ការផ្លាស់ប្ដូរមួយក្នុងចំណោមការប្ដូរផ្លាស់ធំៗរបស់ iPhone 6 នោះគឺទីតាំងរបស់ប៊ូតុងបិទ/បើកម៉ាស៊ីន នេះបើធៀបនឹងបណ្ដា iPhone ជំនាន់មុនៗ។
ទន្ទឹមនឹងបណ្ដាព័ត៌មាន និងរូបភាពទាក់ទិននឹងរចនារូបរាង ក៏ដូចជាប្រអប់របស់ iPhone 6 នៅលើទំព័រសារព័ត៌មាននានា ក៏ទើបតែនាំគ្នាដកស្រង់ និងចុះផ្សាយទិន្នន័យលំអិតថ្មី របស់ស្មាតហ្វូនដែលជិតនឹងបង្ហាញខ្លួននេះ។ រូបភាពមួយ ដែលត្រូវបានគេជឿថា ជាកាតណែនាំរបស់ iPhone 6 ទើបត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។

រូបភាពដែលត្រូវគេជឿថា ជាកាតណែនាំ ក្នុងផ្នែកខាងលើ នៃប្រអប់របស់ iPhone 6
នៅលើកាតនេះ គេរកឃើញថា iPhone 6 នឹងមានប៊ូតុងបើក/បិទម៉ាស៊ីន នៅចំហៀងខាងស្ដាំ ខុសពីកំណែមុនៗ ដែលនៅលើក្បាលទូរស័ព្ទ។ អ្នកវិភាគថា នេះគឺជាការប្ដូរផ្លាស់មួយ ដើម្បីរក្សាភាពងាយស្រួល ក្នុងការប្រើប្រាស់ដោយសារតែទំហំរបស់ iPhone 6 ធំជាងកំណេមុន។
ក្រៅពីប៊ូតុងបើក/បិទម៉ាស៊ីន គេក៏ដឹងថា បណ្ដាគ្រាប់ចុចរឹងដទៃ ដូចជា ប៊ូតុងសម្លេង ប៊ូតុង Home ដែលមានមុខងារស្កេតក្រយៅដៃ នៅតែរក្សាទីតាំងដូចកំណេមុន គឺខុសពីបណ្ដាព័ត៌មានដែលត្រូវបានគេចុះផ្សាយកន្លងមក។ iPhone 6 ក៏ប្រើប្រាស់រន្ធតំណភ្ជាប់ Lighting ដូចទៅនឹង iPhone 5s ។

រូបភាពបែកធ្លាយមុននេះ បង្ហាញអំពីទំហំ ទម្ងន់ របស់ iPhone 6
ទាក់ទងនឹងអង្គចងចាំ កាលពីប៉ុន្មានថ្ងៃមុន ទីភ្នាក់ងារសារព័ត៌មានជាច្រើន ចុះផ្សាយថា iPhone 6 ក៏នឹងមានកំណែ ដែលប្រើប្រាស់អង្គចងចាំ 128GB ប៉ុន្ដែព័ត៌មាននេះ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការ ពី Apple នៅឡើយ។ យ៉ាងនេះក្ដី បណ្ដាព័ត៌មានមិនច្បាស់ការខាងលើ នឹងត្រូវបានស្រាយបំភ្លឺ នៅពេល iPhone 6 បង្ហាញវត្តមាន ក្នុងទីផ្សារ នាពីរសប្ដាហ៍ខាងមុខ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ macrumors