រាជធានីភ្នំពេញ ៖ លោកអនុប្រធាន​​សភា​វៀតណាម​​បានកោតសរសើរ​​ចំពោះ​ការ​រីកចំរើន​​​ដ៏ឆាប់រហ័ស​​របស់ប្រទេស​​កម្ពុជា ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​​ចុងក្រោយនេះ ហើយ​​ថា​ភាពជោគជ័យ​​របស់កម្ពុជា​ក៏​ដូចជា​ជោគជ័យ​​សំរាប់វៀត​ណាម​ផងដែរ ។ ការកោតសរសើរ​​​របស់លោក​​អនុ​ប្រធាន​វៀតណាម​​ង្វៀន ឌឹកកៀន ​នាពេលនេះ គឺ​បាន​​ធ្វើឡើងនៅ​ក្នុងជំនួប​​ជាមួយ​សម្តេច​​អគ្គ​មហា​ពញាចក្រី​ហេង​ សំរិន ​នៅ​ឯ​វិមាន​​រដ្ឋសភា​​​​កាលពីព្រឹកថ្ងៃទី​​​២៧ ធ្នូ ២០១០ ។ ​នេះបើ​យោង​​​តាមការបញ្ជាក់​ប្រាប់​តាមទូរស័ព្ទ​​ពីសំណាក់​​លោក​គាំ កុសល ​ជំនួយ​ការ​ផ្ទាល់របស់​សម្តេច​​ប្រធាន​រដ្ឋ​​​​សភា ហេង សំរិន ​។
លោកគាំ កុសល ​បន្ត​ថា លោក​អនុប្រធាន​វៀត​ណាម​​​ង្វៀន ឌឹកកៀន ​ធ្លាប់បាន​​មក​ទស្សន​កិច្ច​​នៅប្រទេស​​កម្ពុជា​​ម្ត​ងរួចមក​ហើយ ​កាលពី​​ឆ្នាំ​​​២០០០ ហើយ​លោក​ង្វៀន​​ ឌឹកកៀន ​បានកោត​សរសើរ​​​ចំពោះ​ការ​​រីកចំរើន​​របស់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​​​១០​ឆ្នាំចុងក្រោយនេះ ។ នៅក្នុង​ជំនួប​នោះ លោក​អនុ​ប្រធាន​​សភា​វៀតណាម​ក៏បាន​ពាំ​នាំ​នូវការផ្តាំ​ផ្ញើ​សួរសុខទុក្ខ​​​ពីសំណាក់​​លោក​ង្វៀន​​គូ ចុង ​ប្រធាន​​សភា​វៀតណាម​​ផងដែរ ហើយ​​បាន​​​​វាយតំលៃ​​ខ្ពស់​ចំពោះ​​ភាពរីកចំរើន​​នៃ​ទំនាក់​ទំនង​​រវាង​សភា​នៃ​ប្រទេស​ទាំង​​២ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​​ដំណើរទស្សនកិច្ច​​គ្នា​ទៅ​វិញ​ទៅមក ៕​