ព័ត៌មានអន្តរជាតិ ៖ រយៈពេលត្រឹមតែមួយថ្ងៃ ក្រោយអង្រួនប្រទេស ហ្វីលីពីន អោយរង្គោះរង្គើ សម្លាប់មនុស្សដល់ទៅជាង ១ ម៉ឺននាក់ហើយនោះ ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ បានបន្តដំណើរវាយប្រហាររបស់ខ្លួន ទៅដល់ប្រទេសវៀតណាម ក្នុងអំឡុងថ្ងៃអង្គារ ទី ១២ នេះ ដោយនៅក្នុងនោះ បានឆក់យកជីវិតមនុស្ស ១៣ នាក់ ខណៈ ៨១ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន បរទេស ស៊ិនហួរ ដែលទើបតែ បានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃខ្យល់ព្យុះដ៏មានឥទ្ធិពលប្រចាំឆ្នាំមួយនេះ បានធ្វើអោយខេត្តQuang Ninh ភាគខាងជើងប្រទេស រងនូវការរអិលបាក់ដី និង បានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ទីភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះថ្នាក់ជាតិ (The VietnameseNational Search and Rescue Agency ) បានគូសបញ្ជាក់អោយដឹងថា បន្ទាប់ពីមានការវាយប្រហារ ពីសំណាក់ខ្បល់ព្យុះកំណាចមួយហើយនោះ មិនត្រឹមតែបានធ្វើអោយមនុស្សទទួលរងរបួសធ្ងន់ ស្រាល និង ស្លាប់នោះ ទេ តែក៏បានធ្វើអោយផ្ទះរាប់រយខ្នង រងនូវការបំផ្លិចបំផ្លាញ រួមទាំងធ្វើអោយខូចខាតទូកអ្នកនេសាទ ចំនួន ៣៩ គ្រឿងផ្សេងទៀតផងដែរ។


គួរបញ្ជាក់ផងដែរ សំណង់អាគារបញ្ជូនទិន្នន័យអោយទូរទស្សន៍ មានទីតាំងស្ថិតនៅក្នុងខេត្ត Quang Ninh នោះ បានបាក់រលំ ក្រោយមានការវាយប្រហារ ដោយសារតែកម្លាំងខ្យល់ខ្លាំងពេក ជាមួយគ្នានោះដែរ បើតាមការប៉ាន់ស្មានជាជំហានដំបូង ទំហំនៃការខូចខាត អាចស្មើនឹងទឹកប្រាក់ ២,៥ លានដុល្លារ សហរដ្ឋអាមេរិក៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ