ខេត្ត​ឧត្តរ​មានជ័យ ៖ ការ​អនុវត្ត​សាល​ក្រម​​​​​របស់​​សាលា​ដំបូង​​ខេត្ត​សៀម​រាប​​-​ឧត្តរមាន​ជ័យ លេខ​២០៥ ចុះ​ថ្ងៃទី​២០ តុលា ឆ្នាំ​២០១០ កាលពី​ថ្ងៃទី​៨ ធ្នូ កន្លង​មក​ ជាការពិត​ណាស់​ថា​ អ្នក​ចាញ់​ក្តី​ត្រូវ​តែចាប់​បង្ខំ​ឱ្យ​គោរព ​ហើយ​​ទី​បំផុត​អ្វីដែល​លំបាក​ភ្នែក​​បំផុត​នោះគឺ​ អ្នក​ចាញ់​ក្តី​គ្មាន​ដីនៅទេ ដោយ​នាំ​ប្រពន្ធ​កូនទៅ​ដេក​តាម​ចិញ្ចើម​​ថ្នល់ ។ អ្នក​ចាញ់​ក្តី​ឈ្មោះ​ជា ម៉ាប់ ហៅ​ឆាត់ ភេទ​ប្រុស អាយុ​៤៥ឆ្នាំ បាន​រៀប​រាប់​ថា គ្រួសារគាត់​បាន​រស់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៣១ម៉ែត្រ​×៤៥ម៉ែត្រ​ ​ក្នុង​សង្កាត់​​សំរោង ក្រុង​សំរោង​ ដែល​​បាន​ទិញ​ពីឈ្មោះ​ញឹម ផាន​ មេបញ្ជាការ​សឹក​រង​ខេត្ត​ឧត្តរ​មានជ័យ​ កាលពី​ឆ្នាំ១៩៩៨ ក្នុង​តម្លៃ​១.៥០០​បាត (ប្រាក់​សៀម) ហើយ​រូបគាត់​បាន​សាង​សង់​លំនៅ​ឋាន​តូចមួយ​នៅលើ​ដីនោះតាំងពី​ពេល​នោះ​ដែរ ។ លុះ​​ដល់​ឆ្នាំ​២០០១ រូបគាត់​បាន​ទៅ​សុំ​អាជ្ញាធរ​មូល​ដ្ឋាន​ធ្វើ​ប័ណ្ណ​​កាន់​កាប់​ប្រើ​ប្រាស់​​ដីធ្លី​តែអាជ្ញាធរ​​ចេះតែពន្ យារពេល​​រហូត​មក​ទល់​ពេល​នេះ ។​ អ្នក​ចាញ់​ក្តី​បាន​បន្ត​ទៀតថា នៅវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០០៨​កន្លងទៅ​​សមត្ថ​កិច្ច​ប៉ូលិស​បាន​ទៅឃាត់​ខ្លួន​គាត់​នៅកន្លែង​​បឹងស្នោ ដែល​រូប​គាត់​កំពុង​ជញ្ជាត់​ត្រី​នាំយកទៅ​សាលាដំបូង​ខេត្ត​សៀម​រាប-ឧត្តរ​មាន​ជ័យ​​ ដោយ​ចោទ​ប្រកាន់​​ថា​រូបគាត់​ចូល​មក​រស់​នៅ​លើ​ដីរបស់​គេ ហើយ​ក៏ត្រូវ​សាលាដំបូង​ចេញដីកា​ឃុំ​ខ្លួន​នៅពន្ធ​នាគារ ។
គាត់​បញ្ជាក់​​ថា ពេល​​សមត្ថ​កិច្ច​ចាប់​ខ្លួន​គឺ​ប្រពន្ធ​គាត់​បាន​ចេញ​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​សៀម​នៅ​សល់​តែ​កូនតូចៗ​៣​នា ក់​នៅ​នឹង​ផ្ទះ​​​ដោយ​ពុំ​មានអាណា​ព្យាបាល​ឡើយ រស់​នៅ​ដោយ​សារ​ញាតិ​ជិត​ខាង​ជួយ​ថែទាំ​​និង​ជួយ​ផ្តល់​​​​ស្បៀង​អាហារ​រហូត​មក​ដល់​​ពេល​រូបគាត់​បាន​ចេញ ​ពីពន្ធនាគារ​វិញ​នា​ថ្ងៃ​ទី២២ កក្កដា​ ២០០៨ ។ បន្ទាប់​ពី​​ចេញ​ពីពន្ធនាគារ​បាន​មក​រស់​នៅ​​​ឯលំនៅ​ឋាន​របស់​ខ្លួន​វិញ​ ស្រាប់​តែ​មាន​ដីកា​កោះ​របស់​អយ្យការ​អមសាលាដំបូង​ខេត្ត​សៀម​រាប-ឧត្តរ​មាន​ជ័យ​ចុះ​ថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ​២០១០ របស់​លោក​ព្រះរាជអាជ្ញា​រង ​ឱ្យ​​រូបគាត់​​​ចូល​ខ្លួន​​ទៅ​សាលាដំបូង​ខេត្ត​ទៅតាម​ការ​កំណត់​ហើយ​​គាត់​ក៏​​ចូល​ខ្លួន​​តាម​ការ​កំណត់ ​​មែន​ ។ ស្រាប់​តែ​ពេល​ល្ងាច​ថ្ងៃ​ដដែល ខណៈដែល​​​គាត់​វិល​ត្រឡប់​ពីខេត្ត​សៀមរាប​​ដល់​លំនៅ​ឋាន​​នៅ​ខេត្ត​ឧត្តរ​មានជ័យ​វិញ​ ក៏​​ឃើញ​​លំនៅ​ឋាន​​ត្រូវ​បាន​​គេ​រុះ​រើ​និង​កាប់​បំផ្លាញ​​ដំណាំ​ហូប​ផ្លែ​​ចោល​អស់​រលីង​ដូច​ជា​ដើម​ដូ ង ចេក ខ្នុរ​ ​និង​បន្លែ​រួម​ផ្សំ​​ ដោយ​​រូប​គាត់​មិន​បាន​ចូលរួម​ដឹងឮ​​ក្នុង​ការ​រុះ​រើ​​នេះ​ទេ ​គឺ​​មាន​តែ​កូនតូច​ៗ​ប៉ុណ្ណោះអង្គុយ​យំរហង់​ ។
អ្នក​ចាញ់​ក្តី​បាន​បន្តថា នៅពេល​ផ្ទះ​​សំបែង​ត្រូវ​គេ​រុះ​រើ​អស់​ហើយ ​ទ្រព្យ​សម្បត្តិ​​ និង​ចំនៀរ​ឈើ​ផ្ទះ​តូច​មួយ​នេះត្រូវ​គេជញ្ជូន​ចេញ​ពី​បរិវេណ​ដីទំនាស់​យក​មក​គរទុក​នៅ​ខាង​ក្រៅ​របង​លើ​ចិ ញ្ចើម​​​ផ្លូវ​ថ្នល់​ ពុំ​ដឹងថា ទៅ​រស់​នៅ​ទីណា​ទេ​ព្រោះ​​គ្មាន​ដី​មួយ​ដុំ​សោះ ​ក៏​បង្ខំ​ចិត្ត​យក​ឈើ​ផ្ទះ​​ដែល​គេរុះ​រើ​នោះ​មក​ទល់​បង់បាញ់​ជាប់​នឹង​របង​ ប្រក់​ជា​ដំបូល​ជ្រក​កោន​ជាមួយកូន​ទាំង​៣​នាក់ ​។ បន្ទាប់​ពី​ការ​​ជ្រក​កោន​នៅទី​នោះ​បាន​ប៉ុន្មាន​ថ្ងៃ​ ស្រាប់​តែ​នៅ​វេលាអធ្រាត្រ​​​ សមត្ថ​កិច្ច​​ប្រដាប់​ដោយ​អាវុធ​បាន​មក​ប្រាប់​ថា​ បើ​ចូល​ទៅ​រស់​នៅ​ក្នុង​ដី​​ទំនាស់​នោះ​​តទៅ​ទៀត​​នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនា​គារ​ម្តងទៀត​​ហើយ​ហាម​មិន​ ឱ្យ​ដុត​ភ្លើង​ចង្កៀងពេល​យប់​​ទៀត​ផង ។​
កោះ​សន្តិភាព​បាន​ជួប​លោក​នឹម ប៊ុនធឿន ​មេភូមិ​​សំរោង​ ហើយ​លោក​បាន​ឱ្យ​ដឹងថា នៅ​ពេល​ដែល​គ្រួសារ​របស់​ឈ្មោះ​ជា ម៉ាប់​ចូល​មក​រស់​នៅ​កាលពី​ឆ្នាំ​១៩៩៨​ បើ​ប្រសិន​ជា​រស់​នៅ​​​លើ​ដី​របស់​នរណា​ម្នាក់​ ម្តេច​ក៏​មិន​មាន​ជន​ណា​មករារាំង​ការ​រស់​នៅ​របស់​គ្រួសារ​គាត់ គឺ​ទើប​តែ​ក្នុង​អំឡុង​ឆ្នាំ២០០៧ ស្រាប់​តែ​​ឈ្មោះ​លឹម វណ្ណៈ ជា​ដើម​ចោទ​បាន​ប្តឹង​​ឈ្មោះ​ជា ម៉ាប់ ពីបទ​កាន់​កាប់​អចលន​​វត្ថុ​របស់​​បុគ្គល​ឯកជន​ដោយ​ខុស​ច្បាប់​ ។ ​ការព្យាយាម​សុំ​ការ​បំភ្លឺ​​ពីអ្នក​​ឈ្នះ​ក្តី​​ជុំវិញ​រឿង​រ៉ាវ​​នេះ​មិន​បាន​ទទួល​ជោគជ័យ​​​ទេ ។ ទោះ​បីជាបែប​ណា អ្ន​កចាញ់​​​ក្តី​ដែលគួរ​ឱ្យ​អាណិត​​បំផុត​នេះ​ក៏ជា​ឈាម​ខ្មែរ​ម្នាក់​ដែរ គួរតែ​បាន​ទទួល​ដីមួយ​ដុំសំរាប់​ជ្រក​កោន​ផង ​ដីខ្មែរ​សល់​ធំណាស់នៅខេត្តឧត្តរ​មានជ័យ​ ។​ ហេតុ​នេះ សូម​អាជ្ញាធរ​​ជួយអ្នក​ចាញ់​ក្តីរូបនេះ​ផង ព្រោះ​ជីវិត​ក្រីក្រ​នេះ​បាន​ឈាន​ដល់​ការ​​ទាល់​ច្រកហើយ ​។ លោកអភិបាល​​ខេត្ត អភិបាល​ស្រុក និង​ក្រុម​​ការងារ​ពង្រឹងមូល​ដ្ឋាន​ ហេតុ​ម៉េច​​មិន​ឃើញ​​គ្រួសារ​កំពុង​លង់​ទឹក​នេះ?