ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ប្រទេសរុស្ស៊ីចំណុះដោយអ្នកដំណើរច្រើន ជាង ២២០ នាក់ បានធ្លាក់ចុះ នៅភាគកណ្តាលឧបទ្វីប Sinai ប្រទេស អេហ្ស៊ីប នេះបើយោងតាម ការគូសបញ្ជាក់ដោយផ្ទាល់ពីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ប្រទេស អេហ្ស៊ីប ។

/

យន្តហោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ប្រភេទ Airbus A321 ជួបគ្រោះអកុសលធ្លាក់ចុះ ក្នុងប្រតិ បត្តិការដឹកអ្នកដំណើរ   ពីតំបន់    រមណីយដ្ឋាន  Sharm el-Sheikh  សមុទ្រ ក្រហម ឬ Red Sea ឆ្ពោះទៅកាន់ទី ក្រុង St Petersburg ប្រទេសរុស្ស៊ី ។  សារព័ត៌មាន  ក្នុងស្រុក ប្រទេស រុស្ស៊ីអោយ ដឹងថា បំណែកយន្តហោះធ្លាក់ ត្រូវបានគេរកឃើញហើយ ។ ប្រភពបញ្ជាក់ អោយដឹងថា មានការ ដាក់ពង្រាយរថយន្តសង្គ្រោះបន្ទាន់ ច្រើនជាង ២០ គ្រឿងនៅទីតាំងកើតហេតុ ។ ភាគច្រើននៃអ្នក ធ្វើដំណើរគឺជាភ្ញៀវទេសចរ ជនជាតិ រុស្ស៊ី ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះជួបគ្រោះអកុសលធ្លាក់ចុះលើកនេះ ស្ថិតនៅ ក្រោមការប្រតិបត្តិការរបស់ក្រុមហ៊ុន Kogalymavia​ ខណៈ  ផ្ទុកអ្នកដំណើរសរុប ២១៧ នាក់ និង ៧នាក់ផ្សេងទៀតជាក្រុមការងារ បម្រើការលើយន្តហោះ ។

/

អាជ្ញាធរអាកាសចរណ៍ស៊ីវិល ប្រទេសរុស្ស៊ី Rosaviatsiya គូសបញ្ជាក់អោយដឹង តាមរយៈសេចក្តី ថ្លែងការណ៍ រួមអោយដឹងថា យន្តហោះជើងហោះហើរ 7K 9268   បានហោះចាកចេញពីរមណីយ ដ្ឋាន Sharm el-Sheikh នៅវេលាម៉ៅង ៦ និង ៥១ នាទី (ម៉ោងក្នុងស្រុកប្រទេសរុស្ស៊ីត្រូវនឹងម៉ោង ៣ និង ៥១ នាទី ទាបភ្លឺ ព្រឹកថ្ងៃសៅរ៍នេះ នៅកម្ពុជា) ដោយគ្រោង   នឹងហោះទៅសំចត នៅឯអា កាសយានដ្ឋាន Pulkovo ក្រុង Petersburg ម៉ោង ១២ និង ១០ នាទី ។ ប្រភពដដែល បញ្ជាក់ដឹង ថា ក្រោយពីហោះសំកាំងខ្លួនឡើង    បានរយៈ ពេល ត្រឹមតែ ២៣ នាទី យន្តហោះខាងលើក៏បាត់ ដាន ពីប្រព័ន្ធរ៉ាដា និងបាត់ការទាក់ទងតែម្តង ។ ពុំទាន់មានសេចក្តីរាយការណ៍ ថាបានរកឃើញ អ្នកមានឱកាសនៅរស់រានមានជីវិតនៅឡើយទេ ។ ក្នុងចំណោម អ្នកដំណើរសរុប ២២៤ នាក់ក្នុង នោះមានក្មេងៗជាអ្នកដំណើរ ជិត ២០នាក់ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ និង ប៊ីប៊ីស៊ី