ភ្នំពេញ ៖ សង្ស័យជាមុខសញ្ញាឆក់ ជិះម៉ូតូស្គុបពី ពេលឃើញសមត្ថកិច្ច កំពុងត្រួតពិនិត្យចរាចរ ខំបើកគេចទៅបុករថយន្តលុច្សស៊ីស ៤៧០ ខ្ទាត ជិត ៥ម៉ែត្រ រួចងើបឡើងខំប្រឹងបើកម៉ូតូទាំងខូចរត់គេច ត្រូវនគរបាលចរាចរ ដេញតាមចាប់បាន យកមកសាកសួរ ដើម្បីចាត់វិធានការតាមច្បាប់។

ហេតុការណ៍ឃាត់ខ្លួនស្ទាវ ដែលជាជនសង្ស័យ ក្នុងអំពើឆក់នេះ បានកើតឡើងកាលពីវេលា ម៉ោង០៣និង៤៥នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៣ នៅចំណុចភ្លើងស្ដុបផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចអោយដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សួង សុគន្ថា ភេទប្រុស អាយុ ២២ឆ្នាំ បានប្រាប់ថា ខ្លួនជានិសិត្យភាសាកូរ៉េ បច្ចុប្បន្នមានទីលំនៅភូមិព្រៃពពាល សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជិះម៉ូតូស្កុបពី ពណ៌សូកូឡាលាយស ពាកល្លាកលេខ ភ្នំពេញ ១អាកា ៩៤៣១ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មុនកើតហេតុជនសង្ស័យស្ទាវទំនើងនេះ បើកម៉ូតូតែម្នាក់ឯង ពីជើងមកត្បូង រួចឆ្លងស្ដុបក្នុងល្បឿនលឿន ហើយ ពេលឃើញនគរបាលចរាចរ ស្រាប់តែគេចទៅបុករថយន្ដលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ កំពុងបត់ស្ដាំ ចូលទៅបុរីពិភពថី្មពេញមួយទំហឹង បណ្ដាលឲ្យ ដួលច្រង៉ាប់ច្រងិល សំណាងល្អបុកចំកង់រថយន្ត បណ្ដាលរថយន្ដកំពិតថ្ពាល់ ខាងស្ដាំបន្ដិចបន្តួច។

សមត្ថកិច្ចបន្ដថា ពេលបុកនោះ ខ្ទាតម៉ូតូជិត ៥ម៉ែត្រ ហើយជនសង្ស័យ ប្រឹងលើកម៉ូតូជិះបើករត់ ត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ ទាំងត្រដាបត្រដួស។

ក្រោយកើតហេតុ ជនសង្ស័យរូបនេះ រួមទាំងម៉ូតូត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល