ព័ត៌មានអន្តរជាតិ ៖ រយៈពេល ៦ខែ​មុន កាលបើឃើញរូបថត លោក Lee Jae-yong ដែលជាប្រធាន ក្រុមហ៊ុនអេឡិចត្រូនិច Samsung ហើយនោះ ច្បាស់ណាស់ សរបញ្ជាក់ឲ្យឃើញពីភាពសាមញ្ញមួយ នៃប្រមុខប្រធានក្រុមហ៊ុន ដែលពោរពេញទៅដោយភាពជាអ្នកដឹកនាំ តែផ្ទុយទៅវិញ រយៈពេល ៦ខែ ចុងក្រោយនេះ កាលបើឃើញរូបថតលោក Lee Jae-yong ហើយនោះ វាពុំមែនជាភាពសាមញ្ញទៀត នោះទេ ពោលពេលនេះ បើទោះបីជាលោកស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវធំ យ៉ាងណាក៏ដោយ ចុះតែទឹកមុខរបស់លោកមិនសូវស្រស់ដូចមុននោះទេ ខណៈដៃជាប់ខ្នោះ និងអមដោយប៉ូលីសមកពី ទីក្រុងសេអ៊ូល សឹងតែគ្រប់ពេល។ តើមកពីមូលហេតុអ្វី ហើយលោក Lee Jae-yong គឺជាអ្នកណាឲ្យ ប្រាកដ។ 

/

ស្ថិតនៅក្នុងវ័យ ៤៨ឆ្នាំ លោក Lee Jae-yong (ដែលជាទូទៅ គេស្គាល់ឈ្មោះ Jay Y Lee) គឺជាកូន ប្រុសប្រធានក្រុមហ៊ុនអេឡិចត្រូនិចធំបំផុត របស់កូរ៉េខាងត្បូង Samsung ហើយលោកត្រូវជាចៅប្រុស បង្កើតស្ថាបនិកក្រុមហ៊ុន Samsung លោក Lee Byung-chul ។ កំពុងតែសិក្សាថ្នាក់បរិញ្ញាប័ត្រនៅ ទីក្រុង សេអ៊ូលមុនពេលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសាលា Harvard Business School លោក ត្រូវបានបង្វឹកឲ្យមកកាន់ការងារធំ នៅក្រុមហ៊ុន Samsung តួយ៉ាង លោកបានក្លាយទៅជាប្រធានក្រុម ហ៊ុន Samsung នៅឆ្នាំ ២០០៩ និងក្លាយទៅជាអនុប្រធាន Samsung Electronics នៅឆ្នាំ ២០១៣ ខណៈក្រុមហ៊ុន​ Samsung Electronics គឺជាក្រុមហ៊ុនរបស់សាមសុងមួយផ្សេងទៀត ដែលទទួល បន្ទុកក្នុងការផលិតនូវស្មានហ្វូន ទូរទស្សន៍​ កាម៉េរ៉ា ក៏ដូចជា hard drives ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៤ ក្រោយពីបុរសជាឪពុករបស់លោក បានទទួលមរណភាពដោយរោគគាំងបេះដូង លោកក៏ទទួលរ៉ាប់ រងទាំងស្រុងជាប្រធានក្រុមហ៊ុន ពោលជា ថៅកែ Samsung Group ។ យោងតាមរបាយការណ៍ ពី ទស្សនាវដ្តី Forbes ឲ្យដឹង តាមរយៈការចាត់ចំណាត់ថ្នាក់ បុរសជាឪពុកកូន ២ លែងលះប្រពន្ធ ម្នាក់នេះជា កំពូលមនុស្សដែលមានឥទ្ធិពលបំផុតលើលោក ចំណាត់ថ្នាក់ទី ៤០ ដែលមានទ្រព្យសម្បត្តិ ដល់ទៅ ៦ពាន់លានដុល្លារ។

/

តើលោក Lee Jae-yong រងនូវចោទប្រកាន់អ្វី ?

អំឡុងខែកុម្ភៈ ឆ្នាំ២០១៧ លោក Lee Jae-yong ត្រូវបានចាប់ឃាត់ខ្លួនបន្ទាប់មករងនូវការចោទប្រកាន់ ពីរឿងអាស្រូវនយោបាយ ពាក់ព័ន្ធនឹងសាជីវកម្មរបស់លោក ជាមួយនឹងអតីតប្រធានាធិបតីកូរ៉េខាង ត្បូងដែលត្រូវបានសភាទើបទម្លាក់ចេញពីតំណែង​ លោកស្រី Park Geun-hye ។ លោកគឺជា បេក្ខភាព មន្រ្តីជាន់ខ្ពស់មួយរូបដែលស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈលោកបានបដិសេធទៅនឹងការចោទ ប្រកាន់ ពីបទអំពើពុករលួយ លុយសំនូក ការកិបកេងហិរញ្ញវត្ថុ ក៏ដូចជា ការលាក់បាំងនូវទ្រព្យសកម្ម នៅក្រៅប្រទេស និង ភូតភរជាដើម តួយ៉ាង ប្រធានក្រុមហ៊ុន​ ក៏ដូចជា ថៅកែ ក្រុមហ៊ុន Samsung ម្នាក់ នេះ រងនូវការចោទប្រកាន់ជាក់ស្តែង ថាបានចំណាយប្រាក់ដល់ទៅ ៤៣ ពាន់លានវុន ទៅកាន់មូល និធិមិនស្វែងរកប្រាក់ចំនូលពីមូលនិធិ ដែលដំណើរការដោយមនុស្សជំនិត និងមិត្តភក្កិជិតស្និទ្ធ អតីត ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye គឺលោកស្រី Choi Soon-sil ដើម្បីជាការដោះដូរត្រលប់មក វិញនូវការគាំទ្រផ្នែកនយោបាយ។ 

/

ដូចដែលសេចក្តីប្រកាស ពីសភាជាតិ កូរ៉េខាងត្បូង កាលពីចុងឆ្នាំ ២០១៦ នាខែធ្នូ កន្លងទៅនេះ​ ឲ្យដឹង ថា លោក Lee ទទួលសារភាព ថាពិតជាមានការបរិច្ចាក តែបានធ្វើការបដិសេធថា Samsung ពុំធ្លាប់ ចង់បានអ្វីមកវិញ ដែលជាការដោះដូរនោះទេ ។ ហើយការច្រានចោលនេះហើយ Samsung នៅតែ រក្សាគោលជំហររបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ លោក Lee ក៏អះអាងថាសហគ្រាស Samsung ដាច់ ដោយឡែកពីគ្នា ក៏បានប្រគល់​ សេះមួយក្បាល និងលុយរាប់លានដុល្លារ ជាជំនួយអាជីពការងារ ជិះ សេះរបស់កូនស្រីលោកស្រី Choi ដូចគ្នាដែរ ។ 

គួររំឮកថា លោក Lee គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គល ៤ រូបពីថ្នាក់ដឹកនាំជាន់ខ្ពស់​របស់ Samsung ដែលរងនូវការចោទប្រកាន់ ក្នុងនោះ ៣នាក់ទៀត បានលាឈប់ ពីមុខតំណែង ។ ក្នុងករណីរកឃើញ ទោសកំហុសពីរឿងអាស្រូវខាងលើ ពិតប្រាកដមែន ប្រធានក្រុមហ៊ុន Samsung ប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ ២០ ឆ្នាំ ៕

-ក្រោយសភា ទម្លាក់ចេញពីតំណែង លោកស្រី Park ដើរចេញពីវិមានប្រធានាធិបតី ទៅកាន់ផ្ទះឯកជនមួយកន្លែង

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី