ខណៈដែលបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump បានអំពាវនាវឱ្យចាប់គូប្រជែងរបស់ខ្លួនគឺលោកស្រី Hillary Clinton ដាក់គុក ថ្មីៗនេះ អ្នកគាំទ្ររបស់លោក ថែមទាំងបានគំរាមថានឹងធ្វើឃាត បើសិនលោកស្រីជាប់ឆ្នោត។

/

បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump

យោងតាមគេហទំព័រ Independent របស់អង់គ្លេស អ្នកគាំទ្ររបស់មហាសេដ្ឋី Donald Trump នៅ Cincinnati ថ្មីៗនេះបានប្រកាសថានឹងធ្វើសកម្មភាពប្រឆាំង បើសិនលោកស្រី Clinton បានយកឈ្នះក្នុងការប្រជែងចូលទៅកាន់សេតវិមាន ក្នុងនោះអាចរួមមានទាំងការធ្វើរដ្ឋប្រហារ ឬបដិវត្ត ហើយក៏អាចនឹងរួមបញ្ចូលទាំងការធ្វើឃាតបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ។

ឆ្លើយតបទៅនឹងកិច្ចសម្ភាសរបស់ CNN កាលពីពេលថ្មីៗនេះ Dan Bowman អាយុ ៥០ឆ្នាំ ដែលជាអ្នកគាំទ្ររបស់លោក Trump និយាយថា “ខ្ញុំមានអារម្មណ៍ថា លោកស្រី Hillary គួរត្រូវបានគេវាយឱ្យខ្ទាតចេញ បើសិនជាលោកស្រីជាប់ឆ្នោត។ ខ្ញុំនឹងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីវាយលោកស្រីឱ្យខ្ទាតចេញមកក្រៅ។ បើសិនជាខ្ញុំត្រូវការបង្ហាញថា ខ្លួនជាអ្នកស្នេហាជាតិពិតប្រាកដ ខ្ញុំនឹងធ្វើវា”។

នៅក្នុងកិច្ចសម្ភាសមុននេះជាមួយទីភ្នាក់ងារសារព័ត៌មាន Boston Globe បុរសខាងលើក៏ធ្លាប់បាននិយាយថា លោកសង្ឃឹមថានឹងមានរដ្ឋប្រហារមួយដើម្បីផ្ដួលលោកស្រី Clinton បើសិនលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។

លោក Dan Bowman និយាយថា “លោកស្រីគួរណាស់តែត្រូវបានចាប់ដាក់គុក ឬប្រហារជីវិត។ នោះគឺជាអ្វីដែលខ្ញុំគិត។ បើសិនលោកស្រីជាប់ឆ្នោត ខ្ញុំសង្ឃឹមថាអាចនឹងមានរដ្ឋប្រហារមួយ។ យើងខ្ញុំត្រូវការធ្វើបដិវត្ត។ នឹងមានការបង្ហូរឈាម។ ខ្ញុំនឹងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីប្រទេសជាតិ”។

ឆ្លើយតបទៅនឹងកិច្ចសម្ភាសជាមួយ Independent អ្នកនាំពាក្យម្នាក់របស់ទីភ្នាក់ងារចារកម្មអាមេរិកនិយាយថា ពួកគេឮនិយាយអំពីការគំរាមរបស់លោក Bowman ប៉ុន្តែ មិនបានផ្ដល់ព័ត៌មានណាមួយទាក់ទឹននឹងបញ្ហាការពារសន្តិសុខដល់បណ្ដាបេក្ខភាពប្រធានាធិបតី។

/

បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton 

នៅក្នុងការឃោសនារកសម្លេងឆ្នោតកាលពីពេលថ្មីៗនេះ លោក Trump ក៏ធ្លាប់បានគំរាមជាញឹកញាប់ថានឹងចាប់លោកស្រី Clinton ដាក់គុក បើសិនលោកជាប់ឆ្នោត។ លោក Trump ថ្លែងថា “ខ្ញុំមិនចង់និយាយចេញនូវប្រការនេះ ប៉ុន្តែ បើសិនខ្ញុំជាប់ឆ្នោត ខ្ញុំនឹងបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ តែងតាំងព្រះរាជអាជ្ញាពិសេសម្នាក់ដើម្បីស៊ើបអង្កេតទៅលើលោកស្រី។ មានការនិយាយបោកប្រាស់ច្រើនហួសហេតុ។ ប្រជាជនទូទាំងប្រទេសកំពុងខឹងសម្បារខ្លាំង។ លោកស្រីគួរតែខ្មាស់ខ្លួនឯង ដោយសារតែខ្លួនឯង...ព្រោះថា លោកស្រីនឹងត្រូវចូលគុក”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Independent