ខេត្ត​កណ្តាល ៖ កាល​ពី​រសៀល​​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១០ អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លិម​កម្ពុជា សហ​ការ​ជា​មួយ​អង្គ​ការ​​សុខុមាល​ភាព​អ៊ិស្លាម​ម៉ាឡេ​ស៊ី (Perkim) បាន​ប្រារព្ធ​​​ពិធី​សាង​សង់​វិហារ​អ៊ិស្លាម​​នៅ​ភូមិ​ព្រែក​តាពៅ ឃុំ​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ក្រោម​អធិ​បតី​ភាព​​លោក​ឧកញ៉ា អូស្មាន ហា​ស្សាន់ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ជា​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លិម​កម្ពុជា និង​​​លោក​ជំទាវ ។ នៅ​ក្នុង​ពិធី​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិ​បតី​ពី​លោក​ឧកញ៉ា សុះ កំរី ចាង​ហ្វាង​នៃ​គណៈ​ដឹក​នាំ​​​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា លោក​ហ្សា​ការី​យ៉ា អាដាម តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល-អនុ​ប្រធាន​អង្គ​ការ​​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លិម​កម្ពុជា លោក​ស្មាន ទៀត តំណាង​រាស្រ្ត​មណ្ឌល​ពោធិ៍​សាត់-អនុ​ប្រធាន​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លិម​កម្ពុជា ព្រម​ទាំង​លោក​ ​លោក​ជំទាវ សមា​ជិក​រាជ​រដ្ឋា​ភិបាល មន្ត្រី​មូល​ដ្ឋាន លោក​គ្រូ អ្នក​គ្រូ សិស្សានុ​សិស្ស ហាកិម ទូន និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះ​ករ​អញ្ជើញ​ចូល​រួម ។
ក្រោយ​ពី​បាន​អាន​របាយ​​ការណ៍​ស្វាគមន៍ និង​រាយ​ការណ៍​ពី​ស្ថាន​ភាព​របស់​ភូមិ​ដោយ លោក​ហ្សាការី​យ៉ា អាដាម រួច​មក លោក Tuan Haji Abdul Hanif Bin Harun តំណាង​គណៈ​ប្រតិ​ភូ​អង្គ​ការ​សុខុមាល​ភាព​អ៊ិស្លាម​ម៉ាឡេ​ស៊ី បាន​មាន​មតិ​សំណេះ​សំណាល និង​បាន​សំដែង​​នូវ​ការ​សប្បាយ​រីក​រាយ​​ជា​ខ្លាំង ដែល​គណៈ​ប្រតិភូ​របស់​លោក​បាន​មក​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា ជា​ថ្មី​ម្តង​ទៀត ហើយ​បាន​មក​ជួប​ជុំ​ជា​មួយ​បង​ប្អូន​សិស្សានុ​សិស្ស​នៅ​ទី​នេះ ក្នុង​គោល​បំណង​ដើម្បី​សួរ​សុខ​ទុក្ខ និង​ពាំនាំ​យក​មក​នូវ​ថវិកា​​ចំនួន​១០០.០០០​ដុល្លារ ដើម្បី​ជួយ​ឧបត្ថម្ភ​​ចូល​រួម​សាង​សង់​នូវ​វិហារ​អ៊ិស្លាម​ដ៏​ថ្មី​មួយ​នៅ​ទី​នេះ​ដែល​មាន​តំលៃ​ជិត​១៥០.០ ០​ដុល្លារ ។ លោក​ប្រធាន​គណៈ​ប្រតិភូ​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ លោក​សូម​ផ្តល់​​ថវិកា​ចំនួន​១០.០០០​ដុល្លារ​សិន ដោយ​ឡែក​ថវិកា​ដែល​នៅ​សល់ លោក​នឹង​ផ្ញើ​ជា​តំណាក់​កាល​តាម​រយៈ​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លិម​កម្ពុជា ជា​បន្ត​បន្ទាប់​ទៀត ។
លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ប្រធាន​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឋន៍​មុស្លិម​កម្ពុជា បាន​ថ្លែង​អំណរ​​គុណ​ចំពោះ​លោក Tuan Haji Abdul Hanif Bin Harun ដែល​ជា​តំណាង​គណៈ​ប្រតិភូ​អង្គ​ការ​សុខុមាល​ភាព​អ៊ិស្លាម​ម៉ាឡេស៊ី និង​ក្រុម​ការ​ងារ​របស់​លោក​​​ដែល​បាន​ចំណាយ​ពេល​វេលា​ និង​ថវិកា​មួយ​ចំនួន ដើម្បី​ជួយ​សាង​សង់​វិហារ​អ៊ិស្លាម​នៅ​ទី​នេះ ដើម្បី​ចូល​រួម​អភិ​វឌ្ឍន៍​សហ​គមន៍​អ៊ិស្លាម​នៅ​កម្ពុជា ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​យើង​ជា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ទី​នេះ ត្រូវ​ចេះ​ជួយ​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​ជា​ថវិកា ក៏​ដូច​ជា​បញ្ចេញ​នូវ​កំលាំង​កាយ​ និង​កំលាំង​ចិត្ត​ចូល​រួម​បដិ​ភាគ​ធ្វើ​យ៉ាង​ណា​ឱ្យ​វិហារ​ថ្មី​របស់​យើង​នេះ​សាង​សង់​បាន​សំរេច​ជា​ស្ថាព រ​មួយ​រយ​ភាគរយ ព្រោះ យើង​ខ្វះ​ថវិកា​ប្រមាណ​ជិត​៥០.០០០​ដុល្លារ​ថែម​ទៀត ដើម្បី​ធ្វើ​ការ​សាង​សង់​វិហារ​នេះ ឱ្យ​រួច​រាល់ ។ គណៈ​ប្រតិភូ​ម៉ាឡេ​ស៊ី និង​ផ្តល់​ថវិកា​១០.០០០​ដុល្លារ​ផង​ដែរ​ដើម្បី​ជួយ​បង្ហើយ​នូវ​​វិហារ​ភូមិ​ជីរោ ខេត្ត​កំពង់​ចាម ដែល​កំពុង​សាង​សង់ ។
លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ឱ្យ​​ដឹង​បន្ថែម​ទៀត​ថា ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​​កសាង​វិហារ​អ៊ិស្លាម​នៅ​ភូមិ​ព្រែក​ពៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល តាម​រយៈ​​ថ្នាក់ដឹក​នាំ​កំពូល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំង​បី សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល​ ជា​ ស៊ឹម ប្រធាន​ព្រឹទ្ធ​​សភា សម្តេច​អគ្គ​មហា​សេនា​​​​បតី​តេជោ ហ៊ុន សែន ​នាយក​​​រដ្ឋ​មន្ត្រី សម្តេច​​អគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ក៏​បាន​ជួយ​ឧបត្ថម្ភ​​នូវ​ថវិកា​ចំនួន​២០.០០០​ដុល្លារ​ផង​ដែរ ដើម្បី​ចូល​រួម​ចំណែក​​ក្នុងការ​សាង​សង់​វិហារ​អ៊ិស្លាម​នៅ​ទី​នេះ ៕