ចិន ៖ ប្រភេទអាហារ ដែលបានដាក់លក់ នៅតាមដងផ្លូវ វាមិនត្រឹមតែ ឈ្ងុយឆ្ងាញ់នោះទេ ថែមទាំងជាចំណូល ផ្នែកសេដ្ឋកិច្ចដ៏ ធំមួយផងដែរ នៅក្នុងប្រទេសចិន។ ប៉ុន្តែបញ្ហាដ៏ធំមួយ បានកើតមានឡើង នៅពេលដែល អ្នកលក់អាហារតាមផ្លូវ និងភោជនីយដ្ឋានមួយចំនួន បានយក កាកសំណល់ចេញពីលូ មកចម្រាញ់ចេញជាប្រេងឆា ដើម្បីធ្វើការចំអិនអាហារ ធ្វើឲ្យមានការប៉ះពាល់ ដល់សុខភាពប្រជាជន។
ទោះបីជាការចម្រាញ់ និងប្រើប្រាស់ប្រេងឆា ដែលចម្រាញ់ចេញ ពីកាកសំណល់ មានការខុសច្បាប់ និងត្រូវជាប់ពន្ធធនាគារ យ៉ាងណាក៏ដោយ ក៏អ្នកលក់អាហារ នៅតាមផ្លូវមួយចំនួន នៅតែបន្តប្រើប្រាស់វា ដោយលួចលាក់ ព្រោះវាមានតម្លៃថោក។
បើយោងតាមរបាយការណ៍ច្បាស់លាស់មួយបានឲ្យដឹងថា ក្នុងចំណោម ១០ នៃអ្នកលក់អាហារតាមផ្លូវ មាន ១ ដែលបានប្រើប្រាស់ប្រេងឆា ចម្រាញ់ចេញពីកាក់សំណល់ នៅក្នុងប្រទេសចិន បណ្តាលឲ្យប្រជាជន មានការភ័យខ្លាច នៅពេលទទួលទានអាហារ នៅខាងក្រៅផ្ទះម្តងៗ។
អាជ្ញាធរនៅក្នុងប្រទេសចិន បានឲ្យដឹងថា ការចម្រាញ់ប្រេងឆា ចេញពីកាក់សំណល់នេះ មានរយៈពេលជាង ១ឆ្នាំមកហើយ។ បច្ចុប្បន្នអាជ្ញាធរ កំពុងចាត់វិធានការ យ៉ាងតឹងរឹង ដើម្បីធ្វើការលុបបំបាត់ ទង្វើដ៏អាក្រក់មួយនេះ៕


ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល