រាជធានីភ្នំពេញ ៖ ទោះ​បី​ជា​ច្បាប់​ចរា​ចរណ៍​​​ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​ចេញ​ឱ្យ​ប្រើ​ប្រាស់​និង​អនុ​វត្ត​ ហើយ​ប្រជា​ជន​ មន្ត្រី​រាជ​ការ ​នៅ​ទូទាំង​ប្រទេស​ ក៏​ត្រូវ​តែគោរព​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ។ ប៉ុន្តែ​សព្វថ្ងៃ​ ការ​គោរព​ច្បាប់​ចរា​ចរណ៍​​នៅ​មាន​កំរិត​ដូច​​ជា ​រថយន្ត​ឈ្នួល​តូច​ធំ​មួយ​ចំនួន​នៅ​តែ​មិន​គោរព​ច្បាប់​ចរា​ចរណ៍​ ហើយ​សមត្ថ​កិច្ច​មួយ​ចំនួន ​ក៏​មិន​ចាត់​វិធាន​ការ​​បាន​ល្អ​ដែរ ដោយ​សារ​​ពួក​គេ​ចង់​បាន​លុយ​ពី​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់ ។ ​ជាក់​ស្តែង​កាល​ពី​ព្រឹក​ថ្ងៃទី​១៩ ធ្នូ ឆ្នាំ​២០១០ រថយន្ត​ធុន​​ធំ​ដឹក​អីវ៉ាន់​​សំពីង​សំពោង​​តាម​ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពីភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ឆ្នាំង ដល់​​ផ្លូវ​ចូល​ចំណត​រថយន្ត​ច្រាំង​​ចំរេះ​ ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​ទី​១ នៅ​ចំណុច​គីឡូ​ម៉ែត្រ​លេខ​៩ ខណ្ឌ​ឫស្សី​កែវ ក្រុម​សមត្ថ​កិច្ច​ សន្តិ​សុខ​​បេន​ឡាន​ ចំណត​រថយន្ត​គីឡូ​ម៉ែត្រ​លេខ​៩ នោះ មិន​បាន​ឃាត់​ឱ្យ​ឈប់​ចូល​ចំណត​ទេ គឺ​គ្រាន់​តែ​លូក​ដៃ​យក​លុយ​ប្រមាណ​ពី​១.០០០​ទៅ​២.០០០​រៀល​ប៉ុណ្ណោះ ។
ពួក​គេ​អនុ​ញ្ញាត​ឱ្យ​រថយន្ត​ដែល​​ផ្ទុក​លើស​ចំណុះ​​ទាំង​នោះ​ធ្វើ​ចរា​ចរណ៍​​ទៅ​បាន​យ៉ាង​​រលូន​ ដោយ​មិន​គិត​ពី​ការ​ខូច​ខាត​ផ្លូវ​ជាតិ​ដ៏​រលោង​ស្អាត​ ទើប​នឹង​ស្ថាបនា​រួច​នោះ​ទេ ។ ​ជា​ពិសេស​​ការ​ដឹក​ជញ្ជូន​បែប​នេះ​ និង​បណ្តាល​ឱ្យ​​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទៅ​លើ​អ្នក​ធ្វើ​ចរា​ចរណ៍​​តាម​ដង​ផ្លូវ​​នានា​ជាយថា​​ហ េតុ ។ ជា​ការ​ពិត​ណាស់​កន្លង​មក ភាគ​ច្រើន​​រថយន្ត​​ដែល​ផ្ទុក​ទំនិញ​លើស​ចំណុះ​ សំពីង​សំពោង​ខ្ពស់​ហួស​ប្រក្រតី​ ​ច្រើន​តែ​បង្ក​គ្រោះ​ថ្នាក់​​ជា​​ហូរ​ហែ ។ ប៉ុន្តែ​សន្តិ​សុខ​បេន​ឡាន​នឹង​ប៉ូលិស​ចរា​ចរ​បែរ​ជា​មិន​ធ្វើ​ការ​ហាម​ឃាត់​​ទេ គឺ​គេ​បើក​ភ្នែក​​មើល​យ៉ាង​សប្បាយ​ចិត្ត​ដោយ​ចង់​បាន​លុយ​ពី​អ្ន​​ក​​ប្រព្រឹត្តិ​ខុស​​​ច្បាប់ ដោយ​មិន​គិត​ពី​ការ​ខូច​ខាត​ផ្លូវ​ជាតិ​ និង​ស្ពាន​​ដែល​​រាជ​​រដ្ឋា​ភិបាល​ខិត​ខំ​ប្រឹង​ប្រែង​​​ស្ថាបនា​កន្លង​មក​ឡើយ ។ ​ក្រៅ​ពី​នេះ​​ ពួក​គេ​មិន​គិត​ពី​សុវត្ថិ​​ភាព​​ប្រជា​ពលរដ្ឋ​​ដែល​ធ្វើ​ចរា​ចរណ៍​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ ។
បច្ចុ​ប្បន្ន​គេ​សង្កេត​ឃើញ​រថយន្ត​ឈ្នួល​គ្រប់​ប្រភេទ​នៅ​តែ​ផ្ទុក​ទំនិញ​លើស​ចំណុះ​នឹង​ដាក់​មនុស្ស​​លើ ស​ចំនួន រហូត​មាន​អ្នក​ខ្លះជិះ​​ពី​ក្រោយ​​ និង​អង្គុយ​លើ​ដំបូល​រថយន្ត​ក៏​មាន​ដែរ ។ ដូច​មាន​រូប​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​​ជាតិ​​លេខ​១ ជា​ដើម ។ ការ​ធ្វើ​ចរា​ចរណ៍​​បែប​នេះ​ កំពុង​តែ​ប្រថុយ​ជីវិត​​ដ៏​គ្រោះ​ថ្នាក់​បំផុត​ដោយ​មិន​ដឹង​ខ្លួន ដូច្នេះ​​​ប្រជា​ពល​រដ្ឋ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង កុំ​​ប្រព្រឹត្ត​ខុសពី​ច្បាប់​ចរា​ចរណ៍​​​ ទើប​យើង​ជា​ប្រជា​ពលរដ្ឋ​ល្អ​ មិន​ខាត​បង់​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​ខ្លួន​ឯង ​យើង​ទាំង​អស់​គ្នា​ត្រូវតែ​ស្វែង​យល់​ពីច្បាប់​ចរា​ចរ ទើប​​​មាន​សុវត្ថិ​ភាព ៕