Cheong-Choon Ng អតីតវិស្វកររបស់ក្រុមហ៊ុន Nissan Motor នៅអាមេរិក បានរកឃើញវិធីរកប្រាក់ពីការលក់ខ្សែកៅស៊ូចម្រុះពណ៌ ដើម្បីត្បាញជាខ្សែដៃ តម្លៃ ១៧ដុល្លារអាមេរិក។ ប្រភេទរបស់លេងនេះ ត្រូវបានកុមារអាមេរិក ចូលចិត្តយ៉ាងខ្លាំង ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមក ផលិតផលនេះត្រូវលក់ចេញ រាប់លានឈុត។
Cheong-Choon Ng អ្នកបង្កើតក្រុមហ៊ុន Rainbow Loom លក់ខ្សែកៅស៊ូ
ទំព័រ CNN បានចេញផ្សាយថា កុមារនៅពាសពេញប្រទេសអាមេរិក កំពុងតែនាំគ្នាសប្បាយជាមួយល្បែងត្បាញខ្សែកៅស៊ូ ដែលមានពណ៌ស្រស់ស្អាត ជាខ្សែដៃ។ កៅស៊ូដែលមានយីហោ Rainbow Loom ក្នុងមួយឈុតៗ ត្រូវបានគេលក់ក្នុងតម្លៃ ១៧ដុល្លារ ដោយរួមមានខ្សែកៅស៊ូចំនួន ៦០០កង និងមានពណ៌គ្រប់ប្រភេទ រួមនិងឧបករណ៍ត្បាញផងដែរ។ វីដេអូណែនាំអំពីវិធីត្បាញក៏ត្រូវបានគេបង្ហោះ និងចែករំលែកនៅពេញអ៊ីនធើរណិត។Michaels Stores ដែលជាបណ្ដាញលក់សម្ភារៈសិប្បកម្មធំមួយនៅអាមេរិក បានទទួលទិញផលិតផលនេះ កាលពីដើមខែ ៨ ហើយពេលនេះ Rainbow Loom ក៏កំពុងតែលក់ដាច់បានច្រើនជាងមុនដល់ទៅ ១០ដង នេះបើតាម Philo Pappas អ្នកគ្រប់គ្រងរងរបស់ក្រុមហ៊ុន ខ្សែកៅស៊ូនេះ។កៅស៊ូកង ដែលមានពណ៌ដ៏ស្រស់ស្អាតនេះ គឺជាគំនិតរបស់ Cheong-Choon Ng ជាអតីតវិស្វកររបស់ Nissan Motor នៅតំបន់ Detroit អាមេរិក។ ចាប់តាំងពីបានបង្ហាញខ្លួនក្នុងទីផ្សារអាមេរិក កៅស៊ូកង រាប់លានឈុត ត្រូវបានលក់ចេញ។
កាលពីបីឆ្នាំមុន Cheong-Choon Ng បានឃើញកូនស្រីរបស់ខ្លួនពីរនាក់ គឺ Teresa អាយុ ១២ឆ្នាំ និង Michelle អាយុ ៩ឆ្នាំ នាំគ្នាត្បាញកៅស៊ូជាខ្សែដៃ។ ប្រការនេះ ធ្វើឱ្យគាត់នឹកឃើញកាលពីខ្លួននៅតូច នៅ Malaysia ដែលកាលណោះគាត់តែងយកកៅស៊ូមកធ្វើជាខ្សែសម្រាប់លោតលេង។ Cheong-Choon Ng បានយកកៅស៊ូតូចមួយចំនួន ត្បាញជាខ្សែដៃ ប៉ុន្ដែប្រភេទកៅស៊ូនេះតូច ធៀបនឹងម្រាមដៃរបស់គាត់។
Rainbow Loom អាចបង្កើតខ្សែដៃដែលមានពណ៌ស្រស់ស្អាត ដោយកៅស៊ូ
ដូច្នេះ Cheong-Choon Ng ក៏បានចូលហ្គារ៉ាស និងបង្កើតឧបករណ៍តម្បាញសាមញ្ញមួយធ្វើអំពីឈើ។ ក្រោយក គាត់ក៏ចាប់ផ្ដើមត្បាញជាកង។ ដំបូង កូនៗរបស់គាត់ ហាក់មិនពេញចិត្តប៉ុន្មាន ប៉ុន្ដែនៅពេលបានឃើញល្បឿននៃការត្បាញរបស់ពុក ពួកគេក៏បានប្ដូរការយល់ឃើញ។
នៅពេលទៅសាលារៀន កូនៗរបស់ Cheong-Choon Ng បានសម្លឹងឃើញនូវសក្កដានុពលដែលអាចរកប្រាក់បាន បន្ទាប់ពីឃើញមិត្តរបស់ពួកគេចូលចិត្ដឧបករណ៍ដែលពុកបានបង្កើតឡើង។ ដូច្នេះ Cheong-Choon Ng ក៏បានសម្រេចចិត្តចំណាយប្រាក់ ១០,០០០ដុល្លារដែលបានសន្សំទុកឱ្យកូនរៀន ដើម្បីធ្វើជាដើមទុនដំបូង។Cheong-Choon Ng បានចំណាយពេល ៦ខែ បង្កើតបាន ២៨ម៉ូដ ដើម្បីជ្រើសយកម៉ូដមួយដែលល្អ និងស្អាតជាងគេបង្អស់។ ក្រោយមក គាត់ក៏បានទាក់ទងអ្នកផ្គត់ផ្គង់នៅចិន ហើយបានទទួលទំនិញដំបូងនាខែមិថុនា ឆ្នាំ ២០១១ ។ ទំនិញដំបូងនេះ មានទម្ងន់ ជាង ៩០០គីឡូក្រាម។
ផលិតផលនេះមួយឈុត រួមមាន គ្រោងសម្រាប់ត្បាញកៅស៊ូ និងកៅស៊ូ ៦០០កង មានតម្លៃ ១៧ដុល្លារអាមេរិក
ដំបូងឡើយ Rainbow Loom ត្រូវបានលក់ចេញក្នុងល្បឿនយឺតៗ។ នៅពេលគាត់ទៅកាន់ហាងទំនិញដើម្បីបញ្ចុះបញ្ចូលម្ចាស់ហាង ពេលខ្លះគាត់ក៏ត្រូវគេដេញតាមរបៀប “ការទូត” ទៀតផង។ ជំហានថ្មីមួយ បានកើតឡើងកាលពីខែកក្កដា ឆ្នាំ ២០១២ នៅពេលហាងមួយរបស់បណ្ដាញ The Learning Express Toys បានទទួលលក់ផលិតផលរបស់ Cheong-Choon Ng ។ ហាងមួយនេះ ថែមទាំងបង្កើតវគ្គបណ្ដុះបណ្ដាលរបៀបត្បាញ ដល់អតិថិជន។
Cheong-Choon Ng និយាយថា ៖ “មានពេលមួយនោះ ហាងមួយរបស់ The Learning Express Toys បានហៅទូរស័ព្ទមកយើងខ្ញុំ ប្រាប់ថា បានលក់អស់ ២៤ប្រអប់ក្នុងមួយសប្ដាហ៍ ហើយក្រោយមកគឺ ៩៦ប្រអប់ក្នុងមួយសប្ដាហ៍”។ កូនស្រីរបស់ Cheong-Choon Ng គឺ Teresa និង Michelle សុទ្ធតែយក Rainbow Loom ទៅសាលារៀនដើម្បីឃោសនាដល់មិត្តភ័ក្ដិ។
នៅមុនថ្ងៃបុណ្យណូអែលឆ្នាំ ២០១១ តម្រូវការនៃការលេងល្បែងនេះ បានកើនឡើងខ្លាំង។ Cheong-Choon Ng ឱ្យដឹងថា ៖ “មានការបញ្ជាទិញជាច្រើន ត្រូវបានបញ្ជូនមក ហើយយើងខ្ញុំត្រូវស្វែងរកជំនួយពីគ្រប់កន្លែង”។ ការបញ្ចូលផលិតផលសម្រេចទៅក្នុងប្រអប់ នៅតែត្រូវបានធ្វើឡើងដោយគ្រួសាររបស់លោក។
Michelle កូនស្រីអាយុ ១២ឆ្នាំ របស់ Cheong-Choon Ng កំពុងធ្វើការឱ្យពុកនាង
បើទោះជារកបានប្រាក់រាប់លានដុល្លារ ប៉ុន្ដែ គ្រួសាររបស់ Cheong-Choon Ng មិនបានចាយវាយខ្ជះខ្ជាយនោះទេ។ Cheong-Choon Ng នៅតែបើកបររថយន្ដដែលមានអាយុ ១២ឆ្នាំ ចំណែក ប្រពន្ធរបស់គាត់ ក៏តែងចាំរកទិញរបស់ដែលគេបញ្ចុះតម្លៃ។ ប្រាក់ចំណេញដែលរកបាន ត្រូវបាន Cheong-Choon Ng វិនិយោគជាថ្មី ទៅលើ Rainbow Loom និងរកនឹកបង្កើតផលិតផលម៉ូដថ្មី ដើម្បីទាក់ទាញអតិថិជន៕
ដោយ ៖ តារាប្រភព ៖ CNN/nytimes