ខេត្ត​ស្វាយ​រៀង ៖ ស្រី្ត​ម្នាក់​​បាន​យក​ដុំ​ថ្ម​ទៅ​គប់​ទ្វារ​ធនា​គារ​អេស៊ីលី​ដា​ស្វាយ​រៀង និង​​ស្រែក​ឡូឡា​នៅ​មុខ​ធនា​គារ​ ធ្វើ​ឱ្យ​ផ្អើល​មនុស្ស​ម្នា​មក​ចោម​រោម​មើល ហើយ​សន្តិ​សុខ​យាម​ធនា​គារ​បាន​ចេញ​មក​ឃាត់ និង​​ចាប់​សាក​សួរ​តែ​ពុំ​បាន​សំរេច ​ដោយ​ស្ត្រី​រូប​នេះ​ទាញ​ដុំ​ថ្ម​វាយ​ប្រហារ​ទៅ​លើ​សន្តិ​សុខ​​វិញ ទើប​ឈាន​ដល់​ទូរស័ព្ទ​ហៅ​សមត្ថ​កិច្ច​ឱ្យ​មក​ធ្វើ​អន្តរា​កមន៍ ។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ វេលា​ម៉ោង​៧​ព្រឹក ក្នុងភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។
ស្ត្រី​ដែល​អុក​​ឡុក​ធនា​គារ​អេស៊ី​លី​ដា ផ្អើល​ទាំង​​ព្រឹក​នេះ​ឈ្មោះ​ប៉ែន សុបិន អាយុ​៣១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ តាម​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​បាន​ដឹង​ពី​ជីវិត​របស់​​ស្ត្រី​រូប​នេះ បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ស្ត្រី​រូប​នេះ​មាន​វិបត្តិ​មិន​ខុស​ពី​នាង​​បដាចារ​ទេ ។ នាង​ជា​កូន​កំព្រា​​ មាន​ប្តី និង​មាន​កូន​ប្រុស​ម្នាក់​ ​កន្លង​មក​ធ្លាប់​រស់​នៅ​យ៉ាង​សុខ​សាន្ត​ដូច​អ្នក​ឯ​ទៀត​ដែរ តែ​ក្រោយ​មក​ស្រាប់​តែ​ប្តី​លួច​ចាក​ចេញ​ចោល​ទៅ​ប្រទេស​អាមេ​រិក ។​ លុះ​ដល់​ថ្ងៃ​ឡើង​យនុ្ត​ហោះ​ ទើប​នាង​​​​ដឹង​ក៏​ឡើង​រថយន្ត​ទៅ​តាម​ប្តី ប៉ុន្តែ​ពេល​ទៅ​ដល់​ព្រលាន​​យន្ត​​ហោះ​​ពុំ​បាន​ជួប​មុខ​ប្តី​ជា​ចុង​ក្រោយ​ទេ គឺ​យន្ត​ហោះ​​ចាក​ចេញ​ទៅ​ហើយ នាង​បាន​ត្រឹម​តែ​ទ្រហោ​យំ​សំលឹង​តាម​មើល​​យន្ត​ហោះ​​ដែល​កំពុង​ហោះ​ឡើង​លើ​លំហ​មេឃ​ធ្វើ​ឱ្យ​នាង​យំ រហូត​សន្លប់​​បាត់​ស្មារតី​ ហើយ​ត្រូវ​សាច់​ញាតិ​ខាង​ប្តី នាំ​ត្រឡប់​មក​ផ្ទះ​វិញ ។
ប្រភព​ដដែល​បាន​រៀប​រាប់​ទៀត​ថា តាំង​ពី​ពេល​នោះ​មក​នាង​ក៏​ចាប់​ផ្តើម​លែង​និយាយ​ អង្គុយ​ស្ងៀម​ស្ងាត់​ តែ​ម្នាក់​ឯង​​ លុះ​បី​ឆ្នាំ​ក្រោយ​មក​កូន​ប្រុស​នាង​អាយុ​៥​ឆ្នាំ ក៏​មាន​ជំងឺ​​ ហើយ​​​ស្លាប់​​​ចោល​ទៀត នាង​ក៏​ចាប់​ផ្តើម​ខូច​ចិត្ត​​ខ្លាំង​ឡើង ។ ​ពេល​​ខ្លះ​នាង​អង្គុយ​ស្ងៀម​​ស្ងាត់ ពេល​ខ្លះ​នាង​ស្រែក​ទ្រហោ​យំ ពេល​ខ្លះ​នាង​ក៏​ដើរ​គប់​ផ្ទះ​គេ ​ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នាង​ប៉ែន សុបិន តែង​តែ​ដើរ​ចោល​ផ្ទះ​ និង​ត្រូវ​​​ពួក​ប្រុស​ព្រាន​លួង​លោម​យក​ទៅ​ដេក​រហូត​មាន​ផ្ទៃ​ពោះ ក៏​ពុំ​ដឹង​ថា​ប៉ុន្មាន​ខែ​ទេ ។ ស្រាប់​តែ​នៅ​​ព្រឹក​ថ្ងៃ​ទី ២១ ធ្នូ នាង​មាន​ចរិត​កាច​ខុស​សព្វ​មួយ​ដង​ យក​ដុំ​​ថ្ម​ទៅ​គប់​ចូល​ក្នុង​ធនា​គារ​អេស៊ី​លីដា​ស្វាយ​រៀង រួច​ស្រែក​ជេរ​បញ្ចោរ​​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ធនា​គារ​ដោយ​ឥត​មូល​ហេតុ លុះ​ពេល​សន្តិ​សុខ​​ចាប់​ឱ្យ​ចេញ​ក៏​កើត​ការ​ប្រវាយ​ប្រតប់​ទៅ​លើ​សន្តិ​សុខ​យ៉ាង​ចាស់​ដៃ នេះ​មក​ពី​នាង​ខូច​សរសៃ​ប្រសាទ ។
ពេល​ប៉ូលិស​ចាប់​យក​ទៅ​ដល់​អធិ​ការ​ដ្ឋាន​​​ក្រុង សួរ​នាំ​ទើប​​ដឹង​ថា នាង​សរសៃ​ប្រសាទ ស្អប់​អ្នក​មាន ដោយ​ចោទ​ថា អ្នក​មាន​បាន​នាំ​ពង្រត់​ប្តី​របស់​នាង​ចេញ​ទៅ​ក្រៅ​ប្រទេស​​ ។ ប្តី​ប្រពន្ធ​មិន​ដែល​ឈ្លោះ​ប្រកែក​​គ្នា​ម្តង​ណា​សោះ ស្រាប់​តែ​លួច​រត់​ចោល​ទៅ​ក្រៅ​ប្រទេស​ ទើប​បណ្តាល​ឱ្យ​នាង​ឆ្កួត​ចិត្ត ។​ សមត្ថ​កិច្ច​បាន​ចាប់​​ឃុំ​ និង​អប់រំ​​នាង​ឱ្យ​ស្ងប់​ចិត្ត និង​រក​សាច់​ញាតិ​ឱ្យ​មក​យក​ត្រឡប់​ទៅ​​​ផ្ទះ​វិញ ៕