។ ជនរងគ្រោះត្រូវ​ក្រុម​ដៃ​ដល់​កាប់​ចំនួន១៤​កាំបិត គឺ​ត្រូវចំដៃស្ដាំ៥​កន្លែង ឆ្អឹង​ជំនី១​កន្លែងធ្លាយដល់សួត ដើមទ្រូង២​កន្លែង ខ្នង​២​កន្លែង ជើងស្ដាំ១​កន្លែង ត្រគាក១​កន្លែង ក្បាល​ពីក្រោយ១​កន្លែង ដៃឆ្វេង​១​កន្លែង ព្រម​ទាំង​ដាល់មួយដៃចំភ្នែកឡើងខៀវទៀតផង។
នៅមន្ទីរពេទ្យជនរងគ្រោះបានរៀបរាប់​ថា នៅយប់ថ្ងៃទី២៣ នោះ ខ្លួន​និង​មិត្ត​ភក្តិ​២​នាក់​ទៀត បាននាំគ្នាទៅមើលគេ​ប្រគំ​តន្ត្រី​​ផ្សព្វ​ផ្សាយស្រាបៀរលីអូ​នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា ប៉ុស្តិ៍​លេខ១០​ ពោធិ៍​សាត់។ កម្មវិធី​យប់​នោះ គឺមានប្រគំ​តន្ត្រី​ ចាប់ឆ្នោត និង​តំរៀប​តុ​ត្រៀប​ត្រាលក់ស្រាបៀរលីអូ ស្រាបៀរសិង្ហ។ ចំណែកនៅខាង​ក្រៅ​វិញ មានល្បែងគប់ប៉េង​ប៉ោង បោះកង លក់ផលិតផលនានា និង​សំភារ​ហូប​ចុក ប្រើប្រាស់គ្រប់ប្រភេទ។ ពួកខ្លួនបាន​ចូល​​ទស្សនាមួយសន្ទុះធំ លុះ​ក្រោយ​មក​វេលា​ម៉ោង​​ប្រហែល៩យប់ ក៏​នាំគ្នាចេញមកក្រៅវិញ។ ខណៈ​​ពេល​កំពុង​ឈរក្បែររបងស្ថានីយ​ទូរទស្សន៍​​ខាងមុខឆៀងខាងកើតកាកបាទ​ក្រហម​ខេត្ត ស្រាប់តែ​មាន​ក្មេងទំនើងមួយក្រុម​មាន​គ្នា​៤-៥នាក់​ ម្នាក់កំពុងនិយាយទូរស័ព្ទ ពេល​ក្រឡេក​​ឃើញពួកខ្លួនភ្លាម ក៏​ស្រែកចង្អុលមកថា ពួកវាហ្នឹងហើយ រួច​ក៏​នាំ​គ្នាសំរុកចូលមក​តែ​ម្ដង ដោយមានកាំបិត និងដំបងកាន់នឹងដៃ​ផង។
ឃើញ​ដូច្នេះពួក​ខ្លួន​ក៏​នាំគ្នារត់ ប៉ុន្តែដោយខ្លួន​រត់​មិន​រួចដួលក្រោយគេ ក៏​ត្រូវពួក​នោះ​កាប់​ជា​ច្រើន​​កាំបិត រួចហើយនាំគ្នារត់បាត់អស់។ ចំពោះ​ក្រុម​​ជន​ដៃដល់ខ្លួនមិន​ធ្លាប់​ស្គាល់ទេ ប៉ុន្តែ​មិត្ត​ភក្តិ​របស់​ខ្លួន​ដែល​ដើរជាមួយស្គាល់ម្នាក់​ឈ្មោះយក់ វិចិត្រ ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅភូមិព្រែកស្ដី សង្កាត់​លលកស ក្រុងពោធិ៍​សាត់ រៀនថ្នាក់ទី​11Q នៃ​វិទ្យា​ល័យ​ពោធិ៍​សាត់។ លោកវរ​សេនីយ៍ត្រី ស៊ឹង សុភក្រ័្ត នាយ​ការិយា​ល័យ​នគរបាលព្រហ្មទណ្ឌ​កំរិត​ធ្ងន់​មាន​ប្រសាសន៍ថា​ តាម​ចំលើយរបស់ជនរងគ្រោះ​សមត្ថ​កិច្ច​បានកំណត់មុខសញ្ញា​ក្រុម​ដៃ​ដល់​អស់​ហើយ និងកំពុងស្រាវជ្រាវឈានទៅ​រក​ចាប់​ខ្លួន​យកមកផ្ដន្ទាទោសតាមច្បាប់។ ទោះ​បី​ជន​រង​គ្រោះ​ឆ្លើយថាមិនដឹងមូលហេតុ ប៉ុន្តែពេល​ដែល​ចាប់​ជន​ដៃ​ដល់បាន នឹងដឹងរឿងពិតមិនខាន៕