រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​​មន្ត្រី​​ដែល​ស្និទ្ធ​​នឹង​តុលាការរាជធានី​​ភ្នំពេញ​​​​បាន​ឱ្យ​ដឹង​ថា អ្នកកាសែត​​២នាក់ដែល​​ក្លែង​បន្លំ​​ស្ថាប័ន​អាជ្ញាធរ​អគ្គិសនី​​យកឈ្មោះ​​មន្ត្រី​​ថ្នាក់លើ​ទៅ​គំរាមជំរិ តទា​រប្រាក់​​​ពី​មន្ត្រី​​​អគ្គិសនី​​ថ្នាក់ក្រោម (អ្នក​ម៉ៅការ) ហើយត្រូវ​ព្រះរាជ​អាជ្ញា​​រង​ប្លង់ សុផល ​សាកសួរ​ដដែល​​ៗ​រយៈ​ពេល​​៣ថ្ងៃ​មកនេះ ​ត្រូវបាន​​​ធ្វើ​ការ​ចោទប្រកាន់​​​រួចហើយ​កាលពី​​ព្រឹក​ថ្ងៃទី​​២៤ ធ្នូ ២០១០ ​ពី​បទ​ឆបោក ហើយ​​ប្រគល់​​សំណុំ​រឿង​​​ទៅ​ឱ្យ​លោក​​ចៅក្រម​​ធ្វើ​ការ​ស៊ើប​អង្កេត។​ មន្ត្រី​ដែល​ស្និទ្ធ​នឹង​​តុលាការ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់ពី​​ព្រះរាជអាជ្ញា​​រង​ប្លង់ ​សុផល ​​ធ្វើ​ការ​​​ចោទប្រកាន់​​រួចមក លោកចៅក្រម​​ក៏បានចេញ​​ដីកា​​ឃុំខ្លួន​​អ្នកកាសែត​​ទាំង​​២នាក់នោះផងដែរ ​ប៉ុន្តែ​​មិន​បាន​​ប្រគល់ និង​​បញ្ជូន​ទៅពន្ធនាគារ​​​ព្រៃ.ស​ភ្លាមៗ​ទេ ដោយ​​ហេតុ​ថា ​ដល់​ម៉ោង​បាយ​ថ្ងៃ​ត្រង់​​ជាម៉ោង​​សំរាក​ ដូច្នេះ​​រង់ចាំ​​​ដល់​​​ម៉ោង​​៣​និង​​​៣០នាទី​រសៀលថ្ងៃទី​​​២៤ ធ្នូ ដដែល​នេះ ​ខាង​ប៉ូលិស​​​ព្រហ្មទណ្ឌ​​​ខណ្ឌ​សែនសុខ នឹង​ដឹក​​អ្នក​កាសែត​​ទាំង​២នេះ​មក​កាន់តុលាការ​​ម្តង​ទៀត ​ដើម្បី​​ទទួលយក​ដីកា​ឃុំ​​ខ្លួនពីលោក​​ចៅក្រម ​រួច​ហើយ​​​បញ្ជូនទៅ​កាន់​​ពន្ធនាគារ​​ព្រៃ.ស​តែម្តង​។ វាសនា​​អ្នកកាសែត​​ទាំង​២នេះ​​អាច​ជាប់​​ឃុំនៅ​​ពន្ធនាគារ​​ព្រៃ.ស​​បណ្តោះ​អាសន្ន​​ពី​​៣​ទៅ​៦ខែ ​ទើប​ចៅក្រម​​ហៅមក​បើកសវនាការ​ជំនុំ​ជំរះ។​
ការដែល​អ្នកកាសែត​ទាំង​​២​នេះ​ត្រូវបាន​ឃាត់ខ្លួន​ និងបញ្ជូន​ចុះ​ឡើងៗ​ទៅតុលាការ​នោះ មិន​មែន​មានន័យ​ថា ​ត្រូវបានចោទ​ប្រកាន់​ពី​​បទ​ជំរិត​​ប្រាក់​ពី​១០០ទៅ​​២០០​ដុល្លារ​​នោះទេ តែ​គឺ​ជា​បទល្មើស​​ព្រហ្មទណ្ឌ​​ក្លែង​ឈ្មោះ​ស្ថាប័ន​​ ក្លែង​អង្គភាព​អ្នកដទៃ​​ត្រូវ​មាន​ទោស​ធ្ងន់​​ជាង​បទ ល្មើស​​ក្លែងបន្លំ​​ឯកសារ​​ទៅទៀត...​​ឧទា​ហរណ៍​​ដូច​ជា​​លោកដាំ ច្ឆ័ត្រ​រីយ៍​​ និង​ម្នាក់ទៀត​​ លោក​សួស សារឿន ត្រូវ​បានជាប់គុក​ព្រៃ.ស​ពីបទ​ក្លែង​បន្លំ​​លិខិត​ស្នាម​ ​ឬ​ឯកសារ​ ត្រូវ​​បាន​តុលា​ការ​​ចេញដីកា​​ឃុំខ្លួន​ភ្លាមៗ​ បន្ទាប់ពី​​សាកសួរ​​អស់​​ពេល​មួយ​​ព្រឹក​...​ស្រាប់តែ​​អ្នក​កាសែត​​ទាំង​​២នេះ​​​មុន​ដំបូង​ឮ​ដំណឹង ​ថា មានវាសនា​រួច​ផុតពី​ការ​ចោទ​​ប្រកាន់​​​ និងឃុំ​ឃាំង​ទៅវិញ​ ដោយ​​ខាង​សាច់​ញាតិ​ជន​ជាប់​ចោទ​​ទៅសំរបសំរួល​ជាមួយ​ភាគី​​ដើម​បណ្តឹង​​ និង​មាន​​ទំនុក​បំរុង​​លុយកាក់​​ច្រើនពាន់​ដុល្លារ...ចំណែក​ឯ​តុលាការ​​រង់ចាំ​​មើល​ឆ្វេង​ មើល​ស្តាំ រួច​ហើយ​​សំរេច​​តាម​កាលៈទេសៈ​តែម្តង...​ប៉ុន្តែ​​ដោយសារ​ខ្យល់​បក់​​មិនស្រួល ទើប​​ខាង​តុលាការ​​សំរេច​ជ្រើសរើស​​យក​​ភាព​ត្រឹម​ត្រូវ​​មក​អនុវត្ត​វិញ។ ​​តុលាការ​​មិន​​យល់ញាតិ​​ឃ្លាត​ច្បាប់​ តាមគំរោង​​ដែលមានមុននេះមួយថ្ងៃ​​នោះទេ។​
ប្រសិន​បើ​​មាន​ការ​ដោះលែង​អ្នកទាំង​ពីរ​​នេះ ដោយសារ​​ប្រាក់២ ឬ៣​ពាន់​ដុល្លារមែននោះ ​ក្រុម​អ្នក​តាមដាន ​​អង្គ​​ការសង្គម​​ស៊ីវិល​​នឹង​សំដែង​​ប្រតិ​កម្ម​​​ថា ​ពួក​គេ​នឹង​តវ៉ា​ជាមួយ​​តុលាការ​ និង​ធ្វើ​ការ​សើរើ​​បទល្មើស​ផ្សេងៗ​​ពាក់​ព័ន្ធ​​​​នឹង​​​ការ​ក្លែង​បន្លំ​ឯកសារ​​ដូចជា​លោក​ដាំ​ ច្ឆ័ត្រ​រីយ៍ ​និង​លោក​សួស សារឿន ជា​ដើម ដើម្បី​ឱ្យ​​មានការ​ដោះ​លែង​​ផងដែរ។ អង្គ​ភាពប្រឆាំង​​អំពើ​ពុករលួយ​​ ដែល​ដឹកនាំ​ដោយ​លោកទេស​រដ្ឋ​មន្ត្រី​​ឱម យ៉ិន​ទៀង បានប្រកាស​រួច​ហើយ​ថា ការ​ស៊ី​​សំណូក ឬ​ទទួលប្រាក់​​ ឬកេង​បន្លំ​​ប្រាក់​ចាប់ពី​​៥០០រៀល​ឡើងទៅ គឺ​ចាត់ទុក​ជាអំពើ​ពុករលួយ​​ទាំងអស់​...​ ដូច្នេះ​​ប្រសិន​បើ​​អ្នក​តាម​ដាន​​រក​ឃើញ​ថា មន្ត្រី​តុលាការ​​​ទទួលសំណូក​​​លុយ​កាក់​​ពីអ្នក​កាសែត​​​ទាំង​​២នាក់​នេះ ជា​ថ្នូរ​​នឹង​ការ​ដោះ​លែង​​នោះ គេ​នឹង​ជំរុញ​​​ដាក់​ការ​ស៊ើប​អង្កេត​ទាំង​នេះ​ទៅអង្គ​ភាព​ប្រឆាំង​​អំពើ​ពុករលួយ​​​តទៅ​ទៀត ដើម្បី​​ចាប់ខ្លួន​​​មន្ត្រី​ពុករលួយ​ដូច​លោក​តុប ច័ន្ទ សេរីវុធ ​ព្រះរាជ​អាជ្ញា​​អមសាលា​ដំបូង​ខេត្ត​​​ពោធិ៍​សាត់​អញ្ជឹង​ដែរ។
នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ចាង​ហ្វាង​កាសែត​ខិល​ខូច​ទាំង​២​នាក់​ខាង​លើ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​បាន​ទូរ​ស័ព្ទ​សុំ​លុយ​ពី​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន។ ក្រោយ​ពី​សាក​សួរ​រយៈ​ពេល​ជាង​១​ម៉ោង ប៉ូលិស​បាន​សំរេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិ​​ការ​ដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​ទទួល​បញ្ជា​ពី​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី។
សូមបញ្ជាក់​ថា អ្នក​កាសែត​២នាក់ ដែល​​ប្រជាពលរដ្ឋ​​ទូទាំង​ប្រទេស​​ស្ទើរ​តែ​​មិន​ស្គាល់​ឈ្មោះ​ និងអង្គ​ភាពនេះ​​​ បានត្រូវប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ខណ្ឌសែន​សុខ ធ្វើការចាប់ខ្លួន​វា​យ​ខ្នោះ​ពី​​បទ​​​ឆ​បោក​ ខណៈ​ជនទាំង​២នេះ​​ទៅទទួល​ប្រាក់​​១០០​ដុល្លារ ​ពីបុរសម្នាក់​​នៅ​មុខ​ផ្សារ​ដីហុយ​​ ភូមិ​​រោងចក្រ​​ សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ​​ កាលពីវេលាម៉ោង​​២​និង​១០នាទីរសៀល​​ថ្ងៃទី​​២០ ធ្នូ ​២០១០។​
អ្នក​កាសែត​ទាំង​​២នេះ​គឺ​១-​ឈ្មោះ​​ថោង ​តារា​វុធ ​ចាងហ្វាង​​កាសែតនគរសន្តិភាព ស្រុក​កំណើត​​​ភូមិ​ក្រាំ​​ងរ​អូត ​ឃុំ​សំរោង ស្រុក​សំរោង ​ខេត្ត​តា​កែវ ​បច្ចុប្បន្ន​​ស្នាក់នៅ​​ភ្នំពេញ​ ២-​ឈ្មោះ​​ជុំ ប៊ុន​ហ៊ាប ​ចាងហ្វាង​កាសែត​​ពន្លឺ​​សេរីភាព​ មាន​ស្រុក​កំណើត​​​​​ភូមិ​​៦ ​ឃុំ​ព្រែក​​តានង់ ​ស្រុក​កោះ​​សូទិន ​ខេត្ត​កំពង់ចាម​ អ្នកទាំង​​ពីរ​ត្រូវ​​បានចោទ​ប្រកាន់​​​ពីបទឆបោក ដោយ​យកឈ្មោះ​​មន្ត្រីនាយកដ្ឋាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា​ទៅប្រើប្រាស់​​ក្នុងការ​​គំរាម​កំហែង ទា​រប្រាក់ពីមន្ត្រី​​អាជ្ញាធរអគ្គិសនី​​ដែល​រស់នៅ​​ក្នុង​ខណ្ឌ​​សែនសុខ។​
មន្ត្រីប៉ូលិស​​បាន​ឱ្យ​​ដឹង​ថា អ្នក​ទាំង​​២នេះ​បាន​ក្លែង​​ឈ្មោះ និង​អង្គ​ភាព​ជា​មន្ត្រី​​នាយក​ដ្ឋាន​​អាជ្ញាធរ​​អគ្គិសនី​​កម្ពុជាទៅគំរាម​​ជំរិត​​ទារ​ប្រាក់​​ពី មន្ត្រី​​អាជ្ញាធរ​​អគ្គិសនី​​ចំនួន​​២០០ដ​ុល្លារ ​ប៉ុន្តែ​​មន្ត្រី​នោះបានយល់ព្រម​​ប្រគល់​ប្រាក់​​តែ​​១០០​ដុល្លារ​​ប៉ុណ្ណោះ ហើយ​​បានប្តឹង​​ប៉ូលិស​ទុកជាមុន ​និង​ប្រគល់​​ភារកិច្ច​​នេះ​ឱ្យ​​ប៉ូលិស​​រៀបចំ​ផែនការ​​ចាប់​ខ្លួន​តែម្តង។
​ប៉ូលិសបាន​​​និយាយ​ថា ​អ្នកកាសែត​​ប្រព្រឹត្ត​​ខុសវិជ្ជាជីវៈ​​ទាំង​២នេះ​ត្រូវ​​បានមន្ត្រី​​នាយកដ្ឋាន​​អាជ្ញាធរ​​អគ្គិសនីកម្ ពុជា ​តាមស្វែង​រក​មុខ​ជា​យូរ​​ខែ​មកហើយ ​ក្រោយពី​គេប្រឌិត​​រឿង​​ទៅគំរាម​​កំហែង​​មន្ត្រីអគ្គិសនី​​នៅតាមបណ្តា​​ខេត្ត​នានាជំរិត​ទារ​​ប្រាក់​​រា ប់​រយ​ដុល្លារ។ បន្ទាប់ពី​​ឃាត់​ពួក​គេ​​រួច​មក ​មាន​មន្ត្រី​​អាជ្ញាធរ​​អគ្គិសនី​​​៤ទៅ​៥​នាក់​ផ្សេង​​ទៀត បានចូលទៅ​បំភ្លឺ​​ប្រាប់សមត្ថ​​កិច្ច និង​​ដាក់​​ពាក្យ​បណ្តឹង​​​បន្ថែម​​ ដើម្បី​​ឱ្យតុលាការ​​ចាត់​ការ​រឿង​នោះ​ទៅ​តាម​ស្ថាន​​បទ​ល្មើស​​របស់គេ៕​