ខេត្ត​ព្រះសីហនុ ៖ សិស្ស​​ស្ទាវ​៣នាក់​ដែល​ប្រជា​ពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​​តែ​ង​តែ​​ឃើញ​​បង្ហោះ​ម៉ូតូ​នៅ​តាម​ដង​​វិថី​នា នាយ៉ាង​អនា​ធិប​តេយ្យ​នោះ​បាន​ជួបគ្រោះ​ថ្នាក់​ចរា​ចរណ៍​​បណ្តាល​ឱ្យ​ម្នាក់​​​បាក់ក​ស្លាប់​នៅនឹង​កន្លែង ​ និង២នាក់​​ទៀត​រង​របួស​សល់​តែ​ដង្ហើម​ចង្រិត​ត្រូវ​​​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅកាន់​គ្លីនិក​​ឯក​ជន​មួយ​ ដើម្បីសង្គ្រោះ ។ ​លោក​កេត សុភ័ក្ត្រ នាយ​រង​ការិយា​ល័យ​​ចរា​ចរណ៍​​ផ្លូវ​គោក​ឱ្យ​ដឹង​ថា សិស្សម្នាក់​ដែល​រងគ្រោះ​រហូត​​ដល់​បាត់​បង់ជីវិត​ឈ្មោះ​ផល សុធា ​​អាយុ១៦​ឆ្នាំ ​មានទី​លំនៅក្នុង​ភូមិ​ដូង​ សង្កាត់​​លេខ​​៤​ ក្រុង​ព្រះសីហនុ ជា​អ្នក​​បើក​ម៉ូតូ​ម៉ាក​​ហ្វ៊ីណូ​ ​គ្មានស្លាកលេខ ។ សិស្ស​ម្នាក់​នេះ​ស្លាប់​​​ដោយ​សារ​បាក់ក​​និងបាក់​ដៃ​ជើង ។ ចំណែក​​​សិស្ស​​២​នាក់​ទៀត​ដែលរង​របួស​​ឈ្មោះ​​ចេង សំណាង អាយុ​១៧​ឆ្នាំ ​និងឈ្មោះ​ឈួន អាយុ​១៧​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។
​លោក​កេត សុភ័ក្ត្រ​ បន្តទៀត​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើងនៅ​តាម​បណ្តោយ​​វិថី​២​ ធ្នូ ត្រង់ចំណុច​ផ្លូវកោង​ទល់មុខ​ភោជនីយដ្ឋាន​​-​ផ្ទះសំណាក់យី​ហោ​ឆេស ក្លូដ ស្ថិត​​ក្នុង​ភូមិ១ សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ​វេលាម៉ោង​៩​ និង​៣០​នាទី​ថ្ងៃទី​១៩ ធ្នូ ។ ​សាក្សី​ដែលឃើញ​ហេតុ​ការណ៍​​និយាយ​ថា ​សិស្ស​សាលា​ជា​ច្រើន​នាក់បានបើក​ម៉ូតូ​ទន្ទឹម​​គ្នា​បោះ​ពួយ​យ៉ាង​លឿន​​តាម​ទិស​ដៅ​​ពីលិច​ទៅ​កើត​ ហើយ​​ហ៊ោ​កញ្ជ្រៀវ​​​ខ្លះ​បង្ហោះ​ម៉ូតូ ខ្លះ​ទៀត​បើក​ប្រជែង​គ្នា​ លុះ​ដល់​ចំណុច​ផ្លូវ​កោង​ដោយសារ​​ល្បឿន​ម៉ូតូ​លឿនពេក​​អ្នក​បើក​ម៉ូតូ​មួយ​គ្រឿង​បាត់ស្មារតី​ ​​ក៏​ជ្រុល​ចង្កូត​​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​បាក់ក​ស្លាប់​​នៅ​នឹង​កន្លែង​ ឯ​២​នាក់​ទៀត​របួស​ជា​ទំងន់ ៕