ខេត្តស្វាយរៀង ៖ ​​​សត្វ​​​ស្លាប​មាន​កុកក្រក, ​កុកគ្រោង, ស្លាប​ត្រពាំង, ខ្វែក​ច្រាច់​,​ លលក​, ក្រួច និងពពេចជា​ដើម ដែល​ព្រាន​​បោច​រោម​​​រួច​​ជា​ស្រេច តែ​ពុំទាន់​​សម្លាប់​​ ត្រូវបានគេ​​ចង​ព្យួរ​ដាក់​លក់​​​ ​មើល​​ទៅ​គួរ​ឱ្យខ្លោច​ផ្សា​​ និង​មិន​​ស័ក្តិ​សម​​ជា​ប្រទេស​កាន់​​ព្រះពុទ្ធសាសនា​​ឡើយ ។​ ជាមួយគ្នានេះ​ អំបូរ​​សត្វស្លាប​​ទាំង​នេះ​​ស្ទើរ​តែ​បាត់​បង់​​​ផុតពូជ ប៉ុន្តែ​​ស្ថាប័ន​មាន​សមត្ថ​កិច្ច​​​ហាក់​​ដូច​ជា​ពុំអើពើ​ និងអភិរក្ស​​​ទេ បែរ​ជា​​ទុក​ឱ្យ​ពួក​​​ព្រាន​​ឆ្លុះ​​ចាប់​យក​មក​លក់​​យ៉ាង​អនាធិបតេយ្យ នៅ​តាម​​ចិញ្ចើម​​​ផ្លូវ​ជាតិ​លេខ​១ ​ចំណុច​ខាង​កើត​​​ស្ពាន​​ទន្លៀង​​ទី​២ ស្ថិត​​​ក្នុង​ភូមិស្វាយ​តឿ សង្កាត់​ស្វាយ​​តឿ ក្រុងស្វាយរៀង ​​។
​នៅ​ចំណុច​នេះ​​មានតូប​ចំនួន​​១០តែ​​ង​បាន​ព្យួរ​​សត្វ​ស្លាប​​​ក្នុងមួយ​តូប​ប្រមាណ​​ពី​៥០ទៅ​​៦០​​ ក្បាល សំរាប់​​ដាក់​លក់ និង​មាន​សត្វ​ដែលចៀន​​ឆ្អិន​ហើយ​ជាច្រើន​​ក្បាលទៀត ។ ​ទិដ្ឋ​​ភាព​​​បែប​នេះ​ធ្វើ​ឱ្យ​មាន​​ការ​​ព្រួយបារ​ម្ភ​​​យ៉ាង​ខ្លាំង​​មួយ ទោះ​បី​ជា​​ការ​ផ្សាយ​ព័ត៌​មាន​​នេះ​ហាក់​​​បាន​​ប៉ះ​ពាល់​ដល់​​មុខ​របរ​​របស់​​ប្រជាពលរដ្ឋ​​មួយ​ចំនួន​​ ក្តី​ក៏​ដោយ ​ក៏​ការ​ផ្សាយ​នេះ​បាន​ផ្អែក​ទៅលើ​​ប្រយោជន៍​​សាធា​រណៈ​​ ពិសេស​គឺ​​ចង់​អភិរក្ស​​​សត្វ​​ស្លាប​ទាំង​នេះ​ឱ្យ​គង់​វង្ស​​ ។ ទាក់ទិន​នឹង​​ករណីខាងលើ ស្ត្រី​អ្នក​លក់​សត្វ​​ស្លាប​ម្នាក់​​បានប្រាប់​​​កោះសន្តិភាព​​ថា ​​​តូបលក់​សត្វ​ស្លាប​ទាំង​​នេះ​​​​​បានលក់​ជា​ច្រើន​ឆ្នាំ​​មកហើយ​ ពុំ​ដែល​មាន​ស្ថាប័ន​​ណា​មក​ហាមឃាត់​ទេ ។ ជា​ទូទៅ​សត្វ​ស្លាប​ដែល​​​អ្នក​ស្រុក​ចាប់​យកមក​លក់​​គឺ​​ចំពោះ​​​កុកក្រក​មួយក្បាល​តំលៃ​​៤.០០០​រៀល ​កុក​គ្រោង​មួយ​ក្បាល​​តំលៃ​៥.០០០​រៀល ​ស្លាប​ត្រពាំង​​មួយក្បាល​​តំលៃ​៣.០០០​រៀល ​​លលក​មួយ​ក្បាល​​​៧.០០០​រៀល ក្រួច​មួយក្បាល​​៤.០០០​ក្បាល ក្រសារ​​មួយ​ក្បាល​១៥.០០០​រៀល ហើយ​ក៏​មាន​​ចៀន​ឆ្អិន​​​ស្រាប់ និង​លក់ទាំង​រស់ដែរ​ ។ ​ជាង​នេះ​ទៀត​​ក៏​មានលក់​កង្កែប​​អាំង​ទាំង​ស្បែក ​តាឡន​តនមួយក្រាស់​​៥.០០០​រៀល ​ទឹកត្នោត​ជូរ​​មួយលីត្រ​​មួយ​ពាន់រៀល ​និង​មាន​លក់​ភេសជ្ជៈ​​​គ្រប់​មុខ​​ផងដែរ ។
ស្ត្រី​រូបនេះ​​បន្តទៀត​ថា ​​អ្នកដំណើរ​​​ខ្លះ​ទិញ​ ទៅ​ផ្ទះ​​ អ្នកខ្លះ​ក៏ពិសា​​ «ក្លែម» នៅ​នឹង​តូប​​តែ​ម្តង ។ ​ចំពោះ​សត្វ​ស្លាបទាំង​នេះត្រូវព្រាន​ឆ្លុះចាប់​នៅ​ពេលយប់​​តាមព្រៃ​​ ដើមឈើ​ និង​ឆ្លុះ​តាម​ត្រពាំង​ទឹក​ ឬតាម​ថ្លុក​​ក្នុង​ស្រែ ។ ព្រាន​ម្នាក់​​​​បាន​ប្រាប់​កោះសន្តិភាព​​ថា ប៉ុន្មាន​​ខែ​ចុងក្រោយ​​នេះ​សត្វ​​លលក​ឆ្លុះ​មិន​​សូវបានទេ ក្នុងមួយ​​យប់​ឆ្លុះ​បាន​​ត្រឹមតែ​​២​​​ទៅ៣ក្បាល​​ប៉ុណ្ណោះ​ ឯ​សត្វ​​ពពេច​ក៏​ដូច្នេះ​ដែរ គឺ​ជិត​ផុតពូជ​​ទៅ​ហើយ ​នៅ​​សំបូរ​តែ​​សត្វ​កុក​​ក្រក ​ចំណែក​​សត្វ​ស្លាបត្រពាំង សត្វ​ខ្វែក កុក​គ្រោង ​​ក្រសារ ​ខ្វែក​​ច្រាច់ ​នៅមានតិច​​តួច និង​ឈាន​​ទៅរក​​ការ​ដាច់ពូជ​​ហើយ ​ពីព្រោះបើ​​គិតជា​មធ្យម​​១០តូបនេះ​មិនតិច​ជាង​៥០០ក្បាល​​ទេ​ក្នុង​​មួយ​​ថ្ងៃ ។ ចំពោះ​ចាប​ស្រុកវិញក៏ជិត​​ដាច់​ពូជ​ហើយដែរ ៕​