អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន Lu Khang បានឱ្យដឹងថា ប្រទេសចិនផ្ដល់ជំនួយដល់កម្ពុជា ដោយមិនមានលក្ខខណ្ឌនយោបាយ។

ប្រធានាធិបតីចិន ស៊ីជីនពីង និងនាយករដ្ឋមន្ត្រីហ៊ុនសែន
ព័ត៌មានខាងលើ ត្រូវបានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ចុះផ្សាយកាលពីម្សិលមិញ។ សេចក្ដីប្រកាស នេះរបស់ចិន គឺដើម្បីបដិសេធទៅនឹងព័ត៌មានដែលចុះផ្សាយដោយ AP ដែលថា នាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា ចិននឹងផ្ដល់ជំនួយដល់កម្ពុជាប្រមាណជាជិត ៦០០លានដុល្លារអាមេរិក សម្រាប់ការបោះឆ្នោត ហេត្ថារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល។ ប្ដូរមកវិញ កម្ពុជា ត្រូវគាំទ្រចិន លើឆាកអន្តរជាតិ ក្នុងនោះមានករណីប្រទាញប្រទង់គ្នារឿងសមុទ្រចិនខាងត្បូង។
លោក Lu Khang ថ្លែងថា ប្រទេសចិនសម្ឃឹងថា ភាគីដែលពាក់ព័ន្ធ “នឹងមិនចាត់ទុកជំនួយរបស់ចិន សម្រាប់កម្ពុជា ថាជារឿងនយោបាយ និងបំប៉ោងហេតុការណ៍នេះ”។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិន បានផ្ដល់ជំនួយដល់កម្ពុជាជាច្រើន ក្នុងបំណងជួយប្រទេសនេះ ឱ្យមានការរីកចម្រើន និងកែលំអស្ថានភាពរស់នៅរបស់ប្រជាជន។ ជំនួយភាគច្រើន ជាប់ទាក់ទឹននឹងវិស័យសុខាភិបាល កសិកម្ម ការពារប្រភពទឹក វប្បធម៌ និងអប់រំ។
ប្រែសម្រួល ៖ តារា