ព័ត៌មានអន្តរជាតិ ៖ ករណីគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពលនៅក្នុងប្រទេស នេប៉ាល់ រំលេចអោយឃើញ ពីកង្វះខាត វិស័យសុខាភិបាល ប្រទេសនេះ នៅខ្សោយជាខ្លាំង ខណៈបណ្តា មន្ទីរពេទ្យ កំពុងតែស៊ូ នឹងការព្យាបាលអ្នកជម្ងឺដ៏ច្រើនលើសលប់ ជាមួយនឹងក្រុមវេជ្ជបណ្ឌិត និងសម្ភារបរិក្ខារពេទ្យតិចតួច នៅមានកម្រិតនៅឡើយ ។
នេប៉ាល់ ជាប្រទេសដែលមានប្រជាជនសរុបដល់ទៅ ២៨លាននាក់នោះបើនិយាយពីសម្បទាវិស័យ សុខាភិបាលវិញ គឺវិជ្ជបណ្ឌិតមានត្រឹមតែ ២,១ នាក់ និងគ្រែមន្ទីរពេទ្យត្រឹមតែ ៥០ គ្រែ សម្រាប់រាល់ ប្រជាជន ១០,០០០ នាក់ នេះបើយោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក ឆ្នាំ ២០១១។
ស្ថានការណ៍នៃវិបត្តិមនុស្សជាតិនៅក្នុងប្រទេសនេះ គឺអាក្រក់បំផុត ក្នុងទំព័រប្រវត្តិ សាស្រ្ត នេប៉ាល់ ក្នុងរយៈកាលជាង ៨១ ឆ្នាំកន្លងមកនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពល កម្លាំងខ្លាំងដល់ ទៅ ៧,៩ រ៉ិចទ័រ កើតឡើងកាលពីរសៀលថ្ងៃ សៅរ៍ ចុងសប្តាហ៍កន្លងទៅ បានបណ្តាលអោយជន រង គ្រោះស្លាប់ដល់ទៅ លើសពី ២,៥០០ នាក់ ខណៈច្រើនជាង ៤,៥០០ នាក់ផ្សេងទៀតទទួលរងរបួស ធ្ងន់ និងស្រាល ។
តួរលេខជនរងគ្រោះស្លាប់ និងរបួស ត្រូវបានគេរំពឹងទុកថា នឹងមានការ កើនឡើង ស្រប ពេលដែល មានជំនឿជាក់អោយដឹងថា ក្រុមជនរងគ្រោះឯទៀត ជាប់នៅក្រោមគំនរ បាក់បែក នៅ ឡើយ នៅ ពេញផ្ទៃប្រទេស ពីទីក្រុង Kathmandu ទៅតំបន់ភូមិ ស្រុកដាច់ស្រយាល ក៏ដូចជា នៅលើកំពូលភ្នំ ជាដើម ។
ខណៈមានក្រុមជនរងគ្រោះ ស្លាប់ និងរបួសច្រើននាក់នោះ បណ្តាអ្នកទទួល រងហានិភ័យទាំងនោះ មានវត្តមានមកពីក្រុង Kathmandu ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bi r នាមជ្ឈមណ្ឌល Trauma ដែលបានបើកដំណើរការកាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ជាមួយ នឹង គ្រែអ្នកជម្ងឺ ២០០ គ្រែ ។ ទោះជាយ៉ាងណាក៏ដោយចុះ វេជ្ជបណ្ឌិត បញ្ជាក់ អោយដឹងថា ៖ ពួក គាត់ ត្រូវការ ហោចណាស់ ១០០០ គ្រែបន្ថែមទៀតសម្រាប់ធ្វើការព្យាបាលអ្នកជម្ងឺដែលនាំយកមកព្យាបាលនៅទីនេះតាមរយៈ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តតាក់ស៊ី ។
យ៉ាងណាមិញ ក្រុមអ្នកឡើងលើភ្នំខ្ពស់ជាងគេបង្អស់នោះ បានអំពាវនាវអោយមានការជួយសង្គ្រោះ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីគ្រោះរញ្ជួយដីលើកនេះ បណ្តាលអោយមានគ្រោះបាក់រលំផ្ទាំង ទឹកកកវាយប្រហារទៅលើ ជុំរុំអ្នកឡើងភ្នំ Everest base camp បាន សម្លាប់ មនុស្សហោចណាស់ ១០ នាក់ ។ គួរបញ្ជាក់ថា ជុំរុំមួយនេះ គឺប្រជុំទៅដោយក្រុមអ្នកឡើងភ្នំ បរទេស ខណៈពួកគេមានវត្ត មាននៅទីនោះ ពីព្រោះរដូវកាលអំណោយផល ឡើងភ្នំបានមកដល់ហើយ តែជាអកុសល ជុំរុំ របស់ ពួកគេបានរងនូវការវាយប្រហារ ដូចគ្នាដែរ ពីគ្រោះរញ្ចួយដីសាហាវលើកនេះ ដែលគេ ពណ៌នាបាន ថា សោកនាដកម្មអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្ត ៨១ ឆ្នាំមកនេះ ។ មិនត្រឹមតែ បានបណ្តាលអោយ ក្រុមមនុស្សច្រើនពាន់នាក់ស្លាប់ និងរបួសតែប៉ុណ្ណោះនោះទេ តែក៏បានបណ្តាល អោយ ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន មានផ្លូវថ្នល់ អាគារ ទីរមណីយដ្ឋានបុរាណ ល្បីៗជាច្រើនកន្លែង រង នូវការបាក់រលំខូច ខាត និង ខ្ទេចខ្ទាំ រងគ្រោះយ៉ាងដំណំ ដូចគ្នាដែរ ៕
- អាន ៖ គ្រោះរញ្ជួយដី សាហាវ កាលថ្ងៃសៅរ សម្លាប់មនុស្ស កើនឡើងដល់ ៣៣២៦ នាក់ហើយ ខណៈជិត ៧០០០ នាក់ទៀត រងរបួស
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA