ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ធ្វើការឃាត់ខ្លូនបុរសជាថៅកែ ចិញ្ចឹមគោម្នាក់ ក្នុងករណីប្រើអំពើ ហិង្សាលើកុមារមិនទាន់គ្រប់អាយុ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសមាជិកក្រុម គ្រួសារជនរងគ្រោះ។
ការឃាត់ខ្លួនថៅកែចិញ្ចឹមសត្វគោខាងលើនេះ កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៣នៅចំណុចក្នុងកសិដ្ឋានចិញ្ចឹមគោក្នុងភូមិរវៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ថៅកែចិញ្ចឹមគោ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លូនខាងលើនេះ ឈ្មោះ ជិន បូរ៉ាជាតិ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិកំរៀង សង្កាត់ព្រៃវេង ខណ្ឌដង្កោ ។ ដោយឡែកកុមាររងគ្រោះទាំងពីរនាក់បងប្អូនទី១ឈ្មោះ សុខ ចន្នី ភេទ ស្រី អាយុ១៥ឆ្នាំ និងទី២ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ១០ឆ្នាំ ជាកុមារកំព្រា មានបងស្រីពីរនាក់រស់នៅ ភូមិសំរោងធំ សង្កាត់សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដែលបានធ្វើការសួរនាំកុមារទាំងពីរនាក់បងប្អូន ត្រូវ បានគេចាប់យកទៅធ្វើការនោះ បាននិយាយថា រូបគេទាំងពីរនាក់បងប្អូនបានមក បំរើការងារនៅផ្ទះលោក ជិន បូរ៉ាជាតិ តាំងពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១ មកម្ល៉េះ រហូតមកដល់ពេលនេះ មិនដែលទទួលបានប្រាក់ខែ នោះទេ ដោយឈ្មោះជិន បូរ៉ាជាតិ ប្រើពួកគេឲ្យមើលថែរក្សាសត្វគោ ២៣ក្បាល និងសត្វឆ្កែជាច្រើនក្បាល ព្រមទាំងមើល ថែសត្វក្ងានផងដែរ។
លើសពីនេះទៀត ពួកគេទាំងពីរនាក់ ត្រូវក្រោកពីព្រលឹងជារៀងរាល់ថ្ងៃ ដើម្បីធ្វើការបោសអាចម៍គោ និងសំអាត កន្លែងចិញ្ចឹម គោ និងឲ្យចំណីសត្វឆ្កែ ព្រមទាំងមើលថែ សត្វក្ងាន រហូតដល់ម៉ោង ១០យប់ ទើបបានចូលដេក ។ ចំណែកការហូបចុកមួយថ្ងៃបានតែម្តង គឺនៅពេលព្រឹក ហើយមិនដែលហូបឆ្ងាញ់នោះទេ។
កុមារពីនាក់បងប្អូនបានបន្តទៀតថា នៅថ្ងៃខ្លះ ពេលដែលពួកគេធ្វើការមិនបានល្អ ថៅកែរូបនោះតែងតែវាយធ្វើ បាបពួកគេ ដោយយកខ្សែគោវាយជាំពេញខ្លួន នឹងយកអាចម៍គោញាត់មាត់ពួកគេថែមទៀត។
បច្ចុប្បន្ន ថៅកែ គោ ឈ្មោះ ជិន បូរ៉ាជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទីកាន់ទីស្នាក់ប៉ុស្តិ៍ ដើម្បីចាត់ការតាម នីតិវិធី៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល