កំពង់ចាមៈស្ត្រីម្នាក់ ត្រូវបានគេ ប្រទះឃើញ ស្លាប់នៅក្បែរ ព្រៃឬស្សី ក្រោយវត្តម៉ីនង់ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិម៉ីនង់ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ សពស្ត្រីរងគ្រោះគេឃើញមានស្នាមកាប់ ជិតដាច់ ក និងស្នាមកាប់២កន្លែង ផ្សេងទៀត ដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។

វរសេនីយ៍ត្រី សាំ ហេង អធិការនគរបាល ស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា សពស្ត្រីរងគ្រោះ មានឈ្មោះស្រ៊ាង សាង អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិ ជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ។ លោក អធិការបានបញ្ជាក់ថា ស្រ្តីរងគ្រោះ ជានារីមានចរិតមិនប្រក្រតីទេ ហើយនៅក្នុងភូមិឲ្យតែមានពីធីបុណ្យ ឬពិធីមង្គលការ គេតែងតែឃើញ នារីនោះទៅចូលរួម ហូបចុក រាំលេង ដោយមិនបាច់អញ្ជើញ ។

លោក អធិការបានឲ្យដឹងទៀតថា តាមការពិនិត្យសាកសព សមត្ថកិច្ច បានសន្និដ្ឋានថា សពស្ត្រីរងគ្រោះអាចឃាតក សម្លាប់ ក្នុងចន្លោះម៉ោង១០ទៅម៉ោង១១ យប់ថ្ងៃទី២០ ខែមីនា ។ លោក អធិការបន្តថា ក្នុងយប់កើតហេតុ នៅចម្ងាយពីកន្លែង សពស្ត្រី នោះ ប្រហែល៦០ម៉ែត្រ មានពិធីចាក់ធុងបាស់រាំកម្សាន្ត ហើយយប់នោះ គេបានឃើញស្ត្រីរងគ្រោះ នៅរាំលេង ទីនោះដែរ លុះរហូតដល់វេលាម៉ោង១០យប់ ទើបឈប់រាំដូច្នេះ ពេលបែកគ្នាត្រឡប់ទៅផ្ទះវិញនោះ អាចឃាត ក ធ្វើសកម្មភាព នៅចន្លោះម៉ោង១០ទៅម៉ោង១១យប់នោះតែម្តង ។ ចំណែកសពស្ត្រីរងគ្រោះ ឃើញមានស្លាកស្នាមគេកាប់ចំ ៣កន្លែង គឺត្រង់ ក កាប់ជិតដាច់ ជាប់តែស្បែកបន្តិចប៉ុណ្ណោះ មួយកន្លែងទៀត ត្រូវចង្កេះផ្នែកខាងស្តាំ និង១កន្លែងទៀត ត្រូវត្រកៀក ។

លោក អធិការបានឲ្យដឹង ករណីឃាតកម្មនោះ អាចជារឿងគំនុំ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ ជនដៃ ដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល