ខេត្ត​កំពង់​ចាម​ ៖ ​ក្មេង​ទំនើង​ប្រុស​​ស្រី​មួយ​ក្រុម​មាន​គ្នា​៩​នាក់ ​ជិះម៉ូតូ​​​៣​គ្រឿង ​បាន​​​ស្ទាក់​វាយលើ​​គូបដិបក្ស​​​មានគ្នា​​៤នាក់ជិះ​ម៉ូតូ​២គ្រឿង ពេល​ចេញ​ពី​​​ក្លឹប​​មួយកន្លែង​​ ស្ថិតនៅ​សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម​ កាលពីវេលាម៉ោង​​១២​និង​​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​២៣ ធ្នូ ឆ្នាំ​២០១០ ​ដោយ​​តាម​​វាយ​​រហូត​ដល់​ផ្លូវ​ជាតិ​​លេខ​៧​ថ្មី ម្តុំ​​មុខ​ក្រុមហ៊ុន​​ស្រា​បៀរ​​អង្គរ ស្ថិត​​នៅ​ភូ​មិ​បឹង​ស្នាយ សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម ។ ​ពេលនោះ​​ភាគី​​ដែលមាន​គ្នា​​៤នាក់​​បានជិះ​​ម៉ូតូ​​រត់គេចខ្លួន​​​​រួច​​២នាក់ ឯ​​២នាក់ទៀត​​រត់​ចោល​​ម៉ូតូ​ម៉ាក​អាយខន​​ ត្រូវបានក្រុម​ក្មេង​ទំនើង​​មាន​គ្នា​​៩​នាក់នោះ​​យកដុំ​ថ្ម​​​វាយ​កំទេច​​ម៉ូតូ​​ បណ្តាល​​ឱ្យ​ខូចខាត​​​ខ្ទេច​ខ្ទី​​អស់ ទើប​នាំ​គ្នា​ជិះ​គេច​ខ្លួន​ទៅ​វិញបាត់ ​ក្រោយ​មក​ត្រូវ​​​​សមត្ថ​កិច្ច​​តាម​ស្រាវ​ជ្រាវ​​ចាប់​បាន​​២នាក់ ។
​ប្រភព​ពី​មន្ត្រី​​នគរ​បាល​​ក្រុង​កំពង់ចាម​​បាន​ប្រាប់​ថា ​មុនពេល​​កើតហេតុ ក្រុម​​អ្នក​​រង​គ្រោះ​​ដែលមានគ្នា​​៤នាក់បាន​​ចូល​​​រាំ​លេង​នៅ​ក្លឹប​​​កំសាន្ត​ជិត​ទន្លេ​អុំ ​និង​មិន​មាន​បញ្ហា​ទំនាស់​ណា​មួយកើតឡើង​នោះទេ ដោយរាំ​លេង​សប្បាយ​​​ជា​ធម្មតា ។ ​ប៉ុន្តែ​​ពេល​ដែល​​ពួកគេ​​ទាញ​ម៉ូតូ​​ជិះ​ត្រឡប់​មក​ផ្ទះវិញ​ ស្រាប់តែ​​​ត្រូវ​ក្រុម​ទំនើង​​ខាង​លើ​​​​​ជិះម៉ូតូ​ដេញ​តាម​ពី​​ក្រោយ ។ ពេល​នោះ​មាន​​ម៉ូតូ​១គ្រឿងបានជិះ​មក​កៀកនឹងម៉ូតូរបស់​ឈ្មោះ​ភក្ត្រ ដែល​​ជា​ភាគីរងគ្រោះ​ ហើយ​ឈ្មោះ​ភក្ត្រ​​បាន​​សួរ​ពួកនោះ​ថា មានការអី? ​សួរ​មិន​ទាន់​​ចង់​​​ស្រួលបួល​ផង ក៏ត្រូវ​​ពួក​នោះ​​ទះ​២-៣​កំផ្លៀង ធ្វើ​ឱ្យភាគី​​រងគ្រោះ​​ខឹង​ប្រុង​​តប​ត​វិញ ប៉ុន្តែ​​ពេល​ក្រឡេកមើល​ក្រោយឃើញមាន​ម៉ូតូ​២​គ្រឿង​ទៀតជិះមក តាម​ទើបប្រញាប់បន្ថែម​ល្បឿន​ជិះ​រត់គេច​ចូល​ទៅផ្លូវវត្តថ្មី ។ ពេល​​នោះ​ម៉ូតូរបស់​ឈ្មោះភក្ត្រ​ បានជិះ​រត់​​គេចចូលទៅ​បាត់មុន រីឯ​ម៉ូតូរបស់ឈ្មោះ​សំណាង វិញ ពេល​ជិះមកដល់​មុខ​​ផ្ទះប្រជាពលរដ្ឋ​ក្បែរកន្លែង​ឡ​នំបុ័ង​ត្រូវ​​ក្រុម​នោះ​តាមទាន់​ ក៏​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​ ដោយ​ ដឹង​ថា​មិន​អាច​តតាំង​​ជា​មួយពួក​នោះបាន ឈ្មោះ​សំណាង និងមិត្ត​ភក្តិ​​ម្នាក់ទៀត​​បានរត់​ចោល​ម៉ូតូ​ចូលទៅពួន​សម្ងំ​នៅ​ក្នុងព្រៃ ។ ​ភ្លាម​នោះ​ ក្រុម​ក្មេង​ទំនើងបាននាំគ្នា​យក​ដុំ​ថ្ម​វាយ និងគប់​កំទេច​ម៉ូតូ​ឡើងខ្ទេចខ្ទី​អស់​ ទើប​​ពួកគេ​​នាំគ្នាជិះ​រត់គេច​ខ្លួន​អស់ ។ តាម​រយៈ​ការ​ស្រាវជ្រាវ ដោយ​​​មាន​ការ​បំភ្លឺពី​ភាគី​រងគ្រោះ​ផង ជនសង្ស័យ២នាក់​ ម្នាក់​ឈ្មោះ​ជាតិ សោ​ភ័ណ្ឌ ភេទប្រុស អាយុ​២៨​ឆ្នាំ រស់នៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុង​កំពង់​ចាម និងម្នាក់​ទៀត​ឈ្មោះ​ម៉េន ចាន់ណា​រ៉េត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ​កោះប៉ែន ឃុំ​កោះមិត្ត ស្រុកកំពង់​សៀម ត្រូវ​បានហៅ​មក​សួរ​នាំនៅអធិ​ការ​ដ្ឋាន​ក្រុងកំពង់ចាម​ក៏ធ្វើការឃាត់​ខ្លួន​តែ​ម្តង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា យោងទៅ តាមបទបញ្ជា​របស់លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាល​ខេត្ត​ សមត្ថ​កិច្ច​បានកសាង​សំណុំរឿង​បញ្ជូន​ជនទាំង២នាក់នេះ ទៅកាន់សាលាដំបូងខេត្ត និងសុំដីកាតាមចាប់​បក្ស​ពួកមួយចំនួនទៀត​យក​មកផ្តន្ទាទោស​​តាម​ច្បាប់ ។ គួររំលឹកថា នាពេលកន្លងមកនេះ​ក៏​មាន​ក្មេង​ទំនើង១ក្រុមបានជិះ​ម៉ូតូ​ដេញធាក់ម៉ូតូ១គ្រឿង​ដែលជិះគ្នា៣នាក់ចេញពីត្រង់ចំណ ុចរង្វង់មូលនាគព័ន្ធស្រុក​កំពង់សៀម លុះមកដល់ម្តុំធនាគារ​អេស៊ីលីដា ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុង​កំពង់ចាម​​ ដោយ​សារ​ភ័យ​ពេក​​ម៉ូតូ​​ជិះឌុប​គ្នា​៣​នាក់​​​នោះ​បានបុកបង្គោលភ្លើងអគ្គីសនីធ្វើអំពី​ដែក​ បណ្តាលឲ្យស្លាប់២នាក់ ​និង​រងរបួសធ្ងន់​ម្នាក់ ​។ រហូត​មកដល់ពេលនេះ ក្រុម​ក្មេង​​ទំនើង​​ទាំង​​នោះ​មិន​ទាន់​ត្រូវ​បានចាប់ខ្លួននៅឡើយទេ ៕