នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើងកាលពីព្រឹកមិញ នៅចក្រអង្រែក្រោម ដែល Camnews បានរាយការណ៍មុននេះ គឺកើតឡើងដោយសាររថយន្ដដឹកស្ករ.សមួយគ្រឿង  បណ្តាលអោយអ្នកលក់ត្រី ២នាក់ប្តីប្រពន្ធ និងស្រ្តី អ្នកដំណើរម្នាក់ផ្សេងទៀត បានស្លាប់ភ្លាមៗនៅនឹងកន្លែង។

/

គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយភ័យខ្លាច និងគួរឲ្យរន្ធត់នេះ បង្កឡើងដោយរថយន្តកូរ៉េដឹកស្ករមួយគ្រឿង ចំណុះ ២តោនកន្លះ។ រថយន្ដនេះ បានបុកម៉ូតូ ២ គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ ២មុខរោងចក្រ M&V ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ វេលាប្រហែលម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃអង្គារ ទី១៧ ខែកក្កដា។

/

មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរពីស្ពានអាកាសទៅក្រុងតាខ្មៅ នៅពេលមកដល់មុខរោងចក្រ M&V ក៏ជ្រុលទៅបុក ម៉ូតូរបស់អ្នកលក់ត្រី មួយគ្រឿង ជិះគ្នា ២នាក់ និងអូសជាច្រើនម៉ែត្រ។ ស្រ្ដីអ្នកលក់ត្រីនោះ ត្រូវដាច់ខ្លួនជាពីរ ធ្លាយ ពោះវៀន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។​

តមកទៀត រថយន្ដនោះ ក៏ជ្រុលទៅបុកម៉ូតូសង់សេ ១២៥មួយគ្រឿង  របស់អ្នកដំណើរពីរនាក់ បណ្តាលឲ្យនារីម្នាក់ បានស្លាប់ និងបុរសជាអ្នកបើកបរម៉ូតូ បានបាក់ដៃម្ខាង។

/

អ្នកដែលបានឃើញហេតុការណ៍នេះ បាននិយាយថា បន្ទាប់ពីបុកម៉ូតូ ២គ្រឿងរួច រថយន្តបង្កហេតុនេះ បានជ្រុលទៅបុករថយន្តដឹកកម្មករមួយគ្រឿងទៀត ប៉ុន្ដែមិនបណ្តាល មានអ្នករងគ្រោះនោះទេ។

សាក្សីនៅកន្លែងកើតហេតុអោយដឹងថា មូលហេតុពិតប្រាកដនៃគ្រោះថា្នក់នេះ គឺដោយសារតែរថយន្ដបង្កហេតុនោះ បើកបរក្នុងល្បឿនលឿនពេក ស្របពេលដែលហ្រ្វាំងរថយន្ដមានបញ្ហាបណ្ដាលអោយរថយន្ដនេះ ជ្រុលទៅបុកគេ បុកឯងពេញទំហឹងតែម្ដង៕

ដោយ ៖ សុផល