ខេត្ត​​បន្ទាយ​មាន​ជ័យ ៖ បុរស​​ម្នាក់​បាន​ត្រូវ​​រថយន្ត​បុកបណ្តាល​ឱ្យ​ស្លាប់​នៅ​កណ្តាល​ផ្លូវ​​​យ៉ាង​អា​ណោច​អាធ័ម និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពីវេ​លាម៉ោង​​​​៨យប់​ថ្ងៃទី​២៣​ ធ្នូ ឆ្នាំ​២០១០ នៅ​លើ​ផ្លូវ​ជាតិ​លេខ៦ ត្រង់​ចំណុច​ចន្លោះ​បង្គោល​ភ្លើង​​លេខ SKL 04-05 ចំងាយ​ពី​ភូមិ​រហាល ឃុំរហាល ​ស្រុក​ព្រះ​នេត្រ​ព្រះ ប្រហែល១.០០០ម៉ែត្រ​។ លោក​អនុ​សេនីយ៍​ឯក​កែវ ប៊ុន​យឿន ​អធិ​ការ​​នគរបាលស្រុក​ព្រះ​នេត្រព្រះ​បាន​ឱ្យ​ដឹង​ថា សព​ជនរងគ្រោះ​មិន​ត្រូវបានគេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​ពេល​វេលានៃគ្រោះ​ថ្នាក់​នោះ​ក៏មិន​ដឹង​ជា​ម៉ោង​ប៉ុន្មាន​​ដែរ ។
សមត្ថកិច្ច​បាន​ទទួល​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​នៅ​វេលាម៉ោង​៨​យប់​ថា​ មាន​មនុស្ស​​ស្លាប់កណ្តាល​ផ្លូវ​​ ហើយ​លោក​បានចាត់​កំលាំង​ជំនាញ​​ឱ្យចុះ​ទៅ​ពិនិត្យ​​ទើប​ដឹង​ថា ការ​ស្លាប់​របស់​ជន​រងគ្រោះ គឺ​ដោយ​សារ​ត្រូវ​​​រថ​យន្ត​បុក និង​កិន​​ទើបបណ្តាល​ឱ្យ​ខ្លួន​ប្រាណ​​សព​​​បាក់​ខ្ទេច​​ខ្ទី​ជា​ច្រើន​កំណាត់ ។ ​បើ​តាម​ការ​សន្និ​ដ្ឋាន​គឺជា​រថយន្ត​ផ្ទុកទំនិញ​​ប្រភេទ​ធ្ងន់​ដែល ក្រោយពី​បុក​​ហើយ​ ក៏បាន​បើក​គេច​បាត់​ស្រមោល ។
លោក​អធិកា​រ​នគរបាល​ស្រុក​បាន​​ឱ្យ​ដឹង​ទៀត​ថា បើតាម​ប្រភពព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​​គឺបុរស​រងគ្រោះ​​ជា​មនុស្ស​វិកល​ចរិត​ពីព្រោះ​ធ្លាប់​ដើរ​សុំ​បាយព ួកគាត់​នៅ​កន្លែង​ច្រូត​ស្រូវហូប​លុះពេលហូបរួច​ដើរ​ត្រាច់ចរគ្មាន​គោល​ដៅ ។ លោក​អធិការ​បញ្ជាក់​ថា ​ដោយសព​ជន​រង​គ្រោះ​​មិន​អាច​ទុកយូរ​បាន លោក​ក៏បានឱ្យ​នាយ​ប៉ុសិ៍្ត​ និងមេ​ភូមិ​ចាត់​ចែងបូជា​នៅ​វត្ត​រហាល ហើយ​តំកល់​ធាតុ​ទុក​ និងស្រាវ​ជ្រាវ​រក​សាច់​ញាតិ​មក​យក​ទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី ៕