យុទ្ធនាការនេះ គឺពិតជាកម្មវិធីធំរបស់ T-Mobile ។ ក្រុមហ៊ុននេះឱ្យដឹងថា អតិថិជនដែលទិញ iPhone 6 ថ្មី នៅពេលនេះ នឹងអាចប្ដូរយក iPhone 6s ដោយមិនបង់ប្រាក់បន្ថែមមួយសេន នៅពេលស្មាតហ្វូននេះត្រូវបានដាក់លក់ក្នុងទីផ្សារ។
ប៉ុន្តែ មានលក្ខខណ្ឌមួយចំនួនដែលអតិថិជនត្រូវសន្យា នោះគឺ ចូលកម្មវិធី “Jump on Demand” របស់ T-Mobile ដែលមានលក្ខណៈដូចទៅនឹងកម្មវិធីទិញបង់រំលស់ប្រចាំខែ ១៥ដុល្លារ។
T-Mobile ក៏បានឱ្យដឹងថា អតិថិជនដែលបានទិញ iPhone 6 មុននេះ ក៏អាចចូលរួមកម្មវិធីនេះបាន។ ក្រុមហ៊ុន T-Mobile ពន្យល់ថា iPhone 6 ដែលអ្នកចង់យកទៅប្ដូរយក iPhone 6S នោះ គឺត្រូវនៅមានរូបរាងល្អ។
អតិថិជនដែលបានចូលរួមកម្មវិធីនេះ នឹងត្រូវបានផ្ដល់អទិភាពក្នុងការទទួលយក iPhone 6S ដំបូង ក្នុងអំឡុង ៤៨ម៉ោង ក្រោយពីស្មាតហ្វូនថ្មីនេះ ត្រូវបានដាក់លក់ក្នុងទីផ្សារ។ T-Mobile នឹងបញ្ជូនបុគ្គលិករបស់ខ្លួន ទៅដល់ផ្ទះអតិថិជន ដើម្បីទទួលយក iPhone 6 និងវាយតម្លៃនូវស្ថានភាព សម្រាប់ចូលរួមកម្មវិធី ក្រោយមក ពួកគេនឹងប្រគល់ជូនមកវិញនូវ iPhone 6s ថ្មីបំផុត។
តាមដំណឹងថ្មី បានឱ្យដឹងថា iPhone 6s នឹងត្រូវបានប្ដូរទៅប្រើប្រូសេសឺរថ្មី។ ទន្ទឹមនឹងនេះ ក៏នឹងមានមុខងារថ្មីៗគួរចាប់អារម្មណ៍ ដូចជាបង្កើនកម្រិតរីសូលូសឹន កែលំអគុណភាពកាមេរ៉ា សេនសឺរ Force Touch រួមនឹងឈីប LTE ថ្មីដែលមានល្បឿនលឿនជាងមុន។ ព័ត៌មានពីហាងលក់រាយ បានឱ្យដឹងថា ទូរសព្ទ iPhone 6s នឹងមានតម្លៃខ្ពស់ជាង ២០ដុល្លារ បើប្រៀបធៀបនឹង iPhone 6S៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ The Verge