(ផ្លូរីដា)៖ ហេតុការណ៍បាញ់ប្រហារក្លឹបរាត្រីរបស់ ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងទីក្រុង អូឡាន់ដូ រដ្ឋផ្លូរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សស្លាប់ពេលនេះ កើនឡើង ដល់ ៥០នាក់ និង ៥៣នាក់ទៀតរងរបួស ដែលពួកគេភាគច្រើនជាមនុស្សស្រឡាញ់ភេទដូចគ្នា តែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦។

/

/

អភិបាលក្រុង អូឡាន់ដូ លោក Buddy Dyer បានថ្លែងឲ្យដឹងថា ចំនួនមនុស្សស្លាប់ពេលនេះមាន រហូតដល់ ៥០នាក់ហើយ និង ជាង ៥០នាក់ទៀតរងរបួស បន្ទាប់ពីក្លឹបកម្សាន្តឈ្មោះថា Pulse រងការវាយប្រហារដោយខ្មាន់កាំភ្លើងម្នាក់ កាលពីវេលាម៉ោង ២៖០២ នាទីយប់ថ្ងៃសៅរ៍ ស្ថិតនៅជាយក្រុងភាគខាងត្បូង។ បន្ទាប់ពីការចាប់មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង ទើបប៉ូលិស សម្រេចសម្រុកចូលក្លឹបនោះតែម្តងនៅវេលាម៉ោង ៥៖០០នាទីព្រឹក។

/

គួរបញ្ជាក់ថា ការសម្រេចសម្រុកចូលក្លឹបនោះក៏ព្រោះតែប៉ូលិសមានការភ័យខ្លាចថា ជនសង្ស័យ នឹងបន្តសម្លាប់មនុស្សជាច្រើននាក់ទៀត។ មន្ត្រីប៉ូលិសសហព័ន្ធបានកំណត់អត្តសញ្ញាជនបង្ក នៅនឹងកន្លែងកើតហេតុនោះហើយ គឺរូបគេមានឈ្មោះថា Omar Mateen មកពីតំបន់កំពង់ផែ Lucie នៃរដ្ឋផ្លូរីដា។ សម្រាប់ការស៊ើបអង្កេត រកមូលហេតុនៃការវាយប្រហារនេះ កំពុងតែបន្តធ្វើឡើង ហើយគេក៏សង្ស័យដែរថា ការបាញ់សម្លាប់អ្នកចម្រៀង The Voice វ័យ ២២ឆ្នាំ កាលពីថ្ងៃសុក្រ អាចមានការជាប់ពាក់ព័ន្ធគ្នា ព្រោះវាសុទ្ធតែបានកើតឡើងនៅទីក្រុង អូឡាន់ដូ រដ្ឋផ្លូរីដា។

/

/

ព័ត៌មានចុងក្រោយ បានបញ្ជាក់ថា ភ្ញាក់ងារ FBI បានសង្ស័យថានេះជាអំពើភេរវកម្ម។ បច្ចុប្បន្ន មនុស្ស ៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយដោយឡែកមនុស្ស ៣០នាក់ទៀត ត្រូវបានសង្គ្រោះចេញពីក្លឹបដោយសុវត្ថិភាព៕

ប្រភព ៖ ប៊ីប៊ីស៊ី 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី